រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា នឹងថ្លែងសារពីការប្តេជ្ញាចិត្តរបស់កម្ពុជា ពីការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ៥៥% ត្រឹមឆ្នាំ២០៣៥ ក្នុងកិច្ចប្រជុំនៅទីម័រឡេស្តេ
01-09-2026 22:25
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ នៅរដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងអំឡុងពេលបំពេញបេសកកម្មនេះ លោកបណ្ឌិត អ៊ាង សុផល្លែត នឹងថ្លែងសន្ទរកថាគន្លឹះ ដោយលើកឡើងអំពីអាទិភាពរបស់ក្រុមប្រទេស LDC ដែលជំរុញឱ្យមានការគាំទ្រកាន់តែខ្លាំងក្លា និងងាយស្រួលជាងមុន លើហិរញ្ញវត្ថុអាកាសធាតុ និងការគាំទ្រជាក់ស្តែងសម្រាប់ប្រទេសដែលងាយរងគ្រោះ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏នឹងបង្ហាញពីអាទិភាពជាយុទ្ធសាស្ត្រសម្រាប់កិច្ចប្រជុំ COP31 ផងដែរ។
លោករដ្ឋមន្ត្រីគ្រោងនឹងថ្លែងទៅកាន់សហគមន៍អន្តរជាតិជាថ្មីថា កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ តាមរយៈផែនការសកម្មភាព NDC 3.0 ដែលកំណត់គោលដៅកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥ភាគរយ ត្រឹមឆ្នាំ២០៣៥ និងការឆ្ពោះទៅរកគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។ កម្ពុជានៅតែបន្តជំរុញឱ្យមានការរក្សាសីតុណ្ហភាពផែនដីត្រឹម ១.៥ អង្សាសេ ដែលជាកត្តាចាំបាច់បំផុតក្នុងការការពារជីវិតរស់នៅ ការថែរក្សាប្រព័ន្ធអេកូឡូស៊ី និងការសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី LDC នេះធ្វើឡើងបន្ទាប់ពីប្រទេសទីម័រឡេស្តេបានទទួលតំណែងជាប្រធានដឹកនាំក្រុមប្រទេស LDC លើការប្រែប្រួលអាកាសធាតុសម្រាប់អាណត្តិឆ្នាំ២០២៦-២០២៧។ ថ្នាក់ដឹកនាំប្រទេស LDC ទាំង ៤៤ នឹងពិនិត្យ និងពិភាក្សាលើបញ្ហានៃការប្រែប្រួលអាកាសធាតុ ជំរុញឱ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការបន្ស៊ាំ និងការខូចខាតបាត់បង់ ព្រមទាំងការរក្សាកម្រិតកំដៅផែនដីមិនឱ្យលើសពី ១.៥ អង្សាសេ។
លទ្ធផលនៃកិច្ចប្រជុំនេះ នឹងត្រូវបញ្ជូនទៅកាន់កិច្ចប្រជុំកំពូលលើកទី៣១ នៃសន្និសីទភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP31) នៅទីក្រុងអង់តាលយ៉ា ប្រទេសទួរគីយ៉េ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ៕
