FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហេង សួរ បង្ហាញអំពីកិច្ចប្រជុំលើកទី១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧ ដោយឯកភាពប្រើប្រាស់ស្ថិតិនៃលក្ខណវិនិច្ឆ័យទាំង៧ និងកាលបរិច្ឆេទកិច្ចប្រជុំបន្តបន្ទាប់

01-09-2026 21:51

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។

លោក ហេង សួរ បានឱ្យដឹងថា កិច្ចប្រជុំដំបូងនេះ ផ្តោតលើការពិនិត្យការប្រែប្រួលនៃលក្ខណៈវិនិច្ឆ័យទាំង៧ ដែលត្រូវប្រើជាមូលដ្ឋាន ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា។ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យទាំងនេះ មានកត្តាខ្លះនៅថេរ ខ្លះថយចុះ និងខ្លះកើនឡើង ដូច្នេះភាគីនីមួយៗត្រូវយកទៅសិក្សា និងពិភាក្សាផ្ទៃក្នុងបន្ថែម។

លោកបានសង្កត់ធ្ងន់ថា កត្តាដែលត្រូវយកចិត្តទុកដាក់រួមមាន ភាពប្រកួតប្រជែង និងផលិតភាព ដើម្បីធានាថា ការកំណត់ប្រាក់ឈ្នួលថ្មី មិនបង្កផលប៉ះពាល់អវិជ្ជមានដល់វិស័យ ឬភាគីណាមួយឡើយ ប៉ុន្តែអាចជួយឱ្យវិស័យបន្តរីកចម្រើន និងភាគីពាក់ព័ន្ធទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់។
លោកបន្ដថា ភាគីទាំងអស់បានឯកភាពយកទិន្នន័យដែលអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានចងក្រង ធ្វើជាមូលដ្ឋានសម្រាប់ការសិក្សា។

លោកបានស្នើឱ្យភាគីពាក់ព័ន្ធប្រើប្រាស់ទិន្នន័យដែលមានប្រភពច្បាស់លាស់ពីស្ថាប័នជំនាញ និងជៀសវាងការប្រើប្រាស់ទិន្នន័យពីប្រភព ដែលមិនមានភាពជឿទុកចិត្ត។ ការឯកភាពគ្នាលើប្រភពទិន្នន័យ និងរូបមន្ត នឹងជួយឱ្យភាគីទាំងអស់អាចខិតទៅរកភាពជិតគ្នា និងឈានទៅរកការសម្រេចចុងក្រោយបាន។

បន្ថែមពីនេះ លោករដ្ឋមន្រ្ដី បានបន្ដថា បច្ចុប្បន្ន ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យកាត់ដេរ មានចំនួន ២១០ដុល្លារក្នុងមួយខែ បូកនឹងប្រាក់ឧបត្ថម្ភជាប់កាតព្វកិច្ច ១៩.៥ដុល្លារ ធ្វើឱ្យប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភជាមូលដ្ឋានសរុបមានចំនួន ២២៩.៥ដុល្លារក្នុងមួយខែ។ ចំនួននេះមិនទាន់រាប់បញ្ចូលប្រាក់អតីតភាពការងារ ប្រាក់ថែមម៉ោង និងប្រាក់បាយថ្ងៃត្រង់នោះទេ។ លោក ហេង សួរ បានបញ្ជាក់ថា មិនទាន់អាចកំណត់បានថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងកើនឡើងដល់កម្រិតណានោះទេ ព្រោះភាគីទាំងអស់ត្រូវពិភាក្សា និងវិភាគទិន្នន័យជាមុន។ ការដាក់ចេញតួលេខនៅពេលនេះ លោកចាត់ទុកថា អាចលឿនពេក។

លោកបានលើកឡើងថា ក្រៅពីអត្រាអតិផរណា ភាគីទាំងអស់ក៏ត្រូវពិចារណាអំពីភាពប្រកួតប្រជែងរបស់កម្ពុជា ផលិតភាព និងតម្រូវការសរុបនៃទីផ្សារពិភពលោក។ ប្រសិនបើអ្នកប្រើប្រាស់នៅទីផ្សារអន្តរជាតិកាត់បន្ថយការចំណាយ នោះតម្រូវការទិញទំនិញក៏អាចថយចុះ ដែលអាចប៉ះពាល់ដល់ការបញ្ជាទិញ និងផលិតកម្មនៅកម្ពុជា។ រាជរដ្ឋាភិបាលមានតួនាទីជាអ្នកសម្របសម្រួលក្នុងយន្តការត្រីភាគី ដើម្បីបង្កើតបរិយាកាសឱ្យភាគីនិយោជក និងកម្មករនិយោជិតអាចពិភាក្សា និងចរចាគ្នាបានរលូន ព្រមទាំងស្វែងរកចំណុចរួមសម្រាប់ការសម្រេចចុងក្រោយ។

ឆ្លៀតក្នុងឱកាសនេះ លោក ហេង សួរ បានបញ្ជាក់ជាថ្មីថា កិច្ចប្រជុំលើកដំបូងនេះ មិនទាន់មានការបញ្ជាក់ពីគោលជំហរ ឬតួលេខប្រាក់ឈ្នួលរបស់ភាគីណាមួយឡើយ ដោយភាគីនីមួយៗនឹងយកទិន្នន័យទៅពិភាក្សាផ្ទៃក្នុង មុនឈានទៅការចរចាលើគោលជំហរជាក់លាក់៕