FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ករណីយុវតីម្នាក់​ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ខ្លួនឯងបណ្តាលឱ្យស្លាប់ ហើយសាច់ញាតិរកម៉ូតូមិនឃើញ ពេលនេះសមត្ថកិច្ចរកឃើញហើយ ដោយបុរសម្នាក់ជាអ្នកជួយសង្គ្រោះយកទៅផ្ញើនៅមន្ទីរពេទ្យអង្គឌួង

01-09-2026 21:43

(ភ្នំពេញ)៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលលើបណ្ដាញសង្គមជុំវិញករណីយុវតីម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ ហើយម៉ូតូត្រូវបាត់ពីកន្លែងកើតហេតុ ពេលនេះសមត្ថកិច្ចបានរកឃើញម៉ូតូវិញហើយ។

ករណីនេះមិនមែនជាករណីប្លន់​នោះទេ ពោលគឺយុវតីរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង គឺបេីកម៉ូតូបុកខឿនរួចដួល។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងនគរបាលនាញបើកការស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ។

បន្ទាប់ពីការស្រាវជ្រាវ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ថា ករណីនេះ ជាករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង​ គឺយុវតីរងគ្រោះបានបើកម៉ូតូឡើងលើខឿនផ្លូវ​បណ្តាលឱ្យដួលបោកនឹងខឿនផ្លូ​វ។

បន្ទាប់មកមានប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវប្រទះឃើញ ហេីយបុរសម្នាក់ចេះយកអាសាបានយកយុវតីរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ​ ហេីយម៉ូតូត្រូវបុរសរូបនេះ យកទៅផ្ញើនៅមន្ទីរពេទ្យអង្គឌួង ដើម្បីទុកប្រគល់ជូនក្រុមគ្រួសារយុវតីរងគ្រោះវិញ ព្រមទាំងដាក់កាតគ្រីម៉ូតូរបស់ខ្លួន និងអត្តសញ្ញាណបណ្ណសុំឲ្យគ្រូពេទ្យជួយសង្គ្រោះនាង តែដោយសាររបួសធ្ងន់ក៏បណ្តាលឲ្យស្លាប់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ចំពោះករណីនេះមិនមែនជាករណីប្លន់ ឬក៏មិនមែនជាករណីផ្សេងដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ​ ពោលគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ខ្លួនឯងបណ្តាលឱ្យស្លាប់ ហើយម៉ូតូក៏បានរកឃើញវិញដែលដោយផ្ញើទុកនៅមន្ទីរពេទ្យព្រះអង្គឌួង។

ជាការលើកទឹកចិត្តដល់បុរសម្នាក់ឈ្មោះ កែវ រតនា ដែលចេះជួយយកអាសាគ្នាពេល​ជួបគ្រោះថ្នាក់លើដងផ្លូវ ទាំងដែលមនុស្សមិនដែលស្គាល់គ្នានោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឧបត្ថម្ភថវិកា ១លានរៀល ជាការលើកទឹកចិត្ត។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការ បានចូលរួមសោកស្តាយ ព្រមទាំងរំលែកនូវមរណទុក្ខចំពោះយុវតីរងគ្រោះ និងសាច់ញាតិ ដែលបាត់បង់កូនស្រីជាទីស្រឡាញ់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។

គួរឱ្យដឹងថា យុវតីរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវនរោត្តម ផ្លូវ១៤៨ ជាប់កែង សាលាបឋមសិក្សាព្រះនរោត្តម កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦៕