FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញអេឡិចត្រូនិក និងថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា

01-09-2026 21:38

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញជាទម្រង់អេឡិចត្រូនិក (e-Certificate of Origin) តាមរយៈគេហទំព័រ co.moc.gov.kh។ ការអនុវត្តនេះគឺដើម្បីបន្តចូលរួមលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ពិសេសការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក ដែលធានាបាននូវតម្លាភាព ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងអនុលោមតាមលក្ខខណ្ឌតម្រូវនៃវិធានដើមកំណើតទំនិញក្រោម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា វិញ្ញាបនបត្រនេះតាមរយៈគេហទំព័រ co.moc.gov.kh ដែលត្រូវអនុវត្តរួមជាមួយប្រកាសចំនួន៥ ដូចមានចែងនៅក្នុងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញ ដូចខាងក្រោម៖

*ប្រកាសស្តីពីនីតិវិធីក្នុងការស្នើសុំ និងផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ
*ប្រកាសស្តីពីទម្រង់ និងព័ត៌មានអប្បបរមា នៃវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម នៃទំនិញនាំចេញ
*ប្រកាសស្តីពីនីតិវិធីក្នុងការកំណត់យថាភូតភាព នៃវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អេឡិចត្រូនិក
*ប្រកាសស្តីពីនីតិវិធីនៃការស៊ើបអង្កេតដើមកំណើតទំនិញនាំចេញ
*ប្រកាស ស្តីពីបែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាលចំពោះបទល្មើសពាក់ព័ន្ធនឹងដើមកំណើតទំនិញ។

ជាមួយគ្នានេះ ក្រសួងក៏បានដាក់ឱ្យប្រើប្រាស់ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTA Portal) កាលពីខែធ្នូ ឆ្នាំ២០២៥ ដែលមានមុខងារប្រៀបធៀបអត្រាពន្ធគយ វិធានដើមកំណើតទំនិញ និងឯកសារតម្រូវផ្សេងទៀតសម្រាប់គាំទ្រដល់ផលិតករ និងអ្នកនាំចេញក្នុងការជ្រើសរើសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយដែលផ្តល់អត្ថប្រយោជន៍បំផុតសម្រាប់នាំចេញទំនិញទៅទីផ្សារគោលដៅតាមរយៈគេហទំព័រ ftaportal.moc.gov.kh និងបានបកប្រែច្បាប់ស្តីពីវិធានដើមកំណើតទំនិញជាភាសាអង់គ្លេស ចិន ជប៉ុន និងកូរ៉េ និងប្រកាសទាំង៥ ខាងលើជាភាសាអង់គ្លេស ជូនដល់ផលិតករ និងអ្នកនាំចេញជាតិនិងអន្តរជាតិដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ឱ្យកាន់តែជ្រួតជ្រាបបន្ថែមនូវច្បាប់ បែបបទ និងនីតិវិធី ដែលមានជាធរមានដូចមានជូនភ្ជាប់ក្នុង យ្យ.អ.កូដ (QR Code)៕