ជំនួបជាមួយឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន, ឯកអគ្ដរដ្ឋទូតកូរ៉េ បញ្ជាក់ថា រដ្ឋាភិបាលកូរ៉េ នឹងបន្តផ្តល់ហិរញ្ញប្បទាន ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស
01-09-2026 21:20
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោក KIM Chang Yong ឯកអគ្ដរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ស្តីពីការបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ។ ជំនួបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក KIM Chang Yong និងសហការី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance – ODA) រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (Economic Development Cooperation Fund - EDCF)។
ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ខណៈដែលប្រទេសទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ បានដំឡើងកម្រិតនៃទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្រ្ត» កាលពីឆ្នាំ ២០២៤។ ជាមួយគ្នានេះ, ហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ទាំងឥណទាន សម្បទាន និងហិរញ្ញប្បទានឥតសំណង បានឆ្លើយតបទាន់ពេលវេលា និងចំតម្រូវការជាអាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា ហើយបានរួមចំណែកយ៉ាងធំធេង ដល់ការកសាងមូលដ្ឋានគ្រឹះដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៏សំខាន់លំដាប់ទី៣ និងជាដៃគូអភិវឌ្ឍន៍សំខាន់លំដាប់ទី៥ ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ ពីដៃគូអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា។ ជាក់ស្តែង, មានសមិទ្ធិផលរូបវន្តជាច្រើនដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌហិរញ្ញប្បទាន ឥតសំណង និងឥណទានសម្បទាន ដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញអគ្គិសនី មន្ទីរពេទ្យ និងសាលារៀន ជាដើម ដែលគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា រួមទាំងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដែលមានសម្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោក KIM Chang Yong បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បើទោះបីជាស្ថិតក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច បញ្ហាភូមិសាស្រ្តនយោបាយ និងផលវិបាកនៃសង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន និងវិបត្តិថាមពល ក៏ដោយ។ រដ្ឋាភិបាលកូរ៉េ នឹងបន្តផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស ស្របតាមតម្រូវការ, វិស័យអាទិភាព, និងគោលនយោបាយអភិវឌ្ឍន៍។ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរក៏បាន និងកំពុង មានការរីកចំរើនគួរឱ្យកត់សម្គាល់។
ក្នុងឱកាសនេះដែរ, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា កម្ពុជា នឹងបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាយក ចិត្តទុកដាក់លើការកែលម្អបរិស្ថានវិនិយោគ, ការពារ និងជំរុញទំនុកចិត្តវិនិយោគិន ក៏ដូចជាជំរុញការអភិវឌ្ឍ សហគ្រាសមីក្រូ តូច និងមធ្យមនៅកម្ពុជា ជាដើម។
ជាទីបញ្ចប់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀត ជូនចំពោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស លើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងបានជូនពរ លោក KIM Chang Yong និងសហការី សូមបំពេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ៕
