វិហារឥស្លាមថ្មីតម្លៃជាង ៨០ម៉ឺនដុល្លារ នឹងលេចចេញជារូបរាងនៅខេត្តកណ្ដាល ក្រោមជំនួយឧបត្ថម្ភពីសប្បុរសជន
01-09-2026 20:09
(កណ្ដាល)៖ លោក ចៅ តុល ប្រធានគណៈកម្មការសាងសង់វិហារឥស្លាម ឈ្មោះ អាល់ណាអ៉ីមមីយ៉ះ បានបើកកិច្ចប្រជុំនៅថ្ងៃទី១ ខែ កញ្ញា ឆ្នាំ២០២៦នេះ ដើម្បីពិភាក្សាលើគម្រោងកសាងវិហារដែលជាការឧបត្ថម្ភរបស់កូនខ្មែរឥស្លាមអនិកជនម៉ាឡេស៊ីមួយរូប ដែលមានតម្លៃប្រមាណជាង៨០ម៉ឺនដុល្លាអាមេរិក។ វិហារថ្មីនេះនឹងសាងសង់ឡើង ក្រោយរុះរើវិហារចាស់ដែលមានសភាពចាស់ទ្រុឌទ្រោម ស្ថិតនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
លោក ចៅ តុល បានផ្ដាំផ្ញើឱ្យគណៈកម្មការ ត្រូវរុះរើវិហារចាស់នោះឱ្យបានលឿនរហ័ស និងប្រកបដោយសុវត្ថិភាព ហើយរៀបចំកសាងសង់វិហារឡើងប្រកបដោយការគិតគូរម៉ត់ចត់ ប្រកបដោយស្តង់ដា។
លោក ចៅ តុល ក៏បានលើកឡើងពីគុណូបការៈដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដែលបានយកចិត្តទុកដាក់ខ្ពស់មកដល់សហគមន៍ឥស្លាមកម្ពុជា ដោយបានផ្ដល់សិទ្ធិពេញលេញដល់សាសនិកឥស្លាមប្រណិបត្តិតាមសាសនាបានយ៉ាងពេញលក្ខណៈ គ្មានការលំបាកអ្វីឡើយ។ លើសនេះក៏បានបើកចំហរដល់គ្រប់ជំនួយពីបរទេសក្នុងគោលបំណងអភិវឌ្ឍន៍ ចង់កសាងសហគមន៍ឥស្លាមកម្ពុជាឱ្យរីកចម្រើនផងដែរ ដែលនេះជាទឹកចិត្តដ៏មហាធំធេង និងខ្ពង់ខ្ពស់បំផុតរបស់ក្រុមគ្រួសារសម្ដេចនៃយើង។
លោក ឡា ស្លេះ ជាសមាជិកគណៈកម្មការមួយរូប បានលើកឡើងពីគុណបំណាច់របស់ថ្នាក់ដឹកប្រទេស ទើបយើងមានសិទ្ធិពេញលេញបែបនេះ។ ចំពោះការកសាងវិហារនេះ ក្នុងនាមសមាជិក គណៈកម្មការ នឹងគោរពតាមការផ្ដាំផ្ញើលោក ចៅ តុល ហើយម៉ឺងម៉ាត់ចំពោះការកសាងវិហារឡើង ប្រកបដោយសោភ័ណភាពស្រស់ស្អាត រឹងមាំ គុណភាពស្របតាមស្តង់ដាផងដែរ។
សូមជម្រាបថា វិហារឥស្លាមនេះមានសភាពចាស់ទ្រុឌទ្រោម ហើយថ្នាក់ដឹកនាំ ហាកឹម និងអ្នកភូមិបារ៉ែនក្រោម មូលមតិគ្នាកសាងម៉ាស្ជិតថ្មីមួយក្នុងសម័យសន្តិភាពនេះ ខណៈដែលកូនខ្មែរឥស្លាមអនិកជនម៉ាឡេស៊ីមួយរូបសុំមិនបញ្ចេញឈ្មោះសម្រេចចិត្តឧបត្ថម្ភថវិការផ្ទាល់ខ្លួនជាង ៨០ម៉ឺនដុល្លាអាមេរិក ដោយផ្ដល់ទំនុកខ្ពស់ចំពោះលោក ចៅ តុល ធ្វើជាប្រធានគណៈកម្មការ និងទុកចិត្តគណៈកម្មការទាំងអស់ក្នុងការកសាងវិហារនេះឡើងប្រកបដោយគុណភាព និងសមិទ្ធផលពិតៗដែលនឹងលេចចេញជារូបរាងឡើងនាពេលឆាប់ៗខាងមុខនេះ៕























