Fresh Exclusive: បទឈប់បាញ់ថ្ងៃទី២៧ធ្នូ៖ កងទ័ពឈរនៅទីណា មិនមានន័យថាអធិបតេយ្យភាពជារបស់អ្នកនោះទេ (Video inside)
01-09-2026 17:07
(ភ្នំពេញ)៖ បទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ ត្រូវបានមជ្ឈដ្ឋានមួយចំនួនយកទៅបកស្រាយខុសៗគ្នា ជាពិសេសជុំវិញការរក្សាទីតាំងឈរជើងរបស់កងទ័ពនៅពេលបទឈប់បាញ់ចូលជាធរមាន។ តើការរក្សាទីតាំងកងទ័ព មានន័យថា ជាការទទួលស្គាល់អធិបតេយ្យភាពលើដែនដីនោះដែរឬទេ? ហើយតើសេចក្តីថ្លែងការណ៍ថ្ងៃទី២៧ ខែធ្នូ ពិតជាបានចែងយ៉ាងដូចម្តេច?
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
បន្ទាប់ពីជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា–ថៃ ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយឯកភាពឱ្យមានបទឈប់បាញ់ភ្លាមៗ និងរក្សាកងកម្លាំងនៅទីតាំងដែលខ្លួនកំពុងឈរជើង។
ប៉ុន្តែចំណុចនេះបង្កើតសំណួរផ្លូវច្បាប់ដ៏សំខាន់មួយ៖ បើកងទ័ពរបស់ភាគីណាមួយកំពុងឈរជើង ឬគ្រប់គ្រងទីតាំងមួយនៅពេលបទឈប់បាញ់ តើការយល់ព្រមឱ្យកងទ័ពនោះនៅទីតាំងដដែល អាចក្លាយជាការទទួលស្គាល់ថា ដីនោះជាដែនអធិបតេយ្យរបស់ភាគីដែលកំពុងគ្រប់គ្រងដែរឬទេ? ចម្លើយតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ គឺ៖ មិនមែនទេ។
សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ធ្នូ គ្រាន់តែបង្កើត ស្ថានភាពយោធាបណ្តោះអាសន្ន ដើម្បីបញ្ឈប់ការប្រយុទ្ធ ប៉ុន្តែមិនបានផ្ទេរ ឬទទួលស្គាល់ សិទ្ធិអធិបតេយ្យភាពលើដែនដី របស់ភាគីណាមួយ ដោយសារតែទីតាំងឈរជើងរបស់កងទ័ពនោះនៅទីនោះឡើយ។
ស្នូលផ្លូវច្បាប់ដ៏សំខាន់បំផុតស្ថិតនៅក្នុងចំណុចទី៣ ដែលចែងថា រាល់ការរៀបចំក្រោមសេចក្តីថ្លែងការណ៍រួមនេះ គឺ ការរៀបចំទាំងនោះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមា និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ។ នេះគឺជាឃ្លាដែលបំបែកយ៉ាងច្បាស់រវាង ទីតាំងយោធា និង សិទ្ធិអធិបតេយ្យភាពលើដែនដី។
បទឈប់បាញ់បញ្ឈប់សង្គ្រាម មិនមែនកំណត់ព្រំដែន
ចំណុចទី១ នៃសេចក្តីថ្លែងការណ៍រួម បញ្ជាឱ្យបញ្ឈប់ការប្រើប្រាស់អាវុធគ្រប់ប្រភេទ ហាមការរុលទៅមុខ និងហាមការចល័តកងទ័ពទៅរកទីតាំងរបស់ភាគីម្ខាងទៀត។
ចំណុចទី២ បន្តថា ភាគីទាំងពីរត្រូវ រក្សាការឈរជើងរបស់កងកម្លាំងនៅទីតាំងបច្ចុប្បន្ន ដោយមិនចល័តបន្ថែម។
បើអានតែចំណុចទី២ដាច់ដោយឡែក គេអាចដាក់សំណួរថា៖ បើទាហានរបស់ភាគីមួយស្ថិតនៅទីនោះ ហើយភាគីម្ខាងទៀតព្រមឱ្យនៅទីនោះ តើនេះមិនមែនជាការទទួលស្គាល់ទេឬ?
ប៉ុន្តែឯកសារផ្លូវច្បាប់ មិនគួរត្រូវបានបកស្រាយដោយដកឃ្លាមួយចេញពីបរិបទទាំងមូលឡើយ។ ដូច្នេះនៅពេលយកចំណុចទី២ ទៅអានជាមួយចំណុចទី៣ ន័យកាន់តែច្បាស់៖ ភាគីទាំងពីរ ព្រមបង្កកចលនាកងទ័ព ប៉ុន្តែមិនបានបង្កក ឬកំណត់ព្រំដែនផ្លូវច្បាប់ទេ។
ក្នុងន័យនេះ៖ «អ្នកនៅកន្លែងណា នៅទីនោះសិន កុំរុលទៅមុខ និងកុំបាញ់គ្នា។ ប៉ុន្តែការដែលអ្នកនៅទីនោះ មិនមានន័យថា ដីនោះត្រូវបានទទួលស្គាល់ថាជារបស់អ្នកទេ»។
នេះជាភាពខុសគ្នារវាង ស្ថានភាពយោធានៅលើដី និង សិទ្ធិអធិបតេយ្យភាពផ្លូវច្បាប់។
ដូច្នេះ ប្រសិនបើនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពរបស់ភាគីណាមួយកំពុងឈរជើងនៅទីតាំងដែលភាគីម្ខាងទៀតអះអាងសិទ្ធិ ឬនៅតំបន់ដែលមិនទាន់ខណ្ឌសីមាច្បាស់លាស់ ការយល់ព្រមឱ្យ «រក្សាទីតាំងបច្ចុប្បន្ន» ដើម្បីរក្សាបទឈប់បាញ់ មិនប្រែក្លាយការឈរជើងនោះទៅជាការទទួលស្គាល់អធិបតេយ្យភាពឡើយ។ គោលការណ៍នេះអនុវត្តស្មើគ្នាចំពោះភាគីទាំងពីរ។
សេចក្តីថ្លែងការណ៍រួមនោះ ក៏បានប្រគល់តួនាទីទៅ គណៈកម្មការចម្រុះព្រំដែន (JBC) ដើម្បីបន្តការងារវាស់វែង និងខណ្ឌសីមា ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ការបន្តមានតួនាទីរបស់ JBC ក៏បញ្ជាក់ថា ទីតាំងឈរជើងរបស់កងទ័ពនៅថ្ងៃបទឈប់បាញ់ មិនមែនជាខ្សែព្រំដែនផ្លូវច្បាប់នោះទេ។
*ចំណុចទី៦នៃកិច្ចព្រមព្រៀងឈប់បាញ់ ក៏មិនមែនជាការទទួលស្គាល់អធិបតេយ្យភាពដែរ
ចំណុចទី៦ បានហាមភាគីទាំងពីរមិនឱ្យធ្វើសកម្មភាពបង្កហេតុ រួមទាំងសកម្មភាពយោធាចូលក្នុងដែនអាកាស បូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត ហើយក៏ហាមការសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាហួសពីទីតាំងរបស់ខ្លួន។
ប៉ុន្តែពាក្យ «ទីតាំងរបស់ខ្លួន» នៅទីនេះ មិនអាចបកស្រាយដោយស្វ័យប្រវត្តិថា ជា «ទឹកដីអធិបតេយ្យរបស់ខ្លួន» បានឡើយ។ ពីព្រោះបើបកស្រាយបែបនោះ វានឹងប៉ះទង្គិចជាមួយចំណុចទី៣ ដែលចែងយ៉ាងច្បាស់ថា រាល់ការរៀបចំក្រោមសេចក្តីថ្លែងការណ៍រួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមា និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ។
ដូច្នេះ ក្នុងបរិបទនៃបទឈប់បាញ់ ពាក្យ «ទីតាំងរបស់ខ្លួន» គួរយល់ថា ជា ទីតាំងឈរជើងដែលកងកម្លាំងរបស់ភាគីនីមួយៗត្រូវរក្សា ដើម្បីកុំឱ្យមានការរុលទៅមុខ និងបង្កការប៉ះទង្គិចជាថ្មី។ វាមិនមែនជាការកំណត់ថា ទីតាំងនោះជាដែនអធិបតេយ្យរបស់ភាគីដែលកំពុងឈរជើងឡើយ។
ក្នុងបរិបទនេះ៖ កិច្ចព្រមព្រៀងទទួលស្គាល់ «ទីតាំងឈរជើង» សម្រាប់គោលបំណងនៃបទឈប់បាញ់ ប៉ុន្តែមិនបានទទួលស្គាល់ «សិទ្ធិអធិបតេយ្យភាពលើដែនដី» ដោយសារតែការឈរជើងនោះទេ។
*តើវត្តមានយោធា និងអធិបតេយ្យភាព ជារឿងដូចគ្នាដែរឬទេ?
ចំណុចនេះ ជាចំណុចមួយដែលមនុស្សខ្លះ បានបកស្រាយធ្វើឱ្យមានការភ័ន្តច្រឡំ។ ច្បាប់អន្តរជាតិបែងចែកច្បាស់ណាស់រវាង ការគ្រប់គ្រងជាក់ស្តែង និង សិទ្ធិអធិបតេយ្យភាពផ្លូវច្បាប់។
ក្នុងសំណុំរឿងព្រំដែន Burkina Faso v. Mali ឆ្នាំ១៩៨៦ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានពន្យល់អំពីទំនាក់ទំនងរវាង សិទ្ធិផ្លូវច្បាប់លើដី (legal title) និង ការអនុវត្តអំណាចជាក់ស្តែង នៅលើដី (effectivités)។
បើការអនុវត្តអំណាចជាក់ស្តែងស្របគ្នាជាមួយ សិទ្ធិផ្លូវច្បាប់លើដី legal title វាអាចជួយបញ្ជាក់ និងគាំទ្រសិទ្ធិផ្លូវច្បាប់នោះបាន។ ប៉ុន្តែបើការគ្រប់គ្រង ឬការអនុវត្តអំណាចជាក់ស្តែងរបស់រដ្ឋមួយ ផ្ទុយពី សិទ្ធិផ្លូវច្បាប់លើដី legal title ដែលជារបស់រដ្ឋមួយទៀត នោះតាមគោលការណ៍ដែល តុលាការ ICJ បានដាក់ចេញ អាទិភាពត្រូវផ្តល់ទៅឱ្យ សិទ្ធិផ្លូវច្បាប់លើដី legal title។
មានន័យថា ការគ្រប់គ្រងជាក់ស្តែងលើដី មិនអាចយកឈ្នះសិទ្ធិផ្លូវច្បាប់លើដីនោះដោយស្វ័យប្រវត្តិបានទេ។
សំណុំរឿង Cameroon v. Nigeria ក៏បង្ហាញគោលការណ៍ស្រដៀងគ្នា។ ទោះមានវត្តមានរដ្ឋបាល និងកងកម្លាំងនៅលើដីជាក់ស្តែងក៏ដោយ តុលាការICJ នៅតែកំណត់អធិបតេយ្យភាពដោយផ្អែកលើមូលដ្ឋានផ្លូវច្បាប់ ហើយបានតម្រូវឱ្យមានការដកកងកម្លាំង រដ្ឋបាល និងប៉ូលិសចេញពីតំបន់ដែលតុលាការកំណត់ថា ស្ថិតក្រោមអធិបតេយ្យភាពរបស់ភាគីម្ខាងទៀត។ ដូច្នេះ មេរៀនផ្លូវច្បាប់ដែលគួរចងចាំគឺ៖ អ្នកអាចគ្រប់គ្រងដីមួយជាក់ស្តែង ប៉ុន្តែការគ្រប់គ្រងនោះ មិនធ្វើឱ្យអ្នក ក្លាយជាម្ចាស់អធិបតេយ្យភាពលើដីនោះដោយស្វ័យប្រវត្តិឡើយ។ ការគ្រប់គ្រងលើដី និងសិទ្ធិផ្លូវច្បាប់លើដី គឺជារឿងពីរផ្សេងគ្នា។
*កម្លាំងយោធាមិនអាចបង្កើតប័ណ្ណកម្មសិទ្ធិលើដីដោយខ្លួនឯង
គោលការណ៍មូលដ្ឋានមួយនៃច្បាប់អន្តរជាតិ គឺ ការទទួលបានទឹកដីដោយការគំរាម ឬការប្រើកម្លាំង មិនត្រូវបានទទួលស្គាល់ថាស្របច្បាប់ឡើយ។ គោលការណ៍នេះត្រូវបានបញ្ជាក់ក្នុងសេចក្តីប្រកាសស្តីពីទំនាក់ទំនងមិត្តភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ១៩៧០។
ដូច្នេះ ការមានកងទ័ពឈរជើង ឬគ្រប់គ្រងលើដីមួយ មិនអាចបង្កើតអធិបតេយ្យភាពលើដីនោះដោយខ្លួនឯងឡើយ។
បើដូច្នេះ ហេតុអ្វីពាក្យ “facts on the ground” មានន័យថា ការពិតនៅលើដី នៅតែសំខាន់?
ការនិយាយថា វត្តមានយោធា «មិនបង្កើតអធិបតេយ្យភាពដោយស្វ័យប្រវត្តិ» មិនមានន័យថា ការគ្រប់គ្រងជាក់ស្តែង «គ្មានតម្លៃផ្លូវច្បាប់ទាល់តែសោះ» នោះទេ។
ក្នុងវិវាទដែនដី តុលាការអន្តរជាតិអាចពិនិត្យ ការអនុវត្តអំណាចរដ្ឋជាក់ស្តែង (effectivités) ដូចជា ការគ្រប់គ្រងរដ្ឋបាល ការអនុវត្តច្បាប់ និងការគ្រប់គ្រងប្រជាជន។ ជាពិសេស នៅទីកន្លែងដែល សិទ្ធិផ្លូវច្បាប់លើដែនដី (legal title) មិនច្បាស់លាស់, ការអនុវត្តអំណាចជាក់ស្តែងនៅនឹងទីកន្លែង effectivités អាចមានតួនាទីជាភស្តុតាង។
ហេតុនេះ ការសាងសង់ផ្លូវ បន្ទាយ លេណដ្ឋាន របង ឬការពង្រីកការគ្រប់គ្រងរដ្ឋបាលក្នុងតំបន់ជម្លោះ មិនគួរត្រូវបានមើលរំលងឡើយ ទោះសកម្មភាពទាំងនេះមិនអាចបង្កើតអធិបតេយ្យភាពដោយស្វ័យប្រវត្តិក៏ដោយ។
ការមិនតវ៉ារយៈពេលយូរ ក៏អាចបង្កើតបញ្ហាផ្លូវច្បាប់ក្នុងកាលៈទេសៈខ្លះ តាមគោលការណ៍ acquiescence ដែលអាកប្បកិរិយារបស់រដ្ឋមួយ អាចត្រូវបានយកមកពិចារណាថា ខ្លួនបានទទួលយកការអះអាងរបស់រដ្ឋមួយទៀត។ ដូច្នេះ រដ្ឋដែលអះអាងសិទ្ធិ លើតំបន់ណាមួយ មានហេតុផលក្នុងការរក្សា ការតវ៉ាផ្លូវការជាបន្តបន្ទាប់ ប្រសិនបើខ្លួនចាត់ទុកសកម្មភាពរបស់ភាគីម្ខាងទៀតថាប៉ះពាល់ដល់សិទ្ធិរបស់ខ្លួន។
ប៉ុន្តែសម្រាប់សេចក្តីថ្លែងការណ៍ថ្ងៃទី២៧ ខែធ្នូ មានរបាំងផ្លូវច្បាប់សំខាន់មួយ៖ ឯកសារបានចែងថា រាល់ការរៀបចំក្រោមបទឈប់បាញ់គឺ “without prejudice” មានន័យថា «ដោយមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ឬជំហរផ្លូវច្បាប់របស់ភាគីណាមួយ» ដល់ការរៀបចំខណ្ឌសីមា និងព្រំដែនអន្តរជាតិឡើយ។
ដូច្នេះក្នុងសេចក្តីថ្លែងការណ៍រួម ដែលយល់ព្រមឱ្យកងទ័ពរក្សាទីតាំងបណ្តោះអាសន្ន មិនមែនជាការទទួលស្គាល់សិទ្ធិអធិបតេយ្យភាពលើទីតាំងនោះឡើយ។
*បទឈប់បាញ់មិនមែនជាសន្ធិសញ្ញាចែកដីគ្នាទេ
ដើម្បីយល់ឱ្យងាយ គេត្រូវបែងចែករឿងបីឱ្យដាច់ពីគ្នា៖ កងទ័ពឈរនៅទីណា, អ្នកណាកំពុងគ្រប់គ្រងទីនោះជាក់ស្តែង និងដីនោះជារបស់អ្នកណាតាមច្បាប់។
ទីមួយ៖ ទីតាំងកងទ័ពនៅពេលឈប់បាញ់ (Ceasefire position) គឺគ្រាន់តែបង្ហាញថា នៅពេលបទឈប់បាញ់ចូលជាធរមាន កងទ័ពរបស់ភាគីនីមួយៗកំពុងឈរនៅទីណា។ ការបញ្ជាឱ្យពួកគេនៅទីតាំងដដែល មានគោលបំណងកុំឱ្យរុលទៅមុខ និងបង្កការប្រយុទ្ធជាថ្មី។
ទីពីរ៖ ការគ្រប់គ្រងជាក់ស្តែង (Effective control) គឺសំដៅថា នៅលើដីជាក់ស្តែង ភាគីណាមួយកំពុងគ្រប់គ្រងទីតាំងនោះ។ ប៉ុន្តែការគ្រប់គ្រងជាក់ស្តែង មិនមានន័យដោយស្វ័យប្រវត្តិថា ភាគីនោះមានអធិបតេយ្យភាពស្របច្បាប់លើដីនោះទេ។
ទីបី៖ ព្រំដែនអន្តរជាតិ (International boundary) គឺជាសំណួរផ្លូវច្បាប់ថា តើដីខាងណាជារបស់ប្រទេសណា? ការកំណត់នេះត្រូវផ្អែកលើមូលដ្ឋានផ្លូវច្បាប់ដែលអាចអនុវត្តបាន មិនមែនគ្រាន់តែមើលថា កងទ័ពរបស់អ្នកណា កំពុងឈរនៅទីនោះឡើយ។
ដូច្នេះ រឿងទាំងបីនេះ មិនមែនជារឿងតែមួយទេ។ កងទ័ពអាចឈរនៅទីតាំងមួយ ហើយអាចគ្រប់គ្រងទីតាំងនោះជាក់ស្តែង ប៉ុន្តែវាមិនមានន័យថា ខ្សែព្រំដែនផ្លូវច្បាប់ ត្រូវរត់តាមទីតាំងរបស់កងទ័ពនោះទេ។
សេចក្តីថ្លែងការណ៍ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានបទប្បញ្ញត្តិជាច្រើនដែល ប្រទាក់ក្រឡា និងបំពេញន័យឱ្យគ្នាទៅវិញទៅមក។ ដូច្នេះ គេមិនអាចដកយកចំណុចណាមួយមកបកស្រាយដោយឯកោ និងផ្តាច់ចេញពីខ្លឹមសារទាំងមូល នៃសេចក្តីថ្លែងការណ៍បានឡើយ។
ក្នុងន័យនេះ បទឈប់បាញ់កំណត់ថា «ទាហានត្រូវឈប់នៅទីណាមួយសិន» ប៉ុន្តែមិនបានកំណត់ថា «ទីតាំងដែលទាហានឈប់នោះ គឺជាខ្សែព្រំដែនរដ្ឋ» ឡើយ។
*សេចក្តីសន្និដ្ឋាន៖ បង្កកកងទ័ព មិនមែនបង្កកព្រំដែន
ដូច្នេះ ចម្លើយចំពោះសំណួរស្នូលនៃអត្ថបទនេះគឺ៖ មិនមានចំណុចណាមួយក្នុងសេចក្តីថ្លែងការណ៍រួមកម្ពុជា–ថៃ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា ការឈរជើង ឬការគ្រប់គ្រងទីតាំងដោយកងទ័ពរបស់ភាគីណាមួយ ត្រូវបានទទួលស្គាល់ជាសិទ្ធិអធិបតេយ្យភាពលើដែនដីនោះឡើយ។
ផ្ទុយទៅវិញ ចំណុចទី៣ បានរក្សាបញ្ហាព្រំដែនទុកដោយឡែកយ៉ាងច្បាស់ តាមរយៈពាក្យ “without prejudice” ដែលក្នុងបរិបទនេះមានន័យថា ការរៀបចំក្រោមបទឈប់បាញ់ មិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ឬជំហរផ្លូវច្បាប់របស់ភាគីណាមួយចំពោះបញ្ហាព្រំដែន។ ការវាស់វែង និងខណ្ឌសីមា នៅតែត្រូវបន្តតាមយន្តការ JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
ដូច្នេះ ការបកស្រាយថា «ទាហាននៅទីណា ដីជារបស់អ្នកនោះ» មិនមែនជាអ្វីដែលសេចក្តីថ្លែងការណ៍ថ្ងៃទី២៧ ខែធ្នូ បានចែងឡើយ។
បទឈប់បាញ់អាចកត់ត្រាស្ថានភាពជាក់ស្តែងថា កងទ័ពរបស់ភាគីណាមួយ «កំពុងឈរនៅទីតាំងណាមួយ» នៅពេលបទឈប់បាញ់ចូលជាធរមាន។ ប៉ុន្តែការរក្សាទីតាំងនោះ មិនស្មើនឹងការទទួលស្គាល់ថា រដ្ឋនោះ «មានអធិបតេយ្យភាព» លើដីនោះឡើយ។
សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ បានបង្កកចលនាកងទ័ព មិនមែនបង្កកខ្សែព្រំដែនទេ។
ដូច្នេះអត្ថន័យធំរបស់វាគឺ៖ «បទឈប់បាញ់ អាចប្រាប់ទាហានថា ឈប់នៅទីនោះសិន។ ប៉ុន្តែការឈប់នៅទីនោះ មិនមានន័យថា ដីនោះ ជារបស់អ្នកទេ»៕







