បង្ក្រាបបទល្មើស Online Scams មួយកន្លែងនៅក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន៣៧នាក់
01-09-2026 17:00
(ព្រះសីហនុ)៖ ដោយអនុវត្តតាមការណែនាំរបស់លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ, នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះរដ្ឋបាលចំហទីតាំងផ្ទះវីឡា មួយកន្លែង ដោយបានរកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ព្រមទាំងរកឃើញជនបរទេសស្នាក់នៅគ្មានលិខិតឆ្លងដែនត្រឹមត្រូវ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញ និងដកហូតសម្ភារវត្ថុតាងរួមមាន៖ កុំព្យូទ័រ All-In-One ចំនួន ០៥គ្រឿង ,ទូរស័ព្ទដៃចំនួន ១១០គ្រឿង, រថយន្តចំនួន ០១គ្រឿង។
ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ៣៧នាក់ (ស្រី២នាក់) ក្នុងនោះ ជនជាតិខ្មែរ២នាក់ (ស្រី១នាក់) ជនជាតិចិន ៣៤នាក់ (ស្រី១នាក់) និងជនជាតិមីយ៉ាន់ម៉ា ០១នាក់ ប្រុស។
បច្ចុប្បន្ន ជនសង្ស័យទាំង៣៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ៕











