FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វេទិកាសម្ព័ន្ធសង្គមស៊ីវិល​ជំរុញ​ឱ្យអង្គការសង្គមស៊ីវិល​ក្នុងខេត្តស្វាយរៀង ចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងការកសាង​សង្គមស៊ីវិល​ឌីជីថល​ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសហគមន៍​ក្នុងយុគសម័យឌីជីថល

01-09-2026 15:42

(ស្វាយរៀង)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការ​​គណៈ​រដ្ឋមន្រ្តី បានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង រៀបចំ​វេទិកាសន្ទនាក្រោមប្រធានបទស្ដីពី​ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ​​ឌីជីថល» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង ក្រោមអធិបតីភាពលោក ប៉ៃ សំបូរ​ អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋាន​​ វ.ស.ស. តំណាងលោក កឹមរ័ត្ន វិសិដ្ឋ នាយករង​ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា​ភិបាល វ.ស.ស. និងលោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដោយ​មានការអញ្ជើញចូលរួម​ពី​អង្គការសង្គមស៊ីវិលក្នុងខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់។

ថ្លែងក្នុងពិធីបើកអង្គវេទិកាសន្ទនានាព្រឹកនេះ លោក ប៉ៃ សំបូរ​ បានគូសប​ញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់​​រាជរដ្ឋាភិបាលចំពោះ​អង្គការសង្គមស៊ីវិលដែលជាដៃគូមិនអាច​ខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ស្រប​តាមគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ព្រមទាំងបានលើកទឹកចិត្ត​ឱ្យអង្គការសង្គមស៊ីវិល​ក្នុងខេត្តស្វាយរៀង បន្តចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងការកសាង​សង្គមស៊ីវិល​ឌីជីថល​ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសហគមន៍​​​ក្នុងយុគសម័យឌីជីថល។

ឆ្លៀតក្នុងឱកាសនេះ លោកអគ្គលេខាធិការ វ.ស.ស. ក៏បាន​កោតសរសើរ​ចំពោះកិច្ចសហការជិតស្និទ្ធ​រវាង​អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់​និងអង្គការសង្គមស៊ីវិលនានា ​ ដែលបានរួមគ្នាជំរុញ​ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ លោក​ក៏បានលើកទឹកចិត្ត​ដល់អង្គការសង្គមស៊ីវិល​​​ជំរុញឱ្យយុវជនតាមសហគមន៍​ចុះឈ្មោះចូលរួម​វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងជំនាញវិជ្ជាជីវៈនានានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើម្បីទទួលបានឱកាសការងារនៅតាមក្រុមហ៊ុន សហគ្រាសក្នុងមូលដ្ឋាន ដែលអាចជួយលើកកម្ពស់​ជីវភាព​រស់នៅប្រចាំថ្ងៃកាន់តែល្អប្រសើរថែមទៀត។

លោកបាន​បន្ថែមថា វ.ស.ស. ​នឹងបន្តថែរក្សាវប្បធម៌​សន្ទនាជាមួយអង្គការសង្គមស៊ីវិល​និង​ចូលរួមលើក​កម្ពស់សុខដុមនីយកម្មសង្គមស៊ីវិល​នៅកម្ពុជា ក្រោមការ​ដឹកនាំ​ប្រកបដោយគតិបណ្ឌិតនិង​ថាមវន្ដ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា។

ជាមួយគ្នានេះលោក ម៉ែន កល្យាណ បានកោតសរសើរ​និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិលដែលជាដៃគូមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយកន្លងមក អង្គការសង្គមស៊ីវិលក្នុងមូលដ្ឋានខេត្តស្វាយរៀង​​​បានចូលរួមយ៉ាងសកម្ម​ក្នុងការអភិវឌ្ឍវិស័យសង្គមកិច្ច ការអភិវឌ្ឍមូលដ្ឋាន ​និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។

លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលទាំងអស់​បន្តពង្រឹងភាពជាដៃគូល្អ​ក្នុងការគាំទ្រ​អនុវត្ត​យុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ស្របតាមកម្មវិធី​នយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍នានា ដើម្បីរក្សាបាននូវសុខសន្តិភាព​ ស្ថិរភាពរឹងមាំ ការគោរពសិទ្ធិសេរីភាព​​ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

ក្នុងឱកាសនេះដែរ លោក ឡេង ប៊ុន្នី វាគ្មិនមកពីបណ្ឌិត្យសភា​​​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា បានចូលរួមធ្វើបទបង្ហាញស្តីពី «ការយល់ដឹងអំពីអក្ខរកម្ម​ឌីជីថលនិងសុវត្ថិភាព​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាសម្រាប់អង្គការ​​សង្គម​ស៊ីវិល» ដើម្បីចូលរួម​ផ្សព្វផ្សាយនិងលើកកម្ពស់បរិវត្តកម្ម​​ឌីជីថលនិងការយល់ដឹងអំពី​គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

តំណាងអង្គការសង្គមស៊ីវិល​ដែលបានចូលរួមក្នុងអង្គវេទិកាសន្ទនានេះ ក៏បានចូលរួម​លើកយកនូវបញ្ហាប្រឈមនិង​​សំណូមពរនានា មកជជែក​ពិភាក្សាដោយត្រង់ទៅត្រង់មក ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្រប និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាលទ្ធផល បញ្ហាប្រឈមនិង​​សំណូមពរ​​មួយចំនួន ត្រូវបាន​ដោះស្រាយជាក់ស្តែងក្នុងកិច្ច​ពិភាក្សាដោយផ្ទាល់ និងទទួលបានការសាទរពីអង្គវេទិកាទាំងមូល៕