FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រយៈពេល៣ឆ្នាំនៃអាណត្តិសម្តេចធិបតី វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបណ្តុះយុវជនជំនាញជិត ១ម៉ឺននាក់

01-09-2026 15:09

(កំពង់ស្ពឺ)៖ រយៈពេល៣ឆ្នាំនៃអាណត្តិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានចូលរួមយ៉ាងសកម្មក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ដោយបានផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនសរុបជិត ១ម៉ឺននាក់ ដើម្បីឱ្យពួកគេមានជំនាញមួយច្បាស់លាស់ មានការងារ និងប្រាក់ចំណូលសមរម្យ។

នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ លោក កែម ជាក់នី បានឱ្យដឹងថា ការបណ្តុះបណ្តាលរបស់វិទ្យាស្ថានផ្តោតសំខាន់លើការផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីធានាថា សិស្ស-និស្សិតដែលបញ្ចប់ការសិក្សា មានជំនាញ និងសមត្ថភាពអាចចូលប្រឡូកក្នុងទីផ្សារការងារ ឬប្រកបអាជីវកម្មដោយខ្លួនឯង។

លោកបានបញ្ជាក់ថា៖ «អតីតសិស្ស និងនិស្សិតដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថាន ទទួលបានការងារធ្វើ ឬអាចប្រកបអាជីវកម្មផ្ទាល់ខ្លួនរហូតដល់ ១០០% ដែលនេះជាលទ្ធផលនៃការយកចិត្តទុកដាក់លើគុណភាពបណ្តុះបណ្តាល និងការរៀបចំកម្មវិធីសិក្សាឱ្យស្របទៅនឹងតម្រូវការជាក់ស្តែង»

លោកបន្តថា ដើម្បីបង្កើនបទពិសោធន៍ និងឱកាសការងារសម្រាប់សិស្ស-និស្សិត វិទ្យាស្ថានបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន សហគ្រាស និងរោងចក្រពាក់ព័ន្ធ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយដៃគូជាច្រើន។

កិច្ចសហប្រតិបត្តិការនេះ បានផ្តល់ឱកាសឱ្យសិស្ស-និស្សិតចុះកម្មសិក្សា និងហាត់ការជាក់ស្តែងនៅតាមស្ថាប័ន និងកន្លែងការងារផ្សេងៗ ដោយអាចទទួលបានបទពិសោធន៍ពីបរិយាកាសការងារពិតប្រាកដ ព្រមទាំងបង្កើនសមត្ថភាព និងឱកាសទទួលបានការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា។

លោក កែម ជាក់នី បានលើកទឹកចិត្តដល់យុវជន ជាពិសេសសិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សា កុំមានការព្រួយបារម្ភថា «រៀនអ្វី និងរៀននៅឯណា?» ប៉ុន្តែគួរជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ និងជំនាញដែលមានតម្រូវការនៅក្នុងទីផ្សារការងារ៕