FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋភូមិតាអាំ ឃុំកំពង់ស្វាយ បង្កើនការដាំពោតដើម្បីលើកកម្ពស់ជីវភាព

01-09-2026 14:59

(កំពង់ធំ)៖ ប្រជាពលរដ្ឋនៅភូមិតាអាំ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននិងកំពុងខិតខំប្រឹងប្រែងបង្កើនការដាំដុះដំណាំពោតបន្ថែមលើមុខរបរធ្វើស្រែប្រពៃណី ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងបង្កើតប្រភពចំណូលបន្ថែម។ ការបង្វែរ ឬបន្ថែមការដាំដំណាំរួមផ្សំនេះ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍ទាំងមូល។

កសិករបានលើកឡើងថា ការធ្វើស្រែត្រូវរង់ចាំប្រមូលផលតាមរដូវកាល ចំណែកឯដំណាំពោតវិញប្រើរយៈពេលដាំដុះខ្លី ដែលអាចឱ្យពួកគាត់ទទួលបានចំណូលមកទប់ទល់ការចំណាយប្រចាំថ្ងៃបានឆាប់រហ័ស។ ដំណាំពោតទទួលបានទិន្នផលខ្ពស់ និងមានតម្លៃល្អ (មួយផ្លូនពី ៤០.០០០ រៀល ទៅ ៤៥.០០០ រៀល) ពិសេសនៅពេលប្រមូលផល មានឈ្មួញមកទិញដល់ទីកន្លែង ធ្វើឱ្យកសិករមិនពិបាកដឹកជញ្ជូនទៅលក់នៅកន្លែងឆ្ងាយឡើយ។ ពួកគាត់តែងតែផ្តោតលើការជ្រើសរើសពូជដែលធន់នឹងសត្វល្អិត និងការថែទាំបច្ចេកទេសស្រោចស្រពត្រឹមត្រូវ។

ការដាំពោតនេះ ជួយសម្រាលបន្ទុកចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាថ្លៃសិក្សារបស់កូនៗ និងការទិញសម្ភារប្រើប្រាស់ផ្សេងៗ។ លើសពីនេះ វាក៏បានបង្កើតការងារនៅតាមមូលដ្ឋាន ធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើជាប្រចាំ ដោយមិនបាច់ចាកចេញពីស្រុកកំណើត។

លោក ជឹម ជឿង មេឃុំកំពង់ស្វាយ បានឱ្យដឹងថា ឃុំកំពង់ស្វាយមានភូមិចំនួន ១២ ភូមិ ដែលក្នុងនោះភូមិតាប៉ោង ភូមិតាអាំ ភូមិច្រាំងក្រហម ភូមិអូរសាលា និងភូមិកំពង់ស្វាយ ជាភូមិដែលដាំដំណាំបន្លែច្រើនជាងគេ ដោយសារភូមិទាំងនេះស្ថិតនៅតាមបណ្តោយដងស្ទឹងសែន សំបូរដីល្បាប់ក្បែរប្រភពទឹក ដែលអំណោយផលខ្លាំងដល់ការលូតលាស់នៃដំណាំពោត។

ជារួម ប្រជាពលរដ្ឋភូមិតាអាំ ឃុំកំពង់ស្វាយ មិនត្រឹមតែប្រកបរបរធ្វើស្រែតាមរដូវកាលប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើនការដាំដំណាំពោតជាប្រភពចំណូលបន្ថែម ដោយទាញយកប្រយោជន៍ពីដីធ្លី និងកម្លាំងពលកម្មក្នុងគ្រួសារ។ ការប្រកបមុខរបរដាំពោតនេះ បានរួមចំណែកបង្កើនប្រាក់ចំណូល កាត់បន្ថយការពឹងផ្អែកលើការធ្វើស្រែតែមួយមុខ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕