FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មការទី៥ នៃព្រឹទ្ធសភា ចុះសិក្សាស្វែងយល់តាមដានការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្ដីពីសារព័ត៌មាន ច្បាប់ស្ដីពីការងារ ការផ្សព្វផ្សាយព័ត៌មាន ការអភិវឌ្ឍលើវិស័យនានា និងការពង្រឹងទំនាក់ទំនងនៅខេត្តព្រៃវែង

01-09-2026 14:54

(ព្រៃវែង)៖ គណៈកម្មការទី៥ នៃព្រឹទ្ធសភា ដឹកនាំដោយលោកបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានចុះសិក្សាស្វែងយល់តាមដានការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្ដីពីសារព័ត៌មាន ច្បាប់ស្ដីពីការងារ ការផ្សព្វផ្សាយព័ត៌មាន ការអភិវឌ្ឍលើវិស័យនានា និងការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងព្រឹទ្ធសភា ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅខេត្តព្រៃវែង។

ការសិក្សាស្វែងយល់នេះ មានការអញ្ជើញទទួលស្វាគមន៍ពីលោក សួន សុម៉ាលីន អភិបាលខេត្ត និងលោក អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាង លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោកបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ បានលើកឡើងថា នៅក្នុងក្របខណ្ឌនៃមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាងរបស់ព្រឹទ្ធសភា និងនៃការអនុវត្តតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃព្រឹទ្ធសភា គ្រោងចុះបំពេញបេសកកម្មទៅខេត្តព្រៃវែង ត្បូងឃ្មុំ និងស្វាយរៀង ដើម្បីជួបពិភាក្សាការងារជាមួយគណៈអភិបាលខេត្ត និងចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ តាមបណ្ដាខេត្តទាំងបីខាងលើ ក្នុងគោលបំណងដូចខាងក្រោម៖

*ទី១៖ សិក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ វិធានការដោះស្រាយ ព្រមទាំងចក្ខុវិស័យរបស់រដ្ឋបាលខេត្ត
*ទី២៖ ការអភិវឌ្ឍលើវិស័យនានាជាសមត្ថកិច្ចរបស់គណៈកម្មការទី៥ (សិក្សាស្វែងយល់តាមដានការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្ដីពីសារព័ត៌មាន ច្បាប់ស្ដីពីការងារ និងការផ្សព្វផ្សាយព័ត៌មាន) និងការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងព្រឹទ្ធសភា ជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់
*ទី៣៖ សិក្សាស្វែងយល់អំពីការចងសម្ព័ន្ធមេត្រីភាពរវាងបណ្ដាខេត្ត ជាមួយនឹងខេត្តប្រទេសជិតខាង
*ទី៤៖ ចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជាមួយប្រទេសជិតខាងនៃបណ្ដាខេត្តខាងលើ ដើម្បីស្វែងយល់ពីការវិវត្តន៍ថ្មីៗនៃការអនុវត្តនីតិវិធីត្រួតពិនិត្យលើការចេញ-ចូល (ភ្ញៀវជាតិ-អន្តរជាតិ និងទំនិញ) ព្រមទាំងជីវភាពរបស់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ព្រំដែនទាំងនេះ
*ទី៥៖ បញ្ហាផ្សេងៗនៅក្នុងខេត្តទាំង៣ខាងលើ ដែលមិនស្ថិតនៅក្រោមសមត្ថកិច្ចគណៈកម្មការទី៥។

ជាមួយគ្នានេះ លោក សួន សុម៉ាលីន បានលើកឡើងអំពីការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងរដ្ឋបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រដ្ឋបាលខេត្តព្រៃវែង ធ្វើយ៉ាងណាដើម្បីសុខសុវត្ថិភាពធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងប្រកបដោយភាពសុខសាន្ត។

លោក សួន សុម៉ាលីន បានគូសបញ្ជាក់ថា «ខេត្តព្រៃវែងគឺពុំមានក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនឡាញស្គែមនោះទេ»

ក្រោយការលើកឡើងរបស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរអង្គភាពនូវអ្វីដែលខ្លួនបានអនុវត្តកន្លងមកជូនគណៈកម្មការទី៥ នៃព្រឹទ្ធសភា គណៈកម្មការទី៥ នៃព្រឹទ្ធសភា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនពលរដ្ឋ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានប្រកបដោយភាពរីកចម្រើន និងមានទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។

បន្ថែមលើសពីនេះ គណៈកម្មការទី៥ នៃព្រឹទ្ធសភា បានណែនាំដល់រដ្ឋបាលខេត្តត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីចូលរួមអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឲ្យទទួលបាននូវ ការរីកចម្រើន ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមកនេះ។

បន្ទាប់ពីបញ្ចប់ការសិក្សាស្វែងយល់ជួបពិភាក្សាជាមួយនឹងរដ្ឋបាលខេត្តរួចមក គណៈកម្មការទី៥ នៃព្រឹទ្ធសភា ក៏បានអញ្ជើញចុះពិនិត្យផ្ទាល់នៅទីតាំងច្រកទ្វារអន្តរជាតិម៉ឺនជ័យ ដើម្បីពិនិត្យនូវការងារដែលច្រកទ្វារអន្តរជាតិមួយនេះ អនុវត្តនាពេលកន្លងមកផងដែរ។

សូមបញ្ជាក់ថា គណៈកម្មការទី៥ នៃព្រឹទ្ធសភា នឹងចុះសិក្សាស្វែងយល់តាមដានការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្ដីពីសារព័ត៌មាន ច្បាប់ស្ដីពីការងារ ការផ្សព្វផ្សាយព័ត៌មាន ការអភិវឌ្ឍលើវិស័យនានា និងការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងព្រឹទ្ធសភា ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅខេត្តព្រៃវែង ត្បូងឃ្មុំ និងស្វាយរៀង (ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦) ផងដែរ៕