FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងចម្រុះខេត្តស្វាយរៀង បន្តចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្រុងបាវិត

01-09-2026 14:50

(ស្វាយរៀង)៖ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានបន្តចុះអនុវត្តរដ្ឋបាលចំហ ចំពោះផ្ទះល្វែងចំនួន៤ទីតាំង ស្ថិតក្នុងបុរីអ៊ែល តារា ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ដែលមានការសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយផ្ទាល់ពីលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង រួមជាមួយការចូលរួមពីលោកវរសេនីយ៍ឯក ឡាយ ចន្នី ស្នងការរងនគរបាលខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត។

ជាលទ្ធផលនៃការត្រួតពិនិត្យ កម្លាំងចម្រុះបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន០៩នាក់ (ស្រី០១នាក់) មាន២សញ្ជាតិ រួមមាន៖ សញ្ជាតិវៀតណាម ចំនួន០៨នាក់ (ស្រី០១នាក់) និងសញ្ជាតិឥណ្ឌូនេស៊ី ចំនួន០១នាក់ (ប្រុស)។

ក្នុងចំណោមនោះ ០៧នាក់មានលិខិតឆ្លងដែនត្រឹមត្រូវ ខណៈ០២នាក់ទៀត (ប្រុស សញ្ជាតិវៀតណាម) គ្មានលិខិតឆ្លងដែនឡើយ។ ទីតាំងមួយក្នុងចំណោមបួន ក៏បានរកឃើញគ្រឿងអេឡិចត្រូនិចមួយចំនួនធំ ដែលសង្ស័យថាជាទំនិញគេចពន្ធ ហើយត្រូវបានបិទស៊ាលបណ្ដោះអាសន្ន ដើម្បីរង់ចាំមន្ត្រីជំនាញត្រួតពិនិត្យបន្ត។

ចំពោះជនជាតិវៀតណាមចំនួន២នាក់ ដែលរកឃើញថាស្នាក់នៅដោយគ្មានលិខិតឆ្លងដែននោះ ក្រុមការងារចម្រុះបានសម្រេចនាំខ្លួនយកមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។ ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន៕