អភិបាលខេត្តតាកែវ ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន
01-09-2026 14:48
(ភ្នំពេញ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ នៅគេហដ្ឋានសពក្នុងរាជធានីភ្នំពេញ។
នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ អភិបាលខេត្តតាកែវ បានសម្តែងនូវមរណទុក្ខយ៉ាងជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារសព និងបានធ្វើការបួងសួងសូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលមរណភាពកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦កន្លងទៅ ក្នុងជន្មាយុ ៨១ឆ្នាំ។ ការបាត់បង់ឯកឧត្តម គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត បម្រើជាតិ និងប្រជាជនកម្ពុជា ជាពិសេសបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៕












