ជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ បង្កការគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋានប្រជាពលរដ្ឋមួយចំនួននៅមណ្ឌលគិរី
01-09-2026 14:45
(មណ្ឌលគិរី)៖ ស្ថានភាពធាតុអាកាសក្នុងខេត្តមណ្ឌលគិរី បាននិងកំពុងប្រែប្រួលនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានបណ្តាលឱ្យមានជំនន់ទឹកភ្លៀងកើតឡើងនៅតាមបណ្តាមូលដ្ឋានមួយចំនួនក្នុងស្រុកកែវសីមា ព្រមទាំងមានករណីខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ។ ហេតុការណ៍ទាំងនេះបានបង្កការគំរាមកំហែងដល់ផ្លូវ ស្ពាន និងលំនៅឋានរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។
លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានណែនាំអាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកអភិបាលក្រុង ស្រុកទូទាំងខេត្ត ឱ្យបន្តតាមដានស្ថានភាពធាតុអាកាសគ្រប់ពេលវេលា ដើម្បីត្រៀមអន្តរាគមន៍ចំពោះបញ្ហាដែលកើតមាន និងឈានទៅរកការដោះស្រាយផលប៉ះពាល់ឱ្យទាន់ពេលវេលា។
គិតត្រឹមម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានជន់លិចផ្នែកមួយចំនួនក្នុងឃុំចំនួន ៤ នៃស្រុកកែវសីមា រួមមាន ឃុំស្រែខ្ទុម ឃុំស្រែឈូក ឃុំមេម៉ង់ និងឃុំចុងផ្លាស់។ ក្នុងនោះ ទឹកជំនន់បានជន់លិចចូលផ្ទះប្រជាពលរដ្ឋប្រមាណ ១០ គ្រួសារ នៅចំណុចស្ពានតេ ភូមិទួល ឃុំមេម៉ង់ ព្រមទាំងជន់លិចផ្លូវធ្វើដំណើរជាច្រើនខ្សែ ដែលបង្កការលំបាកដល់ការធ្វើដំណើរ។
ដោយឡែក កាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ករណីខ្យល់កន្ត្រាក់បានកើតឡើងនៅក្នុងភូមិជ្រៃសែន ក្រុងសែនមនោរម្យ ដោយបានបណ្តាលឱ្យប៉ះពាល់ និងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ប៉ុន្តែពុំមានបណ្តាលឱ្យមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់ជីវិតឡើយ។
បច្ចុប្បន្ន ក្រុមការងាររដ្ឋបាលស្រុកកែវសីមា សហការជាមួយអាជ្ញាធរភូមិ-ឃុំ បាននិងកំពុងចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីវាយតម្លៃទំហំនៃផលប៉ះពាល់សរុប និងចាត់វិធានការចាំបាច់នានា។ អាជ្ញាធរខេត្តបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពអាកាសធាតុអាក្រក់នេះ៕










