FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តសៀមរាប ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាអាជីវករលក់សម្លៀកបំពាក់ ដោយភ្ជាប់សំណេរអសុរោះ ដែលធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គម

01-09-2026 14:41

(សៀមរាប)៖ លោក លី សារី អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធ ចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាម្ចាស់ទីតាំងមួយ ដែលបានដាក់តាំងលក់សម្លៀកបំពាក់មួយចំនួន ក្នុងក្រុងសៀមរាប ដែលមានភ្ជាប់ជាមួយនូវពាក្យអសុរោះ និងមិនគួរគប្បី ដែលវាអាចជះឥទ្ធិពលអវិជ្ជមានដល់សង្គម មិនតែប៉ុណ្ណោះ ថែមទាំងទាញឱ្យគុណតម្លៃអក្សរសាស្ដ្រជាតិធ្លាក់ចុះផងដែរ។ ‎

‎ក្នុងឱកាសនោះ លោក លី សារី មានប្រសាសន៍ថា ការចុះណែនាំ និងធ្វើកិច្ចសន្យានេះ មិនមានគោលបំណងរារាំងដល់ការប្រកបអាជីវកម្មរបស់បងប្អូនអាជីវករយើងនោះទេ ប៉ុន្តែជាការអប់រំ និងចូលរួមទប់ស្កាត់ការផ្សព្វផ្សាយ នូវខ្លឹមសារ ដែលមិនសមរម្យនៅក្នុងទីសាធារណៈ ជាពិសេសខ្លឹមសារដែលប្រើពាក្យ «អសុរោះ គ្រោតគ្រាត ឬប៉ះពាល់ដល់សីលធម៌ និងសុជីវធម៌របស់សង្គម»

‎អភិបាលរងខេត្ត បញ្ជាក់ថា សម្លៀកបំពាក់ជាវត្ថុដែលមនុស្សប្រើប្រាស់ជាប្រចាំ និងអាចបង្ហាញជាសាធារណៈបានយ៉ាងទូលំទូលាយ ដូច្នេះការបោះពុម្ព ពាក្យ «ពេចន៍ ឬសារ» ដែលមិនសមរម្យលើអាវយឺត អាចធ្វើឱ្យកុមារ យុវជន និងសាធារណជនទូទៅ ទទួលយក ឬយល់ថាពាក្យទាំងនោះជារឿងធម្មតា។ ប្រសិនបើបន្តរីករាលដាល វាអាចបង្កឱ្យមានការធ្លាក់ចុះនៃសីលធម៌ សុជីវធម៌ និងការប្រើប្រាស់ភាសាខ្មែរ បានត្រឹមត្រូវនៅក្នុងសង្គម។

លោក មេ សំបូ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានបញ្ជាក់ថា តាមរយៈការចុះត្រួតពិនិត្យជាក់ស្តែងនាពេលនេះ ក្រុមការងារបានរកឃើញអាវយឺតមួយចំនួន ដែលមានបោះពុម្ពជាអក្សរ ដោយប្រើប្រាស់ពាក្យពេចន៍មិនសមគួរ ដែលអាចប៉ះពាល់ដល់តម្លៃសីលធម៌សង្គម។

សូមជម្រាបថា ការចុះអប់រំណែនាំ និងត្រួតពិនិត្យនេះ ក្រុមការងារបានរកឃើញអាវយឺតចំនួន ៤៥អាវ ដែលមានបោះពុម្ពពាក្យ «ពេចន៍អសុរោះ មិនសមរម្យ អសីលធម៌ និងមិនគួរគប្បី»។ ករណីនេះត្រូវបានអាជ្ញាធរចាត់ទុកថា ជាខ្លឹមសារដែលអាចប៉ះពាល់ដល់សីលធម៌ សុជីវធម៌ និងតម្លៃវប្បធម៌ជាតិ។ ដូច្នេះ អាជ្ញាធរក៏បានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង និងបន្តតាមដាន ព្រមទាំចាត់វិធានការសមស្របជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយ និងចែកចាយផងដែរ៕