គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ចុះពិនិត្យ និងវាយតម្លៃគុណភាពផ្លូវជនបទ ១២ខ្សែ នៅខេត្តតាកែវ
01-09-2026 14:37
(តាកែវ)៖ គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោកស្រី ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងលោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃគុណភាពផ្លូវជនបទចំនួន ១២ខ្សែ ដែលមានប្រវែងសរុបជាង ១២០គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន៦ នៃខេត្តតាកែវ។ ការចុះពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីលោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ។
ក្នុងឱកាសចុះពិនិត្យផ្ទាល់នៅតាមផ្លូវនីមួយៗ លោកស្រី ឯក គន្ធវារី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានខិតខំប្រឹងប្រែងអនុវត្តការសាងសង់ ជួសជុល និងថែទាំផ្លូវទាំង ១២ខ្សែនេះ ស្របតាមបទដ្ឋានបច្ចេកទេស និងគុណភាពដែលបានកំណត់។
លោកស្រីបានសង្កត់ធ្ងន់ថា ផ្លូវជនបទទាំងនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់នៅមូលដ្ឋាន ក្នុងការសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោកស្រីអនុរដ្ឋលេខាធិការ ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់លើគុណភាពបច្ចេកទេសឱ្យបានរឹងមាំ និងបានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកទទួលផលផ្ទាល់ សូមរួមគ្នាថែរក្សា មិនត្រូវដឹកជញ្ជូនទំនិញធន់ធ្ងន់លើសទម្ងន់កំណត់នោះឡើយ។ ការណែនាំនេះមានគោលបំណងរក្សាគុណភាពផ្លូវ និងលូ ឱ្យបានរឹងមាំ ប្រើប្រាស់បានយូរអង្វែង សម្រាប់ជាប្រយោជន៍រួមរបស់សហគមន៍ទាំងមូល។
ការចុះពិនិត្យ និងវាយតម្លៃនាពេលនេះ ធ្វើឡើងដើម្បីធានាឱ្យបាននូវតម្លាភាព គុណភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការស្ថាបនា និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅទូទាំងខេត្តតាកែវ ស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល៕














