FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រព័ន្ធធារាសាស្ត្រនៅស្រុកព្រៃឈរអាចស្រោចស្រពដំណាំស្រូវជាង ២,០០០ហិកតា, អភិបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងសម្រាប់ការបង្កបង្កើនផល

01-09-2026 14:35

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីពិនិត្យលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់បម្រើដល់វិស័យកសិកម្ម និងជួយសម្រួលជីវភាពប្រជាកសិករ។

ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រនៅក្នុងស្រុកព្រៃឈរ មានប្រវែងសរុបប្រមាណ ២៤ គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែងជាង ៤គីឡូម៉ែត្រ ខណៈបណ្តាញតភ្ជាប់ប្រឡាយ និងផ្លូវដី មានប្រវែងប្រមាណ ២០គីឡូម៉ែត្រ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនេះ ប្រើប្រាស់ប្រភពទឹកពីតំបន់ទឹកឆា ក្នុងស្រុកព្រៃឈរ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករច្រើនជាងគេ នៅក្នុងឃុំចំនួន២ គឺឃុំបឹងណាយ និងឃុំក្រូច។ ប្រជាកសិករអាចប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពដំណាំ ជាពិសេសដំណាំស្រូវ ដែលមានផ្ទៃដីសរុបជាង ២,០០០ហិកតា។

លោក អ៊ុន ចាន់ដា បានបន្ថែមថា ការផ្គត់ផ្គង់ទឹកតាមរយៈប្រព័ន្ធធារាសាស្ត្រនេះ នឹងជួយឱ្យប្រជាកសិករមានលទ្ធភាពបង្កបង្កើនផលបានពី ២ ទៅ ៣ដង ក្នុងមួយឆ្នាំ ព្រមទាំងជួយកាត់បន្ថយការពឹងផ្អែកលើទឹកភ្លៀង និងលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មកសិកម្ម។

ការចុះពិនិត្យនេះ ក៏ជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងការពង្រឹង និងថែរក្សាប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលរបស់ប្រជាកសិករ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕