FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ បន្តពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដោះស្រាយវិវាទ

01-09-2026 14:29

​(ភ្នំពេញ)៖​ លោក សោម ចំណាន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "ការកសាងសមត្ថភាពសម្រាប់មន្ត្រីផ្សះផ្សាវិវាទការងារ" នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមក្របខ័ណ្ឌគម្រោងភាពជាដៃគូនៃអង្គការអន្តរជាតិខាងការងារ និងសាធារណរដ្ឋកូរ៉េ (ILO-Korea) សម្រាប់មន្ត្រីផ្សះផ្សាវិវាទការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ។

វគ្គបណ្តុះបណ្តាលមានរយៈពេល៣ថ្ងៃ ដោយផ្តោតលើការពង្រឹងចំណេះដឹង និងជំនាញរបស់មន្ត្រីផ្សះផ្សា ពាក់ព័ន្ធនឹងបច្ចេកទេសសម្របសម្រួល និងផ្សះផ្សាវិវាទការងារ ការរៀបចំកំណត់ហេតុផ្សះផ្សា ក្រមសីលធម៌របស់មន្ត្រីផ្សះផ្សា និងសារៈសំខាន់នៃការដោះស្រាយបណ្តឹងតវ៉ា នៅកម្រិតសហគ្រាសប្រកបដោយប្រសិទ្ធភាព។ ការបណ្តុះបណ្តាលនេះ បង្រៀនដោយអ្នកជំនាញរបស់ ILO អ្នកជំនាញមកពីសាធារណរដ្ឋកូរ៉េ និងអ្នកជំនាញជាតិ ដែលមានបទពិសោធក្នុងវិស័យការងារ និងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ។

ថ្លែងក្នុងឱកាសនេះ លោក សោម ចំណាន បានបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ស្របតាមទិសដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។ ការងារនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ក្រសួង ក្នុងការពង្រឹងសមត្ថភាព និងវិជ្ជាជីវៈរបស់មន្ត្រីផ្សះផ្សាវិវាទការងារ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្សះផ្សាលើកកម្ពស់សុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ កិច្ចសន្ទនាសង្គម និងការដោះស្រាយវិវាទការងារនៅកន្លែងធ្វើការដោយសន្តិវិធី។

លោកបានសង្កត់ធ្ងន់ថា ការកសាងសមត្ថភាពរបស់តួអង្គពាក់ព័ន្ធក្នុងទំនាក់ទំនងវិជ្ជាជីវៈ ជាពិសេសអធិការការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារ គឺជាកត្តាចាំបាច់ក្នុងការលើកកម្ពស់បរិយាកាសការងារ ផលិតភាព និងទំនុកចិត្តលើយន្តការដោះស្រាយវិវាទការងារ។ ការពង្រឹងសមត្ថភាពនេះ ក៏ជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ការងារសមរម្យ និងសុខដុមនីយកម្មនៅកម្ពុជា។

ជាមួយគ្នានេះ លោក ហូជុល ស៊ីន (Hochul Shin) ប្រធានទីប្រឹក្សាផ្នែកបច្ចេកទេសនៃគម្រោងភាពជាដៃគូ ILO-Korea បានលើកឡើងថា ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសមន្ត្រីផ្សះផ្សា មានសារៈសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សះផ្សា សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការការពារសិទ្ធិកម្មករនិយោជិត និងនិរន្តរភាពផលិតភាពអាជីវកម្ម។ លោកបន្តថា ការងារនេះក៏អាចជួយកម្ពុជាកសាងប្រព័ន្ធទំនាក់ទំនងការងារដែលមានភាពធន់ និងប្រកបដោយសមធម៌ ព្រមទាំងផ្តល់ផលប្រយោជន៍ ដល់ភាគីពាក់ព័ន្ធទាំងអស់៕