FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្មេងទំនើងប្រុសស្រីមួយក្រុម ដែលព្រួតគ្នាបង្កហិង្សាលើក្មេងស្រីម្នាក់នៅបន្ទប់ជួល ក្នុងក្រុងកំពង់ចាម ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបាន៥នាក់

01-09-2026 12:21

(កំពង់ចាម)៖ នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រោយពីទទួលបានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ដោយបានព្រួតគ្នាវាយទៅលើក្មេងស្រីម្នាក់ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម។

ទទួលបានព័ត៌មានភ្លាម មិនបង្អង់យូរឡើយ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដ៏មុឹងម៉ាត់ពី លោកឧត្តមសេនីទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យកម្លាំងជំនាញ របស់ផែនការងារនគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវជាបន្ទាន់ ហើយក៏បានរកឃើញជនរងគ្រោះ និងបានអញ្ជើញមកសាកសួរ និងបំភ្លឺជូនសមត្ថកិច្ច រហូតកម្លាំងជំនាញអាចកំណត់មុខសញ្ញាជនបង្កបាន ឈានចូលដល់ការនាំខ្លួនក្រុមក្មេងទំនើងមួយក្រុម មានគ្នាចំនួន៥នាក់ យកមកសាកសួរ នៅអធិការដ្ឋានក្រុងកំពង់ចាម។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម តាមបញ្ជាលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានអំពាវនាវដល់ក្មួយ យុវវ័យទាំងអស់សូមឈប់ និងសូមកុំបង្កភាពអសីលធម៌ក្នុងសង្គម និងប្រព្រឹត្តបទល្មើសនានា ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ខូចខាតដល់ទ្រព្យសម្បត្តិ ប៉ះពាល់ដល់ការសិក្សា និងប៉ះពាល់ដល់អនាគតដ៏វែងឆ្ងាយរបស់ក្មួយៗគ្រប់រូបជាបន្ដទៀត៕