គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦ ប្រព័ន្ធគាំពារសង្គមកម្ពុជា ពង្រីកវិសាលភាពគ្របដណ្តប់ដល់ជាង ៨.៤៩លាននាក់
01-09-2026 12:06
(ភ្នំពេញ)៖ ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងប្រកបដោយថាមវន្តរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ប្រព័ន្ធគាំពារសង្គមកម្ពុជា បានពង្រីកវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋពីប្រមាណ ៦.៥លាននាក់ នៅចុងឆ្នាំ២០២៣ ដល់ ៨.៤៩លាននាក់ នៅទូទាំងប្រទេស គិតត្រឹមដំណាច់ឆមាសទី១ នៃឆ្នាំ២០២៦នេះ ក្នុងការលើកកម្ពស់សុខុមាលភាព និងសុខភាព លើស្ទូយជីវភាព ក៏ដូចជាគាំទ្រកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍមូលធនមនុស្ស។
ការរីកចម្រើនគួរឱ្យកត់សម្គាល់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព និងសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការធានាបាននូវជីវភាពរស់នៅសមរម្យ។ ប្រព័ន្ធគាំពារសង្គមដ៏រឹងមាំនេះ មិនត្រឹមតែជាខែលការពារប្រជាពលរដ្ឋពីហានិភ័យផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករដ៏សំខាន់មួយក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍមូលធនមនុស្សផងដែរ។
រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងកម្មវិធីគាំពារសង្គមជាច្រើន ដែលមានលក្ខណៈទូលំទូលាយ និងអាចបត់បែនបាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
តាមរយៈការពង្រីកវិសាលភាពគ្របដណ្តប់នេះ ប្រជាពលរដ្ឋកាន់តែច្រើននឹងទទួលបាននូវសេវាថែទាំសុខភាព ការគាំទ្រជីវភាព និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិត។ ការវិនិយោគលើប្រព័ន្ធគាំពារសង្គម គឺជាការវិនិយោគលើអនាគតរបស់ជាតិ ដែលធានាបាននូវសង្គមមួយដែលមានភាពធន់ រុងរឿង និងប្រកបដោយសមធម៌៕
