ក្រសួងទេសចរណ៍ និង វឌ្ឍនៈ ហ្គោល រីហ្សត បន្តកិច្ចសហការនាំព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោក មកកម្ពុជាជាថ្មីនៅឆ្នាំ២០២៦
01-09-2026 08:55
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតជូន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ចូលជួបពិភាក្សាការងារ ស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍វាយកូនហ្គោលលំដាប់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នាចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០២៦។
ជំនួបនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ព្រមទាំងអ្នកផលិតមាតិកាជាតិ និងអន្តរជាតិ។
ក្នុងឱកាសនោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានជម្រាបជូនលោករដ្ឋមន្ត្រីថា ក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត បានបន្តកិច្ចសហការជាមួយ Legends Tour ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអន្តរជាតិធំៗចំនួន២ នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ទី១ គឺ Vattanac Legends Championship ដែលនឹងរៀបចំពេញមួយសប្តាហ៍ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈការប្រកួតផ្លូវការនឹងធ្វើឡើងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា។
ព្រឹត្តិការណ៍ទី២ គឺ Vattanac Tour Championship ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រប្រចាំរដូវកាល (Season Finale) នៃ Legends Tour គ្រោងរៀបចំពេញមួយសប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ខណៈការប្រកួតផ្លូវការនឹងធ្វើឡើងពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ។
ព្រឹត្តិការណ៍ទាំងពីរ នឹងនាំមកនូវកីឡាវាយកូនហ្គោលអាជីពលំដាប់ពិភពលោក បទពិសោធកម្សាន្ត និងសកម្មភាពជាច្រើនសម្រាប់អ្នកគាំទ្រ ព្រមទាំងជួយលើកកម្ពស់ភាពទាក់ទាញរបស់កម្ពុជា ក្នុងនាមជាគោលដៅកីឡាទេសចរណ៍វាយកូនហ្គោលកម្រិតអន្តរជាតិដ៏មានសក្តានុពលក្នុងតំបន់។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Vattanac Legends Championship និង Vattanac Tour Championship ត្រូវបានរំពឹងថា នឹងទាក់ទាញកីឡាករវាយកូនហ្គោលល្បីៗលំដាប់ពិភពលោក អតីតម្ចាស់ជើងឯកពានរង្វាន់ធំៗ និងបុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គម (Influencers) ជាច្រើនរូប មកកាន់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងចំណោមកីឡាករល្បីៗដែលគ្រោងចូលរួម រួមមាន លោក Jamie Donaldson ដែលបានវាយគ្រាប់សម្រេចជ័យជម្នះឱ្យក្រុមអឺរ៉ុបក្នុងពានរង្វាន់ Ryder Cup ឆ្នាំ២០១៤ នៅ Gleneagles ប្រទេសស្កុតឡែន, លោក Michael Campbell ម្ចាស់ជើងឯក U.S. Open ឆ្នាំ២០០៥ នៅ Pinehurst No. 2, លោក David Howell ម្ចាស់ជើងឯក European Tour ចំនួន៥លើក, លោក Darren Fichardt ម្ចាស់ជើងឯក Vattanac Legends Championship Legacy Edition ឆ្នាំ២០២៥ និងលោក David Drysdale ម្ចាស់ជើងឯក Vattanac Legends Championship ឆ្នាំ២០២៥។
ជាមួយគ្នានេះ ក៏មានកីឡាករឆ្នើមជាច្រើនរូបទៀត ដូចជា Colin Montgomerie, Stephen Gallacher, Lee Westwood, Scott Hend, Paul Lawrie, Jeev Milkha Singh, Peter Baker, Ernie Els និង Darren Clarke ជាដើម។
សន្និសីទសារព័ត៌មានផ្លូវការស្តីពីព្រឹត្តិការណ៍ទាំងពីរ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
លើសពីនេះ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអន្តរជាតិទាំងពីរ នឹងទទួលបានការផ្សព្វផ្សាយទៅកាន់ទស្សនិកជននៅអាស៊ី អឺរ៉ុប និងអាម៉េរិក តាមរយៈបណ្ដាញផ្សព្វផ្សាយអន្តរជាតិធំៗ រួមមាន Sky Sports, GOLF Channel, CANAL+, VIASAT SPORT, SuperSport និង BTV News ជាដើម។
ការរៀបចំព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិនេះ មិនត្រឹមតែជួយលើកកម្ពស់វិស័យកីឡាទេសចរណ៍វាយកូនហ្គោលនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសំខាន់ក្នុងការផ្សព្វផ្សាយសន្តិភាព សុវត្ថិភាព បដិសណ្ឋារកិច្ច វប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិ ព្រមទាំងរួមចំណែកទាក់ទាញភ្ញៀវទេសចរដែលមានចំណាយខ្ពស់ និងពង្រឹងភាពជាគោលដៅសម្រាប់ព្រឹត្តិការណ៍កីឡាអន្តរជាតិរបស់កម្ពុជា៕














