លោក គង់ វិបុល ជួបសំណេះសំណាលជាមួយសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី និងប្រតិភូយុវជនទៅចូលរួមមហោស្រពយុវជនពិភពលោកឆ្នាំ២០២៦
31-08-2026 22:40
(ភ្នំពេញ)៖ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានពន្ធដារ (GDT Tower) លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាលជាមួយសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ដឹកនាំដោយលោកបណ្ឌិត ញិល រដ្ឋា និងប្រតិភូយុវជនកម្ពុជាចំនួន ១២រូប ដែលនឹងទៅចូលរួមមហោស្រពយុវជនពិភពលោកឆ្នាំ២០២៦ នៅទីក្រុងយេកាតឺរីនប៊ួក ប្រទេសរុស្ស៊ី។
ជំនួបនេះមានគោលបំណងចែករំលែកបទពិសោធន៍ និងអនុសាសន៍ស្តីពីភាពជាអ្នកដឹកនាំ ការអភិវឌ្ឍសមត្ថភាព ការតស៊ូមតិលើឆាកអន្តរជាតិ និងការចូលរួមអភិវឌ្ឍសង្គមជាតិ។
ក្នុងឱកាសនេះ លោក គង់ វិបុល បានចែករំលែកអំពីការធ្វើទំនើបកម្មរដ្ឋបាលពន្ធដារ តាមរយៈបរិវត្តកម្មឌីជីថល ដែលជួយលើកកម្ពស់តម្លាភាព ប្រសិទ្ធភាព និងភាពងាយស្រួលជូនប្រជាពលរដ្ឋ និងធុរជន ព្រមទាំងគោលការណ៍ អភិក្រមការងារ និងគុណតម្លៃនៃការដឹកនាំរបស់អគ្គនាយកដ្ឋានពន្ធដារ។ លោកក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចូលរួមក្នុងក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ី និងការសិក្សាស្រាវជ្រាវ (SGATAR)។
លោកបានរំលេចទស្សនទានរបស់សម្ដេចតេជោ ហ៊ុន សែន គឺ «កែទម្រង់រស់ មិនកែទម្រង់ស្លាប់» និងប្រសាសន៍ដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលលើកឡើងថា «គ្មានការកែទម្រង់ណាមួយងាយស្រួលនោះទេ ប៉ុន្តែដើម្បីទទួលបានជោគជ័យត្រូវការកត្តាបួនគឺ៖ ១. ត្រូវមានចក្ខុវិស័យច្បាស់លាស់ ២. ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ ៣. ត្រូវការការចូលរួម និង ៤. ត្រូវមានការលះបង់»។
ក្រោមការធ្វើទំនើបកម្មរដ្ឋបាលពន្ធដារ កម្ពុជាបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ និងសេវាឌីជីថលជាង ៧០ រួមមាន GDT Taxpayer App, e-Filing និង e-Payment។ ក្នុងរយៈពេល ៥ខែដំបូងឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានប្រមាណ ២ ០២៩លានដុល្លារអាមេរិក ស្មើប្រមាណ ៥៦,៤% នៃផែនការប្រចាំឆ្នាំ។ ចំណូលពន្ធដារបានកើនជិត ៧ដង ពី ៧៣០លានដុល្លារក្នុងឆ្នាំ២០១២ ដល់ ៣ ៥៧២លានដុល្លារក្នុងឆ្នាំ២០២៥ គ្រាដែល Tax-to-GDP Ratio កើនពីប្រមាណ ៩% ដល់ជិត ១៨% ក្នុងរយៈពេលដូចគ្នា។
ចំណូលពន្ធដារបានរួមចំណែកសំខាន់ដល់ការបើកប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ការកសាងផ្លូវ ស្ពាន សាលារៀន និងមន្ទីរពេទ្យ ការពង្រីកប្រព័ន្ធគាំពារសង្គម ព្រមទាំងការការពារអធិបតេយ្យភាព និងបេតិកភណ្ឌជាតិ។
ជំនួបនាថ្ងៃនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ ក្នុងការវិនិយោគលើមូលធនមនុស្ស (human capital) ជាពិសេសការជំរុញយុវជនកម្ពុជាឱ្យមានសមត្ថភាព ទំនុកចិត្តក្នុងការតំណាងកម្ពុជាលើឆាកអន្តរជាតិ ជ្រោមជ្រែងយុវជនជំនាន់ក្រោយឱ្យក្លាយជាទំពាំងស្នងឫស្សី ប្រកបដោយចំណេះដឹង និងស្មារតីស្នេហាជាតិ សំដៅរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។
សូមជម្រាបថា មហោស្រពយុវជនអន្តរជាតិ ឆ្នាំ២០២៦ នៅទីក្រុងយេកាតឺរីនប៊ួក ប្រទេសរុស្ស៊ី នឹងប្រមូលផ្តុំយុវជនប្រមាណ ១០ ០០០នាក់ ក្នុងនោះ ៥ ០០០នាក់មកពីបរទេស និងមកពីប្រមាណ ១៩៥ប្រទេស ដើម្បីផ្លាស់ប្តូរគំនិត វប្បធម៌ និងបទពិសោធន៍ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ និងការយល់ដឹងរវាងយុវជនអន្តរជាតិ៕















