ក្នុងខែសីហា ACU ពិនិត្យ សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងមន្ត្រីការបរទេសលួចលក់ទិដ្ឋាការពិសេសបានប្រាក់ ៣លានដុល្លារ ទៅតុលាការ
31-08-2026 20:40
(ភ្នំពេញ)៖ ក្នុងខែសីហា ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន ៣៣ ពាក្យប្ដឹង។ ក្នុងចំណោមនោះ ACU ក៏បានបញ្ជូនសំណុំរឿងមន្ត្រីក្រសួងការបរទេសលួចលក់សន្លឹកទិដ្ឋាការពិសេស ដែលរកបានប្រាក់ក្នុងរង្វង់ ៣លានដុល្លារអាម៉េរិក ទៅសាលាដំបូងរាជធានីភ្នំពេញ។
នេះបើយោងតាមរបាយការណ៍របស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អ.ប.ព. ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បង្ហាញនៅក្នុងកិច្ចប្រជុំលើកទី១៣ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព។
តាមរបាយការណ៍របស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ដដែល ACU បានរម្លឹកថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ អ.ប.ព. បានបញ្ជូនសំណុំរឿង និងជនសង្ស័យ ៣នាក់ រួមមានទី១៖ ឈ្មោះ ថូ សំណាង ភេទ ប្រុស មុខរបរ ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឋានៈ អគ្គនាយក ដែលជាប់សង្ស័យក្នុងអំពើ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់ និងជនសង្ស័យ ២នាក់ទៀតរួមមានឈ្មោះ ណុប រដ្ឋា ភេទប្រុស មុខរបរ អនុប្រធានការិយាល័យកិច្ចគាំពារពលរដ្ឋខ្មែរ នាយកដ្ឋាន កិច្ចការកុងស៊ុល និងឈ្មោះ យស់ រ៉ាណេ ភេទប្រុស មុខរបរ អតីតមន្រ្តីកិច្ចសន្យា នៃនាយកដ្ឋាន កិច្ចការកុងស៊ុល ដែលជាប់សង្ស័យក្នុងអំពើសមគំនិត បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់។
នោក្នុងសំណុំរឿងនេះ ACU បានរកឃើញថាឈ្មោះ ថូ សំណាង បានលួចយកសន្លឹកទិដ្ឋាការ ប្រភេទ C និង Cex ជាង ៦ ០០០ សន្លឹកប្រើប្រាស់ដោយខុសច្បាប់ ហើយជាង ៤ ០០០សន្លឹកទៀត ខ្លួនបានបំផ្លាញចោល។
ACU ក៏បានរកឃើញថា សន្លឹកទិដ្ឋាការ ដែលបានលួចបញ្ចេញដោយខុសច្បាប់នោះ ត្រូវបានប្រើប្រាស់ដោយជនបរទេស ដែលជាពួក online scams ។ អំពើល្មើសនេះ ត្រូវបានប្រពឹត្ត និងសមគំនិតប្រព្រឹត្តដោយជនសង្ស័យទាំង ៣ នាក់ខាងលើ។
គួរឱ្យដឹងថា នាថ្ងៃទី២៩ ខែសីហាថ្មីៗនេះ ACU បានបញ្ជាក់ពីការរកឃើញថា ជនល្មើស ថូ សំណាង និងបក្ខពួក រកប្រាក់ប្រមាណ ៣លានដុល្លារ ពីការលក់ទិដ្ឋាការប្រភេទC និង CEX ឱ្យក្រុមមនុស្សដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ និងផ្សេងៗ។
ACU បានបញ្ជាក់ទៀតថា ជនល្មើសឈ្មោះ ថូ សំណាង, ឈ្មោះ ណុប រដ្ឋា និងឈ្មោះ យស់ រ៉ាណេ នៅមាន បទល្មើសទៀត ដែល ACU នឹងបន្តសុំធ្វើការចោទប្រកាន់ពីអយ្យការ និងតុលាការនៅពេលខាងមុខនេះទៀត។
ACU បានបន្ថែមថា ប្រតិបត្ដិការនេះ បានធ្វើឡើងដោយមានកិច្ចសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, និងក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍)។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា៖ «លោក ថូ សំណាង បានសារភាពលួចយកសន្លឹកទិដ្ឋការប្រភេទ C និង Cex ប្រើប្រាស់ខុសច្បាប់ ជាង ៦០០០សន្លឹក ហើយចំណែកសន្លឹកនៅសល់ ៤ពាន់សន្លឹក ACU កំពុងតាមរកដែលគាត់ថាបានកំទេចចោល។ យើងរកឃើញសន្លឹកទិដ្ឋាការរបស់ដែលគាត់បានបញ្ចេញដោយខុសច្បាស់ត្រូវបានជនបរទេស Online Scams ប្រើបាស់»។
លោក ថូ សំណាង ត្រូវសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងពី អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយតែងតាំងលោកជាទីប្រឹក្សាក្រសួងជំនួសវិញ មានឋានៈស្មើអគ្គនាយក៕

















