មន្រ្តីនគរបាលចរាចរណ៍ស័ក្តិ៣ឈ្មោះ ហោ ផល្លី ត្រូវផ្អាកការងារ និងមន្រ្តីកិច្ចសន្យាឈ្មោះ ស៊ឹម រដ្ឋា ត្រូវបណ្តេញចេញពីការងារ ទារប្រាក់ ៥០០ដុល្លារ ពីជនបរទេស
31-08-2026 20:23
(ភ្នំពេញ)៖ មន្រ្តីនគរបាលចរាចរណ៍ស័ក្តិ៣ឈ្មោះ ហោ ផល្លី ត្រូវផ្អាកការងារ និងមន្រ្តីកិច្ចសន្យាឈ្មោះ ស៊ឹម រដ្ឋា ត្រូវបណ្តេញចេញពីការងារ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ រឿងទារប្រាក់៥០០ដុល្លារ ពីជនបរទេស។
ករណីជម្រិតទារប្រាក់ បានកើតឡើងនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅគោលដៅផ្លូវម៉ៅសេទុង ពេលជនបរទេសទាំង២នាក់ ធ្វើដំណើរទើបត្រឡប់ពីខេត្តកំពត។ ករណីនេះដែរ ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង នៅពេលការអនុវត្តចរាចរណ៍ លើសពីការងារជានគរបាលចរាចរណ៍។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះករណីនេះ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែននគរបាលចរាចរណ៍ បានធ្វើការស្រាវជ្រាវជាបន្ទាន់ និងបានអញ្ជើញមន្រ្តីនគរបាលចរាចរណ៍ម្នាក់ និងមន្រ្តីកិច្ចសន្យាម្នាក់ ដែលពាក់ព័ន្ធបញ្ហានេះ មកសួរនាំនៅការិយាល័យនគរបាលចរាចរណ៍។
លោកបានបន្តថា ក្រោយមានការសួរនាំរួច តាមបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកអនុសេនីយ៍ឯក ហោ ផល្លី ត្រូវបានឲ្យផ្អាកការងារបណ្តោះអាសន្ន អនុវត្តវិន័យ នៅការិយាល័យបុគ្គលិកនៃផែនការងារធនធានមនុស្ស ដើម្បីធ្វើរបាការណ៍សុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បន្តនីតិវិធី។ ដោយឡែក មន្រ្តីកិច្ចសន្យា ឈ្មោះ ស៊ឹម រដ្ឋា ត្រូវស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើសុំទៅរដ្ឋបាលរាជធានីភ្នំពេញ បណ្តេញចេញពីមន្រ្តីកិច្ចសន្យារបស់រដ្ឋបាលរាជធានីភ្នំពេញ។
ថវិកាដែលមន្រ្តីខាងលើយកពីជនបរទេស ត្រូវប្រគល់ឲ្យជនបរទេសនោះវិញហើយ៕




