ឥណ្ឌូណេស៊ី និងអាមេរិក ចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំទ្រង់ទ្រាយធំ (Video inside)
31-08-2026 19:57
(បានឌុង)៖ សហរដ្ឋអាមេរិក និងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ដែលនេះគឺជាសមយុទ្ធលើកដំបូងបង្អស់ ចាប់តាំងពីប្រទេសទាំងពីរបានប្រកាសពីភាពជាដៃគូការពារជាតិថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សមយុទ្ធ "Super Garuda Shield" នេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១១ ខែកញ្ញា ដោយមានការចូលរួមពីកងកម្លាំងជាង ៤,៧០០នាក់ និងមានប្រទេសចំនួន ១៣ ផ្សេងទៀតចូលរួមផងដែរ ដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងកាណាដា។ សមយុទ្ធនេះរួមមានការហ្វឹកហាត់លោតឆ័ត្រយោង ការបាញ់មីស៊ីល ការហ្វឹកហាត់ក្នុងព្រៃ សមយុទ្ធជើងទឹក និងការការពារសន្តិសុខសាយប័រ។
ការធ្វើសមយុទ្ធនេះ កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើភាពជាដៃគូសហប្រតិបត្តិការការពារជាតិកាលពីខែមេសា ដែលទីក្រុងហ្សាកាតា (Jakarta) រំពឹងថានឹងទទួលបានការគាំទ្រពីអាមេរិកក្នុងការធ្វើទំនើបកម្មយោធា។ មេបញ្ជាការកងទ័ពអាមេរិកបានសង្កត់ធ្ងន់ថា សមយុទ្ធនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងទ្វេភាគី។
ទោះជាយ៉ាងណា ឥណ្ឌូណេស៊ីនៅតែប្រកាន់ខ្ជាប់គោលនយោបាយមិនចូលបក្សសម្ព័ន្ធ ដោយប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានប្តេជ្ញារក្សាទំនាក់ទំនងល្អជាមួយទាំងអាមេរិក និងចិន។ ជាក់ស្តែង កាលពីដើមខែនេះ ឥណ្ឌូណេស៊ីក៏ទើបតែបានយល់ព្រមពង្រឹងចំណងយោធាជាមួយទីក្រុងប៉េកាំងផងដែរ។
ក្រៅពីការហ្វឹកហាត់យោធា សមយុទ្ធនេះក៏រួមបញ្ចូលការហ្វឹកហាត់សង្គ្រោះគ្រោះមហន្តរាយផងដែរ ដោយសារឥណ្ឌូណេស៊ីតែងតែងាយរងគ្រោះដោយការរញ្ជួយដី និងភ្លើងឆេះព្រៃ ដែលថ្មីៗនេះគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ ទើបតែបានសម្លាប់មនុស្សជាង ១០០នាក់៕

