FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបរិស្ថាន និង UNDP ប្តេជ្ញារួមគ្នាពង្រឹងពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង និងរឹងមាំក្នុងការការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា

31-08-2026 17:51

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា (UNDP) នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានប្តេជ្ញារួមគ្នាពង្រឹងពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង និងរឹងមាំក្នុងការការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា។

វេទិកានេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តសសរស្តម្ភយុទ្ធសាស្ត្រការទូតបរិស្ថាន ដែលផ្តោតលើរបៀបវារៈសំខាន់ៗដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។

លោក Enrico Gaveglia នាយកប្រចាំប្រទេសនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើការការពារបរិស្ថាន ការអភិវឌ្ឍបៃតង និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

នាយកអង្គការ UNDP បានលើកឡើងបន្ថែមថា UNDP មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្រកម្មវិធី និងការវិនិយោគ របស់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពបរិស្ថាន។

ក្នុងឱកាសនេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ UNDP ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះ កិច្ចសន្ទនានាថ្ងៃនេះ ដែលជាគំនិតផ្តួចផ្តើមដំបូងគេ ក្នុងការកសាងដៃគូដ៏រឹងមាំបន្ថែមទៀតរវាងក្រសួងបរិស្ថាន និង UNDP ក្នុងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ យូរអង្វែង និងការពន្លឿនការផ្លាស់ប្តូរ ពីគោលនយោបាយ ទៅជាសកម្មភាពជាក់ស្តែង ដើម្បីចីរភាពបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍដោយចីរភាព។

លោកបានមានប្រសាសន៍ថា៖ «យើងទាំងអស់គ្នា រួមគ្នាប្រែក្លាយការប្តេជ្ញាចិត្តបរិស្ថាន និងអាកាសធាតុរបស់កម្ពុជា ឱ្យទៅជាការវិនិយោគជាក់ស្តែង និងលទ្ធផលស្ថិតស្ថេរយូរអង្វែងសម្រាប់ប្រជាជន ធម្មជាតិ និងជំនាន់ក្រោយ»

សូមបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រនេះ ក្រសួងបរិស្ថាន និង UNDP កម្ពុជា បានរុញច្រានការអនុវត្តអាទិភាពបរិស្ថានជាតិសំខាន់ៗ ស្ថិតក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨, ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជាដំបូង (CCCSP 2014-2023) និងដំណាក់កាលទីពីរ (CCCSP 2024-2033), ព្រមទាំងការចូលរួមចំណែកផ្អែកលើការប្តេជ្ញាចិត្តរបស់ជាតិ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុធ្វើបច្ចុប្បន្នភាព (NDC 2.0) និងលើកទីបី (NDC 3.0) របស់កម្ពុជា ដែលរួមចំណែកដល់ការលើកកម្ពស់ចីរភាពបរិស្ថាន ជីវភាពរស់នៅប្រកបដោយចីរភាព ភាពស៊ាំនឹងអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចបរិយាបន្ន។

បច្ចុប្បន្ន ក្រសួងបរិស្ថាន និង UNDP កម្ពុជា កំពុងអនុវត្តគម្រោងចំនួន១៥ ដែលកំពុងដំណើរការ ដោយគ្របដណ្តប់លើវិស័យប្រធានបទយ៉ាងទូលំទូលាយ រួមមាន៖
ការប្រែប្រួលអាកាសធាតុ ផែនការបន្ស៊ាំជាតិ (NAP) ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការគ្រប់គ្រងតំបន់ទេសភាពប្រកបដោយចីរភាព សេដ្ឋកិច្ចវិលជុំ និងការគ្រប់គ្រងសំណល់ ការគ្រប់គ្រងសារធាតុគីមី ការស្តារព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី ទីផ្សារកាបូន (មាត្រា ៦) អភិបាលកិច្ចបរិស្ថាន ដំណោះស្រាយផ្អែកលើធម្មជាតិ ហិរញ្ញវត្ថុប្រកបដោយចីរភាព និងការអនុវត្តអនុសញ្ញាបរិស្ថានអន្តរជាតិនានា។

នៅក្នុងទិសដៅបន្ត គម្រោង/គំនិតផ្តួចផ្តើមចំនួន២០ កំពុងដំណើរការរវាងក្រសួងបរិស្ថាន និងអង្គការ UNDP ដោយមានថវិកាសរុបប្រមាណ ៤៧.២៥លានដុល្លារអាមេរិក រួមទាំងថវិកាប្រមាណ ៤០.០៤លានដុល្លារអាមេរិក ដែលត្រូវបានគាំត្រ និងខ្លះបានចុះកិច្ចសន្យាចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥។

ក្នុងវេទិការរៀបចំឡើងនភពេលនេះ ក្រសួងបរិស្ថានគ្រោងរៀបចំសំណើជាក់លាក់ជូន UNDP ដើម្បីកៀរគរការគាំទ្រ សម្រាប់កម្មវិធីបរិស្ថាន និងអាកាសធាតុអាទិភាព ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ សម្រាប់ឆ្នាំខាងមុខទៀត៕