Fresh Exclusive: មហន្តរាយបាក់ផ្ទាំងទឹកកកនៅនេប៉ាល់-ទីបេតិ៍៖ ហេតុអ្វីមនុស្សខ្លះរស់ ខណៈអ្នកនៅក្បែរគ្នាស្លាប់ ឬបាត់ខ្លួន? (Video inside)
31-08-2026 17:42
(ភ្នំពេញ)៖ នៅពេលម៉ាសទឹក ភក់ ថ្ម និងទឹកកកដ៏មហិមា បោកបក់ចុះតាមជ្រលងភ្នំហិមាល័យក្នុងល្បឿនជាង ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ផ្ទះ ស្ពាន និងផ្លូវថ្នល់អាចត្រូវបំផ្លាញក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ ហេតុអ្វីមនុស្សខ្លះអាចរស់រាន ខណៈមនុស្សដែលនៅក្បែរគ្នាខ្លះទៀតត្រូវទឹកកួចបាត់?
សម្រាប់កម្មករនេប៉ាល់អាយុ២៤ឆ្នាំម្នាក់ឈ្មោះ ប៊ីបេក គូម៉ាល់ Bibek Kumal, ជីវិតរបស់គាត់ត្រូវបានរស់ដោយសារ ដើមស្វាយមួយដើម។ សម្រាប់បុរសវ័យ៦៨ឆ្នាំម្នាក់ទៀត គាត់រួចជីវិត ក៏ពិតមែន ប៉ុន្តែភរិយាដែលនៅក្បែរគ្នា បែរជាត្រូវភក់កួចយកទៅបាត់។ ចំណែកលោកយាយ អាយុ៩៥ឆ្នាំ និងសិស្សមួយក្រុមទៀត បានរួចជីវិត ដោយមូលហេតុខុសៗគ្នា។
Fresh Exclusive៖ មានអត្ថបទ បង្ហាញពីមូលហេតុដែលពាក់ព័ន្ធនឹងការស្លាប់និងរស់របស់ មនុស្សមួយចំនួនក្នុងហេតុការណ៍គ្រោះទឹកជំនន់ នេប៉ាល់-ទីបេតិ៍ នេះ៖
ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក Bibek Kumal កំពុងជីករណ្តៅបង្គន់ជម្រៅប្រហែល ១,៥ម៉ែត្រ នៅខាងក្រៅផ្ទះទើបសាងសង់មួយនៅសង្កាត់ Bidur ស្រុក Nuwakot ខេត្ត Bagmati នៃប្រទេសនេប៉ាល់។
ភ្លាមៗនោះ គាត់បានឮសំឡេងខ្លាំងមួយ។ មិត្តរួមការងារបួននាក់នៅខាងលើ បានស្រែកប្រាប់ឱ្យគាត់ឡើងលើ និងរត់គេច។ Kumal ឡើងពីរណ្តៅ ហើយចាប់ផ្តើមរត់។ ប៉ុន្តែជញ្ជាំងទឹកបានមកដល់។ គាត់ប្រាប់ទីភ្នាក់ងារ Reuters ពីគ្រែមន្ទីរពេទ្យ National Trauma Centre ក្នុងទីក្រុង
Kathmandu ថា ទឹកបានមកជាមួយសំឡេងដ៏ខ្លាំង ដូចជាមានរញ្ជួយដី។ ម៉ាសទឹក ភក់ និងកម្ទេចកម្ទីបានកួចគាត់យកទៅជាមួយ។ ប៉ុន្តែគាត់បានជាប់នឹងដើមស្វាយមួយ ហើយរស់រានមានជីវិត។
លោក Kumal បានប្រាប់ Reuters ថា បើគ្មានដើមស្វាយនោះទេ គាត់ប្រហែលជាត្រូវទឹកកួចយកទៅស្លាប់។ គាត់បានរងរបួសជើង ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅទីក្រុង Kathmandu។
ការរស់រានរបស់ Kumal មិនមានន័យថា ដើមស្វាយមួយអាចទប់ទល់នឹងកម្លាំងទាំងមូលនៃ «ជញ្ជាំងទឹក» បានទេ។ ប្រសិនបើដើមឈើមួយដើម ទទួលការបោកបក់ដោយផ្ទាល់ពីម៉ាសទឹក ភក់ ថ្ម និងកម្ទេចកម្ទីដ៏ធំ វាក៏អាចបាក់ ឬត្រូវរំលើងឫសបានដែរ។
ប៉ុន្តែអ្វីដែលអាចកំណត់ថា វត្ថុមួយ នឹងទប់ទល់បានឬអត់ គឺអាស្រ័យលើ ទីតាំង ល្បឿនទឹក កម្លាំងដែលបោកប៉ះ និងស្ថានភាពនៅជុំវិញវា។
តាមវិទ្យាសាស្ត្រអំពីចលនារបស់សារធាតុរាវ ឬ Fluid Mechanics កម្លាំងដែលលំហូរទឹកបោកលើវត្ថុ កើនឡើងយ៉ាងខ្លាំងនៅពេលល្បឿនទឹកកើន។ និយាយឱ្យងាយយល់៖ បើល្បឿនទឹកកើនទ្វេដង កម្លាំងបោកឬទាញលើវត្ថុអាចកើនដល់ប្រហែលបួនដង ប្រសិនបើកត្តាផ្សេងៗនៅដដែល។
ហេតុនេះ មនុស្សដែលស្ថិតនៅកណ្តាលខ្សែទឹកដ៏លឿន និងមនុស្សដែលត្រូវកួចទៅដល់តំបន់ដែលលំហូរខ្សោយជាង អាចទទួលកម្លាំងខុសគ្នាយ៉ាងខ្លាំង។
យើងមិនមានទិន្នន័យគ្រប់គ្រាន់ដើម្បីដឹងថា ដើមស្វាយដែលជួយ Kumal ស្ថិតនៅចំណុចណានៃលំហូរ ឬបានទទួលកម្លាំងប៉ុនណានោះទេ។ ប៉ុន្តែតាមសក្ខីកម្ម ដែលគាត់ផ្តល់ឱ្យ Reuters អ្វីដែលយើងអាចបញ្ជាក់បានគឺ៖ ក្រោយទឹកកួចគាត់ទៅ ដើមស្វាយនោះបានក្លាយជាចំណុចទប់ ដែលរារាំងមិនឱ្យគាត់បន្តត្រូវទឹកកួចទៅឆ្ងាយជាងនេះ។
ដូច្នេះ ករណី Kumal មិនបង្ហាញថា «ដើមស្វាយខ្លាំងជាងជញ្ជាំងទឹក» ទេ។ វាបង្ហាញថា ក្នុងគ្រោះទឹកជំនន់ដ៏ខ្លាំង ទីតាំង ល្បឿននៃលំហូរ និងវត្ថុដែលអាចទប់រាងកាយបាននៅពេលដ៏សំខាន់មួយ អាចធ្វើឱ្យលទ្ធផលរវាងការរស់ និងការស្លាប់ខុសគ្នា។ ករណីរបស់លោក Kumal មិនមែនជាករណីមនុស្សតែម្នាក់ដែលរួចផុតពីគ្រោះមហន្តរាយនេះទេ។
គិតត្រឹមថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរបានរាយការណ៍ថា គ្រោះមហន្តរាយនៅនេប៉ាល់ និងទីបេត៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩១៩នាក់ និងធ្វើឱ្យមនុស្ស ៤,៧៩៣នាក់ទៀតបាត់ខ្លួន។ ក្នុងនោះ នៅនេប៉ាល់មានអ្នកស្លាប់ ៩០៣នាក់ និងបាត់ខ្លួន ៤,២៤៧នាក់ ខណៈនៅទីបេត៍របស់ចិន មានអ្នកស្លាប់ ១៦នាក់ និងបាត់ខ្លួន ៥៤៦នាក់។ចំណែកតួលេខដែលអាជ្ញាធរនេប៉ាល់រាយការណ៍កាលពីថ្ងៃអាទិត្យ បង្ហាញថា មនុស្សយ៉ាងហោចណាស់ ៧,៥១៤នាក់ត្រូវបានជួយសង្គ្រោះ ខណៈប្រតិបត្តិការស្វែងរក និងសង្គ្រោះនៅតែបន្ត។
*មនុស្សពីរនាក់នៅជិតគ្នា អាចមានវាសនាខុសគ្នា
អ្នករស់រានមានជីវិតម្នាក់ទៀត គឺលោក Keshav Prasad Baral អាយុ៦៨ឆ្នាំ ប៉ុន្តែភរិយារបស់គាត់ដែលនៅក្បែរគ្នា ដែលត្រូវទឹក និងភក់កួចយកទៅ ហើយនៅតែបាត់ខ្លួននៅពេលលោកផ្តល់សក្ខីកម្ម។
លោក Baral បានពណ៌នាថា ម៉ាសភក់ដ៏ធំកំពុងបោះពួយមកត្រង់កន្លែងពួកគាត់ ហើយកាន់តែខ្ពស់ឡើង នៅពេលវាកាន់តែខិតជិតមកដល់។
នៅពេលភក់ចូលដល់ផ្ទះ លោកបានព្យាយាមចាប់ដៃភរិយា ដើម្បីនាំនាងឡើងទៅកន្លែងខ្ពស់។ ប៉ុន្តែគាត់មិនអាចទប់នាងបាន ហើយភក់បានកួចនាងទៅបាត់។ លោក Baral ខ្លួនឯងនៅរស់។ ហើយប្រហែល៤ទៅ៥ម៉ោងក្រោយ ឧទ្ធម្ភាគចក្របានមកជួយសង្គ្រោះគាត់។
ប៉ុន្តែនៅពេលផ្តល់សក្ខីកម្ម ភរិយារបស់គាត់នៅតែបាត់ខ្លួនរកមិនទាន់ឃើញឡើយ។
លោកបាននិយាយថា៖ «ប្រពន្ធរបស់ខ្ញុំនៅកន្លែងណាមួយក្រោមភក់។ នាងបាត់ទៅហើយ»។
សក្ខីកម្មរបស់លោក Baral បង្ហាញពីគ្រោះថ្នាក់នៃជំនន់ទឹកឡើងភ្លាមៗ flash flood៖ មនុស្សពីរនាក់ដែលនៅក្នុងផ្ទះតែមួយ ហើយប្រឈមគ្រោះថ្នាក់ក្នុងពេលតែមួយ អាចមានលទ្ធផលខុសគ្នាទាំងស្រុង។
ក្នុងគ្រោះមហន្តរាយបែបនេះ ភាពខុសគ្នាត្រឹមពីរបីម៉ែត្រ ពីរបីវិនាទី ឬការអាចទៅដល់ទីតាំងខ្ពស់ជាង អាចកំណត់ឱកាសរស់រានរបស់មនុស្សម្នាក់។
ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ឈ្មោះ Rihana Lamichhane ក៏ស្ថិតក្នុងចំណោមអ្នករស់រានមានជីវិតដែល Reuters បានរាយការណ៍។ នាងរងរបួសនៅពេលឆ្លងកាត់ទឹក ក្រោយសាលារៀនត្រូវបានបិទដោយសារគ្រោះទឹកជំនន់។
*ស្ត្រីវ័យជិត១០០ឆ្នាំ ជាប់ក្នុងភក់ជាច្រើនម៉ោង ប៉ុន្តែនៅរស់
រឿងរស់រានដ៏គួរឱ្យកត់សម្គាល់មួយទៀត គឺករណីលោកយាយ Guna Maya Bohra អាយុ៩៧ឆ្នាំ។ របាយការណ៍ក្រោយហេតុការណ៍ដែលបានតាមរកគ្រួសាររបស់លោកយាយ បញ្ជាក់ថា គាត់រស់នៅតំបន់ Kabilash ក្នុងស្រុក Nuwakot ដែលត្រូវទឹក ភក់ និងកម្ទេចកម្ទីវាយប្រហារ។
លោកយាយ មិនត្រូវបានជួយចេញភ្លាមៗនោះទេ។ គាត់បានជាប់ក្នុងភក់ប្រហែល ៨ទៅ៩ម៉ោង ខណៈផ្ទះ និងផ្លូវនៅជុំវិញត្រូវបំផ្លាញ ធ្វើឱ្យក្រុមសង្គ្រោះពិបាកចូលទៅដល់។
ចៅប្រុសរបស់គាត់បានប្រាប់ The National ថា ទីបំផុតក្រុមគ្រួសារបានឃើញចលនាតិចៗពីលោកយាយ—គាត់កំពុងកម្រើកក្បាល។ នោះជាសញ្ញាថា គាត់នៅមានជីវិត។
ក្រុមសង្គ្រោះ និងសាច់ញាតិ បានប្រឹងយកលោកយាយចេញពីភក់ និងកម្ទេចកម្ទី។ ដោយសាររថយន្តសង្គ្រោះមិនអាចចូលទៅដល់បាន គ្រឿងចក្រធុនធ្ងន់ ត្រូវបានប្រើដើម្បីបើកផ្លូវ ហើយក្រោយរំដោះលោកយាយបាន ពួកគេបានដាក់គាត់ក្នុងធុងខាងមុខរបស់គ្រឿងចក្រ ដើម្បីនាំឆ្លងកាត់តំបន់ភក់ទៅកាន់ទីសុវត្ថិភាព មុនបញ្ជូនទៅព្យាបាលនៅទីក្រុង Kathmandu។
អ្វីដែលធ្វើឱ្យការរស់រាននេះកាន់តែគួរឱ្យកត់សម្គាល់ គឺលោកយាយបានជាប់ក្នុងភក់អស់ជាច្រើនម៉ោង ប៉ុន្តែរួចជីវិតដោយមិនមានរបួសធ្ងន់ធ្ងរ។
ប៉ុន្តែមនុស្សជាច្រើននៅជុំវិញគាត់មិនមានសំណាងដូចគ្នាទេ។ សាច់ញាតិមួយចំនួនរបស់លោកយាយ និងមនុស្សជាច្រើននៅក្នុងតំបន់នៅតែបាត់ខ្លួន នៅពេលគ្រួសារផ្តល់សក្ខីកម្ម។
*សិស្សមួយក្រុមរស់រាន ដោយសារពេលសម្រាកអាហារថ្ងៃត្រង់
ទីភ្នាក់ Associated Press បានរាយការណ៍នៅថ្ងៃទី៣១ ខែសីហាអំពីការរស់រានមានជីវិត របស់សិស្សជាច្រើននាក់។
នៅសាលាមួយក្នុងស្រុក Dhading ប្រទេសនេប៉ាល់ សិស្សភាគច្រើនបានរួចជីវិតពីគ្រោះទឹកជំនន់ ខណៈសាលាត្រូវទឹកជំនន់វាយប្រហារ។
មូលហេតុសំខាន់មួយគឺ នៅពេលគ្រោះថ្នាក់កំពុងមកដល់ សិស្សកំពុងស្ថិតក្នុងពេលសម្រាកអាហារថ្ងៃត្រង់ ហើយគ្រូបានចាត់វិធានការជម្លៀសពួកគេចេញពីថ្នាក់រៀនយ៉ាងឆាប់រហ័ស មុនរលកទឹកបោកបក់ចូលតំបន់។
ទីភ្នាក់ងារ Associated Press រាយការណ៍ថា គ្រោះមហន្តរាយនេះបានបំផ្លាញ ឬធ្វើឱ្យខូចខាតសាលារៀនយ៉ាងហោចណាស់ ៦៩កន្លែង ក្នុងតំបន់រងគ្រោះ ហើយប៉ះពាល់ដល់ការសិក្សារបស់កុមារជិត ១៩,០០០នាក់។
*អ្នករស់រានមានជីវិតរាប់ពាន់នាក់—ប៉ុន្តែពួកគេមិនសុទ្ធតែបានឆ្លងកាត់«រលកទឹក»ដោយផ្ទាល់ទេ
មនុស្សរាប់ពាន់នាក់ត្រូវបានក្រុមសង្គ្រោះនាំចេញពីតំបន់រងគ្រោះទាំងនៅនេប៉ាល់ និងទីបេត៍របស់ចិន។ ប៉ុន្តែតួលេខនេះមិនមានន័យថា ពួកគេទាំងអស់សុទ្ធតែត្រូវជញ្ជាំងទឹកកួច ហើយរស់រានដូច Bibek Kumal នោះទេ។
ពួកគេរួមមានអ្នកដែលត្រូវបានជម្លៀស អ្នកជាប់នៅតំបន់ដែលផ្លូវត្រូវបានកាត់ផ្តាច់ អ្នកទេសចរ និងអ្នកដែលត្រូវឧទ្ធម្ភាគចក្រ ឬក្រុមសង្គ្រោះនាំចេញពីតំបន់គ្រោះថ្នាក់។
ក្នុងចំណោមនេះ ករណីរបស់យុវជន២៤ឆ្នាំ Bibek Kumal គឺជាភព្វសំណាងមួយក្នុងគ្រោះ មហន្តរាយ នេះ៖ គាត់មិនត្រឹមតែស្ថិតនៅតំបន់រងគ្រោះទេ ប៉ុន្តែត្រូវខ្សែទឹកកួចយកទៅរួចហើយ មុនដើមស្វាយមួយ បានក្លាយជាចំណុចទប់រាងកាយរបស់គាត់។
សេចក្តីសន្និដ្ឋាន៖ តើអ្នករស់រានពីគ្រោះមហន្តរាយនេះ ផ្តល់មេរៀនអ្វីខ្លះ?
សក្ខីកម្មរបស់អ្នករស់រានពីគ្រោះមហន្តរាយនេប៉ាល់–ទីបេត៍ មិនត្រឹមតែជារឿងរ៉ាវនៃការរួចផុតពីសេចក្តីស្លាប់ប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់មេរៀនអំពីអ្វីដែលអាចបង្កើនឱកាសរស់រាន នៅពេលគ្រោះមហន្តរាយកើតឡើង។
តើហេតុអ្វី Bibek Kumal អាចរស់រាន ខណៈកម្លាំងទឹកអាចបំផ្លាញផ្ទះ ផ្លូវ និងស្ពានបាន?ចម្លើយគឺ៖ មិនមែនដោយសារដើមស្វាយខ្លាំងជាង «រលកទឹកដ៏ខ្លាំង» នោះទេ។ ការរស់រានរបស់ Kumal កើតឡើងក្រោមលក្ខខណ្ឌជាក់លាក់មួយ៖ ទីតាំងរបស់គាត់ កម្លាំងនៃលំហូរដែលប៉ះរាងកាយ និងដើមស្វាយ ដែលបានក្លាយជាចំណុចទប់ មិនឱ្យគាត់បន្តត្រូវទឹកកួចទៅឆ្ងាយជាងនេះ។
ករណីរបស់លោក Keshav Prasad Baral អាយុ៦៨ឆ្នាំ បង្ហាញថា មនុស្សពីរនាក់ដែលនៅក្បែរគ្នា និងប្រឈមគ្រោះថ្នាក់ក្នុងពេលតែមួយ អាចមានវាសនាខុសគ្នា។
ករណីលោកយាយ Guna Maya Bohra អាយុ៩៧ឆ្នាំ បង្ហាញថា ទោះស្ថិតក្នុងតំបន់ដែលមានការបាត់បង់ជីវិតធ្ងន់ធ្ងរ ការស្វែងរកអ្នករស់រាននៅតែមានតម្លៃ ព្រោះជីវិតមួយអាចនៅរង់ចាំការសង្គ្រោះ។
ចំណែកសិស្សនៅស្រុក Dhading បង្ហាញមេរៀនមួយទៀតដែលសំខាន់ជាងការពឹងលើសំណាង៖ ការជួនដំណឹងឱ្យចាកចេញពីផ្លូវគ្រោះថ្នាក់ មុនទឹកជំនន់មកដល់។
ហេតុនេះ មេរៀនធំបំផុតពីអ្នករស់រានទាំងនេះ មិនមែនថា «នៅពេលទឹកមក ត្រូវរកដើមឈើដើម្បីចាប់» នោះទេ។ នៅពេលមនុស្សត្រូវ «ជញ្ជាំងទឹក» កួចយកទៅរួចហើយ ឱកាសគ្រប់គ្រងស្ថានការណ៍ដោយខ្លួនឯងមានតិចណាស់ ហើយការរស់រានអាចពឹងផ្អែកលើទីតាំង ពេលវេលា អ្វីដែលនៅជុំវិញ និងសំណាង។
ដើមស្វាយមួយដើមបានជួយសង្គ្រោះ Bibek Kumal ម្នាក់។ ប៉ុន្តែសម្រាប់មនុស្សរាប់ពាន់នាក់ដែលរស់នៅតាមជ្រលងភ្នំ និងដងទន្លេ អ្វីដែលអាចការពារជីវិតបានល្អជាងការរង់ចាំសំណាង គឺការរកឃើញសញ្ញាគ្រោះថ្នាក់ឱ្យបានមុន ការព្រមានឱ្យបានទាន់ពេល និងការជម្លៀសទៅកាន់ទីសុវត្ថិភាព មុន «រលកទឹកដ៏ខ្លាំង» បានមកដល់៕
