នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ណែនាំឱ្យកងកម្លាំងទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន
31-08-2026 17:37
(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦នេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
កិច្ចប្រជុំនេះ ប្រារព្ធធ្វើនៅសាលប្រជុំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សំ សម្បត្តិ ប្រធានលេខាធិការដ្ឋាន នៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ, លោក លោកស្រីវរសេនីយ៍ នាយ នាយរងការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ ប្រកបដោយទំនួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការស្រាវជ្រាវ បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន យ៉ាងមានប្រសិទ្ធភាពនាពេលកន្លងមក។ ជាពីសេសបានស្រាវជ្រាវ និងបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន និងការលួចលាក់កែច្នៃសារធាតុញៀន ដោយចាប់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាងសារធាតុញៀនបានជាច្រើនគីឡូក្រាម បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
ដើម្បីប្រសិទ្ធភាពការងារខែបន្ត ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានណែនាំកម្លាំងជំនាញពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងថ្នាក់ជាតិ និងអន្តរជាតិ (ច្រកទ្វារព្រំដែនគោក ទឹក និងផ្លូវអាកាស) ក្នុងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ដើម្បីទប់ស្កាត់ និងបង្រ្កាបខ្សែបណ្តាញជួញដូរគ្រឿងញៀន ដោយមិនលើកលែង សំដៅធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ជាមួយគ្នានេះ ការពង្រឹងវិន័យ ក្រមសិលធម៌ ជំនាញ វិជ្ជាជីវៈ រួមនិងការកសាងសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាល គឺជាកត្តាសំខាន់មិនអាចខ្វះបាន។
ទន្ទឹមនឹងការណែនាំឱ្យពង្រឹងលើកិច្ចការខាងលើនេះហើយ លោកឧត្តមសេនីយ៍ឯក ក៏មិនភ្លេចណែនាំឱ្យកម្លាំងជំនាញបង្កើនការងារអប់រំ ផ្សព្វផ្សាយ ដោយសហការជាមួយភាគីពាក់ព័ន្ធ ជំរុញការផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់សហគមន៍ សាលារៀន និងស្រទាប់យុវវ័យ។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវបន្តស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿង ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕






