CMAC ប្រាប់ AOT ថា សំណល់យុទ្ធភណ្ឌពីសង្គ្រាមថៃឈ្លានពានកម្ពុជា ប៉ះពាល់ភូមិ៣៤៩ និងគំរាមកំហែងផ្ទៃដីជាង ៣៨៦,៨៨០ហិកតា
31-08-2026 16:57
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ចប់ការស្រាវជ្រាវព័ត៌មានចំនួន ៣៣៥ភូមិ និងកំណត់តំបន់រងផលប៉ះពាល់សរុបជាង ៣៨៦,៨៨០ហិកតា ដែលបណ្តាលមកពីសំណល់យុទ្ធភណ្ឌសង្គ្រាម ក្នុងសង្គ្រាមឆ្នាំ២០២៥។
ការបញ្ជាក់នេះធ្វើឡើងក្នុងបទបង្ហាញរបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC ស្តីពី «បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥» ដែលរៀបចំឡើងនៅទីបញ្ជាការដ្ឋាន CMAC រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
បទបង្ហាញនេះ មានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ចំនួន ៣៧រូប ដឹកនាំដោយលោកឧត្តមនាវីត្រី Glenn Z. Dizon ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ចំនួន ១៦រូប មកពីបណ្តាប្រទេសជាមិត្ត និងប្រទេសសមាជិកអាស៊ាន។
តាមការធ្វើបទបង្ហាញ បានឱ្យដឹងថា មានភូមិចំនួន៣៤៩ បានរងផលប៉ះពាល់ ខណៈប្រជាពលរដ្ឋជាង ៦៤០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពភ្លាមៗ។ មកទល់ពេលនេះ ប្រជាពលរដ្ឋស៊ីវិលកម្ពុជាមួយចំនួននៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញបាន ដោយសារហានិភ័យដែលបង្កឡើងដោយសំណល់យុទ្ធភណ្ឌសង្គ្រាម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO)។
CMAC បានបញ្ចប់ការស្រាវជ្រាវព័ត៌មានបានចំនួន៣៣៥ភូមិ និងកំណត់តំបន់រងផលប៉ះពាល់សរុបជាង ៣៨៦,៨៨០ហិកតា គ្របដណ្តប់លើ៥,៤០៩តំបន់ (Polygons)។ ក្នុងចំណោមនេះ ផ្ទៃដីជាង ២៩៥,០៩៦ហិកតា ត្រូវបានកំណត់ថារងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម ខណៈសក្ខីកម្មជាក់ស្តែងដែលបានប្រមូល និងកំណត់មានចំនួនជាង ១៦,០០០សក្ខីកម្ម។
ក្រសួងការពារជាតិបានបញ្ជាក់ថា បទបង្ហាញនេះមានគោលបំណងផ្តល់ព័ត៌មានបច្ចុប្បន្នភាព និងទិន្នន័យបច្ចេកទេសដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងក្រុមអនុព័ន្ធយោធាបរទេស អំពីការស្រាវជ្រាវ វាយតម្លៃ និងកំណត់តំបន់ដែលរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាម។
ព័ត៌មានទាំងនេះ ក៏មានសារៈសំខាន់សម្រាប់បង្កើនការយល់ដឹងអំពីវិសាលភាពនៃផលប៉ះពាល់ និងគាំទ្រដល់ការអនុវត្តភារកិច្ចសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រកបដោយវិជ្ជាជីវៈ និងផ្អែកលើព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន។
ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕










