FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋសភាកម្ពុជា ត្រៀមរៀបចំកិច្ចប្រជុំអន្តរជាតិ និងសិក្ខាសាលាស្តីពី «សន្តិភាព សេដ្ឋកិច្ច និងបម្រែបម្រួលអាកាសធាតុ» ក្នុងក្របខ័ណ្ឌសភានិយាយភាសាបារាំង

31-08-2026 16:55

(ភ្នំពេញ)៖ ក្រុមរដ្ឋសភាកម្ពុជានៃសភានិយាយភាសាបារាំង (APF) បានដាក់ចេញនូវផែនការសកម្មភាព និងការងារបច្ចេកទេសសំខាន់ៗ ក្នុងការត្រៀមលក្ខណៈ រៀបចំកិច្ចប្រជុំអន្តរជាតិ និងសិក្ខាសាលាស្តីពី «សន្តិភាព សេដ្ឋកិច្ច និងបម្រែបម្រួលអាកាសធាតុ» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងឆ្លើយតប ទៅនឹងបញ្ហាប្រឈមសកល។

ទិសដៅការងារគន្លឹះនេះ ត្រូវបានលើកយកមកពិភាក្សាលម្អិត ក្នុងកិច្ចប្រជុំពិភាក្សាការងារ ក្រោមអធិបតីភាព លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាអនុប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភានិយាយភាសាបារាំង នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកា APF និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

នៅក្នុងឱកាសនោះ អង្គប្រជុំបានផ្តោតការពិភាក្សាលើការបូកសរុប និងវាយតម្លៃលទ្ធផលនៃការចូលរួមរបស់តំណាងរដ្ឋសភាកម្ពុជា ក្នុងសម័យប្រជុំលើកទី៥១ នៃសភានិយាយភាសាបារាំង ព្រមទាំងកិច្ចប្រជុំអន្តរជាតិនានាកន្លងមក ដើម្បីដកស្រង់បទពិសោធ និងលើកកម្ពស់ប្រសិទ្ធភាពការងារការទូតសភា។

ជាមួយគ្នានេះ អង្គប្រជុំបានពិភាក្សាលម្អិតគ្រប់ជ្រុងជ្រោយលើការងារបច្ចេកទេស ក្នុងការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការអប់រំ វប្បធម៌ និងទំនាក់ទំនង និងកិច្ចប្រជុំបណ្តាញសមាជិកសភាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលនៃ APF ព្រមទាំងការត្រៀមរៀបចំសិក្ខាសាលាកម្រិតបច្ចេកទេស ក្រោមប្រធានបទ «សន្តិភាព សេដ្ឋកិច្ច និងបម្រែបម្រួលអាកាសធាតុ» សំដៅលើកកម្ពស់ការយល់ដឹង និងពង្រឹងភាពជាដៃគូអន្តរជាតិលើបញ្ហាសកលដែលកំពុងកើតមានឡើង។

កិច្ចប្រជុំបានបញ្ចប់ទៅដោយទទួលបាននូវធាតុចូល និងអនុសាសន៍គន្លឹះជាច្រើន សម្រាប់បម្រើឱ្យការអនុវត្តទិសដៅការងារការទូតសភាក្នុងក្របខ័ណ្ឌ APF ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលផ្លែផ្កាខ្ពស់៕