FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា អំពាវនាវដល់សាសនិកឥស្លាម ត្រូវបន្តរក្សាទំនាក់ទំនងល្អជាមួយអាជ្ញាធរ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងសហគមន៍

31-08-2026 16:42

(សៀមរាប)៖ លោក អះម៉ាត់ យះយ៉ាអារ៉ហ្វាត ភូឈួយទី១ តំណាងអ្នកឧកញ៉ា សុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានអំពាវនាវដល់សាសនិកឥស្លាម ត្រូវបន្តរក្សាទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ដើម្បីរួមចំណែកដោះស្រាយបញ្ហា ប្រឈមនានានៅក្នុងសហគមន៍ និងជំរុញការអភិវឌ្ឍលើវិស័យអប់រំសុខុមាលភាព សេដ្ឋកិច្ច និងសង្គម។

ការថ្លែងយ៉ាងដូច្នេះរបស់លោក អះម៉ាត់ យះយ៉ាអារ៉ហ្វាត នៅក្នុងពិធីប្រកាសតែងតាំងសមាសភាពគណៈអីម៉ាំខេត្តសៀមរាប និងភូឈួយទី១ ភូឈួយទី២ និងសមាជិក នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក លី សារី អភិបាលរងខេត្តសៀមរាប, លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត, លោក សុះ ហ្វៅស៊ី ភូឈួយទី២ នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងលោកស្រី ម៉ាត់ អាហ្សីម៉ាស់ អភិបាលរងក្រុងសៀមរាប ព្រមទាំងគណៈអីម៉ាំក្រុង-ស្រុក គណៈអីម៉ាំម៉ាស្ជិទ-សូរ៉ាវជាច្រើនផងដែរ។

លោកបានបន្តថា គណៈអីម៉ាំខេត្ត ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក ដោយជៀសវាងការបែងចែក ការរើសអើង ឬភាពមិនចុះសម្រុងណាមួយ ដែលអាចប៉ះពាល់ដល់ភាពរឹងមាំរបស់សហគមផងដែរ។

លោកបន្តថា ត្រូវយកចិត្តទុកដាក់លើការអប់រំសាសនា ការបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងសមត្ថភាពយុវជនជំនាន់ក្រោយ។ ព្រោះការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍ សហគមន៍ប្រកបដោយចីរភាព។ ជាពសេស ត្រូវលើកទឹកចិត្តដល់ការសិក្សាចំណេះដឹងសាសនា និងចំណេះដឹងទូទៅផ្សេងៗ ព្រមទាំងខិតខំបណ្ដុះបណ្តាលយុវជនឱ្យមានសីលធម៌ គុណធម៌ ចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីក្លាយជាធនធានមនុស្ស ប្រកបដោយគុណភាពសម្រាប់សហគមន៍ និងសង្គមជាតិ។

លោកបញ្ជាក់ថា គណៈអីម៉ាំខេត្តត្រូវធ្វើជាគំរូល្អក្នុងការផ្សព្វផ្សាយតម្លៃនៃសន្តិភាព ការគោរពគ្នាទៅវិញទៅមក និងការរួមរស់ប្រកបដោយភាពសុខដុមរមនា។ ក្នុងនោះដែរ ត្រូវលើកទឹកចិត្តដល់សាសនិកឱ្យគោរពច្បាប់រដ្ឋ គោរពសិទ្ធិ និងសេរីភាពរបស់អ្នកដទៃ ព្រមទាំងរួមចំណែកទប់ស្កាត់រាល់សកម្មភាពដែលអាចបង្កឱ្យមាន ជម្លោះ ភាពវឹកវរ ឬការបែកបាក់ក្នុងសង្គម។

លោក អះម៉ាត់ យះយ៉ាអារ៉ហ្វាត បន្តទៀតថា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍និយមកណ្តាល ការអត់ឱន ការគោរព ភាពខុសគ្នា និងការរួមរស់ដោយសន្តិវិធី ស្របតាមឱវាទដ៏ថ្លៃថ្លារបស់សាសនាឥស្លាម និងលក្ខន្តិកៈរបស់គណៈដឹកនាំ ជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។ គណៈអីម៉ាំខេត្ត ត្រូវបន្តផ្សព្វផ្សាយគោលការណ៍ដ៏ប្រពៃទាំងនេះទៅកាន់សាសនិក និងសាធារណជន ដោយលើកកម្ពស់ការ យោគយល់ ការគោរពភាពចម្រុះ និងការរួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខ។

លោក លី សារី បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតជានាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានផ្តល់ឱកាសដល់បងប្អូនសាសនិកឥស្លាម បានចូលបម្រើការងារក្នុងជួរមន្រ្តីរាជការ និងបន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នេះហើយជាភាពសុខដុមនីយកម្មសាសនានៅកម្ពុជា ក្រោមដំបូលនៃ «សន្តិភាព»

លោកបានបន្តថា ទោះបីជាប្រទេសកម្ពុជា គឺជាប្រទេសគោរពប្រតិបត្តិនូវព្រះពុទ្ធសាសនាក៏ពិតមែន ប៉ុន្តែបងប្អូនប្រជាពលរដ្ឋយើង អាចគោរពនូវសាសនាផ្សេងៗក៏បាន ដោយមិនមានការរើសអើងនោះឡើយ ឲ្យតែពួកគាត់គោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ព្រមទាំងមិនបង្កភាពចលាចលនៅក្នុងសង្គម។

លោក លី សារី បញ្ជាក់ថា ដោយសារឆ្នាំក្រោយនេះ យើងមានការបោះឆ្នោត ដូច្នេះហើយ លោកក៏សូមអំពាវនាវដល់គណៈអីម៉ាំខេត្តសៀមរាប និងភូឈួយទី១ ភូឈួយទី២ និងសមាជិក សូមចូលរួមផ្សព្វផ្សាយពីសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជា បានធ្វើនាពេលកន្លងមកដល់ប្រជាពលរដ្ខនៅក្នុងសហគមន៍ ឲ្យបានទូលំទូលាយ ដើម្បីឲ្យគាត់បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត។

សូមជម្រាបថា គណៈអីម៉ាំខេត្តដែលទើបតែងតាំងថ្មី រួមមាន៖ លោក អែល សៀត ជាអីម៉ាំខេត្ត, លោក ស្រេន សុព្រី ជាភូឈួយទី១, លោក អ៉ីដ សុខគ្រី ជាភូឈួយទី២, លោក កូប ស្មាអេល ជាសមាជិក, លោក ស្មាន ឡា ជាសមាជិក, លោក សុខ រ៉ាយ៉ាន ជាសមាជិក, លោក សុះ សុគ្រី ជាសមាជិក, លោក ម៉ាន កូប ជាសមាជិក និងលោក ទីន​ រំលី ជាសមាជិក៕