កម្ពុជា និង ILO សាទរសមិទ្ធផលពាក់កណ្តាលអាណត្តិកម្មវិធី DWCP និងជំរុញពង្រឹងកិច្ចសហការត្រីភាគី ដើម្បីលើកកម្ពស់ការងារសមរម្យឱ្យកាន់តែប្រសើរសម្រាប់កម្មករនិយោជិត
31-08-2026 16:27
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើក “សិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្តីពី ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) ឆ្នាំ២០២៤-២០២៨” នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលានេះរៀបចំឡើងដើម្បីបង្ហាញវឌ្ឍនភាពសម្រេចបានពាក់កណ្តាលអាណត្តិនៃកម្មវិធី DWCP ចាប់ពីឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៦ ចែករំលែកមេរៀនពីការអនុវត្ត បង្ហាញពីអាទិភាពនៃកម្មវិធី DWCP ឆ្នាំ២០២៦ ព្រមទាំងពង្រឹងសមត្ថភាពត្រីភាគីក្នុងការបន្តអភិវឌ្ឍអនុវត្ត និងត្រួតពិនិត្យកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាព។
ថ្លែងទៅកាន់អង្គសិក្ខាសាលាដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល ក្រសួងការងារ អង្គការ ILO សមាគមនិយោជក និងសហជីព លោករដ្ឋមន្រ្តីបានសាទរ សមទ្ធិផលសម្រេចបាននៃកម្មវិធី និងវាយតម្លៃខ្ពស់ចំពោះអង្គការ ILO សម្រាប់ការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបន្តអនុវត្ត កម្មវិធីចាប់ពីឆ្នាំ២០០៥មក ដែលកម្ពុជាជាប្រទេសតែមួយគត់ក្នុងអាស៊ាន ដែលបានអនុវត្តយូរជាងគេ និងមាននិរន្តរភាពបំផុតរហូតដល់មក ដំណាក់កាលទី៦ នេះ។ នេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ សុខភាពការងារ និងទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង។
លោករដ្ឋមន្ដ្រីបានបន្ដថា កម្មវិធីនេះបន្តដើរតួជាយន្តការដ៏សំខាន់ដែលប្រមូលផ្តុំធាតុចូលពីភាគីពាក់ព័ន្ធដើម្បីជាឧត្តមប្រយោជន៍រួមដល់បងប្អូនកម្មករនិយោជិត និងនិយោជក។ ភាពជោគជ័យនៃកម្មវិធីនេះកើតចេញពីកិច្ចសហការត្រីភាគីយ៉ាងជិតស្និទ្ធដែលគាំទ្រការអនុវត្តគោលនយោបាយនានា រួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ និងចក្ខុវិស័យកម្ពុជា ជាពិសេសជួយសម្រេចបានសមិទ្ធផលធំៗលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាក់ស្តែង ការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥លាន បានបណ្តុះបណ្តាលសិស្សជាង ២៨,៤ម៉ឺននាក់ និងសមាជិក ប.ស.ស. បានកើនដល់ជាង ៣,៨លាននាក់ជាដើម។
ជាមួយនឹងការរំលឹកពីទិសដៅអាទិភាពសំខាន់ៗទាំង៣នៃកម្មវិធីគឺមូលធនមនុស្ស សេដ្ឋកិច្ច និងទំនាក់ទំនងវិជ្ជាជីវៈ លោកបានលើកទឹកចិត្តឱ្យអង្គសិក្ខាសាលា ពិនិត្យវាយតម្លៃលើចំណុចខ្វះខាត និងកែលម្អសូចនាករដោយយោងតាមបទពិសោធក្នុងការអនុវត្តកន្លងមក និងផ្តល់ធាតុចូល ដើម្បីផ្តល់ដំណោះស្រាយរួមដ៏មាន ប្រសិទ្ធភាព ព្រមទាំងពិភាក្សាស្វែងរកវិធីសាស្ត្រពង្រឹងយន្តការអនុវត្តរួមគ្នារវាង ស្ថាប័នរដ្ឋ អង្គការវិជ្ជាជីវៈ សមាគមនិយោជកឱ្យកាន់តែសមស្របភាពជាក់ស្តែង នឹងការប្រែប្រួលនិន្នាការសេដ្ឋកិច្ចសកល និងតាមគោលនយោបាយរាជរដ្ឋាភិបាលឆ្នាំ២០២៦ ជាពិសេសការតាំងចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការគាំទ្រជាអតិបរមាដល់សហគ្រាសខ្នាតតូចនិងធម្យម ដែលជាឆ្អឹងកងសេដ្ឋកិច្ចជាតិ និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើន ក្នុងនោះក៏រួមមានការកែសម្រួលការចុះបញ្ជីចូលក្នុងប្រព័ន្ធកាន់តែច្រើនផងដែរ។
លោកបានសង្កត់ធ្ងន់ថា នៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ ក៏ត្រូវពង្រឹងនិងពង្រីកសមត្ថភាពអ្នកគ្រប់គ្រងធនធានមនុស្សទៅដល់សហគ្រាស ដើម្បីលើកកម្ពស់ការ យល់ដឹងពីច្បាប់ លិខិតបទដ្ឋាន និងរបៀបដោះស្រាយវិវាទការងារនៅមូលដ្ឋាន រួមទាំងការប្រើប្រាស់ពាក្យសម្តីសមរម្យជាមួយកម្មករនិយោជិត។ លោកបានសង្ឃឹមថា ការចូលរួមពីអង្គសិក្ខាសាលាគឺជាការបន្តយន្តការត្រីភាគីដ៏មានប្រសិទ្ធភាព ក្នុងការអនុវត្តកម្មវិធីនេះប្រកបដោយនិរន្តរភាពបំផុតក្នុងតំបន់ ក្នុងការលើកកម្ពស់ លក្ខខណ្ឌការងារ ជីវភាពរស់នៅ និងទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមនេះ លោក សំ សឿន តំណាងក្រុមប្រឹក្សាសហជីពជាតិសម្រាប់កម្មវិធី DWCP និងលោក សុខ ឡោ អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានអរគុណក្រសួង និងអង្គការ ILO ចំពោះការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងប្តេជ្ញាបន្តអនុវត្តកម្មវិធីនេះ ដើម្បីលើកកម្ពស់ជីវភាពបងប្អូនកម្មករ និយោជិត ជំរុញការងារសមរម្យ និងយុត្តិធម៌សង្គម។
រីឯ លោកស្រី ស៊ាវយៀន ឈាន នាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ បានជឿជាក់ថា ការជំរុញបន្តការពង្រឹងលើវឌ្ឍនភាពដែលសម្រេចបាន ពន្លឿនកំណែទម្រង់ ពង្រឹងត្រីភាគី និងកិច្ចសន្ទនាសង្គមឱ្យស្របនឹងស្តង់ដាការងារអន្តរជាតិ នឹងជួយលើកកម្ពស់ការងារសមរម្យ ការការពារកម្មករកាន់តែប្រសើរ សហគ្រាសកាន់តែមានផលិតភាព និងភាពធន់មាំ កិច្ចសន្ទនាសង្គមកាន់តែរឹងមាំ និងការអភិវឌ្ឍដោយមិនទុកនរណាម្នាក់ចោល៕









