FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហួត ហាក់៖ ទេសចរណ៍ និងសាសនាមានទំនាក់ទំនងជិតស្និទ្ធ ខណៈវត្តអារាម និងទីសក្ការៈបូជា ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ

31-08-2026 16:26

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី សុង ធីតា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកានៃសាខាសមាគមនារីក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម «ដំណើរទស្សនកិច្ចសិក្សារបស់សាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍» នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានដឹកនាំធ្វើសមាធិ និងប្រគេនឱវាទដោយសម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំវត្តនិគ្រោធវ័ន គល់ទទឹង និងមានការចូលរួមពីលោកស្រីជាថ្នាក់ដឹកនាំ និងសមាជិកានៃសាខាសមាគមនារីក្រសួងទេសចរណ៍ តំណាងសមាគម CATA តំណាងសមាគម CTF និងអ្នកផលិតមាតិកា (Influencers) សរុបប្រមាណ២៥០នាក់។

ការរៀបចំដំណើរទស្សនកិច្ចនេះ មានគោលបំណងផ្តល់ឱកាសដល់សមាជិកាសិក្សាស្វែងយល់ពីគុណតម្លៃនៃព្រះពុទ្ធសាសនា ស្តាប់ធម្មឱវាទ និងយកព្រះពុទ្ធឱវាទមកអនុវត្តក្នុងការរស់នៅ និងការបំពេញភារកិច្ចប្រចាំថ្ងៃ ព្រមទាំងរួមគ្នាធ្វើបុណ្យ សន្សំកុសល និងពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការនៅក្នុងអង្គភាព និងស្ថាប័ន។

ក្នុងឱកាសនេះ លោក ហួត ហាក់ បានក្រាបថ្វាយបង្គំ និងថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចព្រះឧត្តមវង្សាបណ្ឌិត ព្រះថេរានុត្ថេរៈ និងព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលរួម ព្រមទាំងទទួលបដិសណ្ឋារកិច្ច និងប្រទានព្រះធម៌ទេសនា និងព្រះពុទ្ធឱវាទដល់គណៈប្រតិភូសមាគមនារីក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រី ក៏បានសម្តែងការគោរពកោតសរសើរ និងអរព្រះគុណចំពោះព្រះគុណម្ចាស់ គូ សុភាព ដែលតែងតែផ្តល់ធម្មឱវាទដ៏មានតម្លៃដល់ពុទ្ធបរិស័ទ និងផ្តល់អនុសាសន៍ល្អៗក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសការអភិវឌ្ឍវត្តនិគ្រោធវ័នឱ្យមានសោភ័ណភាព សណ្តាប់ធ្នាប់ ភាពស្អាត និងបរិស្ថានបៃតង។

លោក ហួត ហាក់ បានលើកឡើងថា ការរៀបចំទីអារាមឱ្យមានសោភ័ណភាព សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានបៃតង មិនត្រឹមតែជាការលើកតម្កើងតម្លៃព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រែក្លាយវត្តអារាមឱ្យក្លាយជាគោលដៅទេសចរណ៍សាសនាដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «ទេសចរណ៍ និងសាសនា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ» ព្រោះវត្តអារាម និងទីសក្ការៈបូជា មិនត្រឹមតែជាកន្លែងសម្រាប់គោរពប្រតិបត្តិតាមជំនឿប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគោលដៅទេសចរណ៍ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។

លោក ហួត ហាក់ បានបន្តថា ទេសចរណ៍សាសនា ផ្តល់ឱកាសដល់ភ្ញៀវទេសចរបានស្វែងយល់ពីព្រះពុទ្ធសាសនា ចូលរួមពិធីបុណ្យប្រពៃណី អនុវត្តសមាធិ និងស្វែងរកសេចក្តីសុខផ្លូវចិត្ត ព្រមទាំងរួមចំណែកបង្កើតចំណូល គាំទ្រជីវភាពសហគមន៍ និងចូលរួមថែរក្សាបេតិកភណ្ឌវប្បធម៌ខ្មែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍សាសនា ត្រូវគោរពក្រឹត្យក្រម និងវិន័យនៃព្រះពុទ្ធសាសនា រក្សាភាពស័ក្តិសិទ្ធិ និងភាពថ្លៃថ្នូរនៃទីសក្ការៈ ព្រមទាំងធានាឱ្យមានភាពស្អាត បៃតង សុវត្ថិភាព សណ្តាប់ធ្នាប់ និងភាពស្ងប់ស្ងាត់។

ក្នុងស្មារតីនេះ ក្រសួងទេសចរណ៍ និងក្រសួងធម្មការ និងសាសនា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរួមគ្នាបង្កើត និងធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍សាសនា ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍សាសនារបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ និងប្រកបដោយចីរភាព៕