FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបើកប្រតិបត្តិការបំបែកសំណុំរឿងករណីលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ និងចាប់យកវត្ថុតាងទូរស័ព្ទជិត ២០០គ្រឿង

31-08-2026 16:12

(កំពង់ស្ពឺ)៖ ក្រោមការចង្អុលបង្ហាញ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការ សម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ព្រះរាជអាជ្ញាអមសាលាដំបូងស្វាយរៀង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ០៦នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស៊ន រ៉ាឈីត ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កាលពីវេលាម៉ោង ១:៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ជនរងគ្រោះបានភ្ញាក់ដឹងខ្លួនស្រាប់តែឮសំឡេងរុះរើកកាយ ពេលនោះជនរងគ្រោះក៏បានដើរទៅមើល ស្រាប់តែបានឃើញចោរម្នាក់កំពុងធ្វើសកម្មភាពលួចទូរសព្ទនៅខាងក្នុងហាងរបស់ខ្លួន ភ្លាមនោះចោរក៏បានឃើញជនរងគ្រោះ ហើយបានយកទូរសព្ទរត់គេចខ្លួន។ ជនរងគ្រោះបានត្រួតពិនិត្យមើលក្នុងទូដាក់ទូរសព្ទបាត់ទូរស័ព្ទសរុបចំនួន ២១០គ្រឿង។

ក្រោយពីបានទទួលបណ្ដឹងរបស់ជនរងគ្រោះភ្លាម ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានពន្លាតសមត្ថកិច្ចដែនដី សហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ មានឈ្មោះ កែម សុជាតិ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរលក់ទូរសព្ទ និងឈ្មោះ ឈុន ម៉ុនដេ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរលក់ទូរសព្ទ ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖ ទូរស័ព្ទចំនួន ៣៣គ្រឿង ក្នុងនោះទូរស័ព្ទចំនួន ៣០គ្រឿង ជារបស់ជនរងគ្រោះ ស្ថិតនៅចំណុចភូមិ០១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោមវិធានជំនាញរបស់អាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តសហការកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយនៅវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បន្តឆែកឆេរចំនួន ០២ទីតាំង និងឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ទៀត។

នៅចំណុចហាងលក់ទូរស័ព្ទដៃ យីហោ គឹម ហាក់ ស្ថិតនៅផ្លូវ៥៩៩ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានជនសង្ស័យមានឈ្មោះ ជា គឹមហាក់ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរលក់ទូរស័ព្ទ បច្ចុប្បន្នរស់នៅស្ថិតនៅ ផ្លូវ៥៩៩ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងឈ្មោះ គឹម ថេង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរលក់ទូរស័ព្ទ ទីលំនៅបច្ចុប្បន្នស្ថិតនៅផ្ទះលេខ៣០ ផ្លូវលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លុះដល់វេលាម៉ោង ១៣:៣០នាទី នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថ បានបន្តសហការឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ ទត ថា ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅផ្ទះ២៣១ ផ្លូវចុងកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

លុះដល់វេលាម៉ោង ១៧:១០នាទី នាថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តសហការជាមួយកម្លាំងអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ទៀត មានឈ្មោះ ញឹម សារី ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិសម្ភារ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជាលទ្ធផលក្នុងរង្វង់ប្រតិបត្តិការដ៏ក្ដៅគគុកនេះ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងមានចូលរួមការសហការយ៉ាងរលូនប្រកបដោយប្រសិទ្ធភាពពីអាជ្ញាធរមានសមត្ថកិច្ច តាមបណ្ដាខេត្តក្រុងពាក់ព័ន្ធ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ និងចាប់យកវត្ថុតាងបានរួមមាន៖ ទូរស័ព្ទសរុបចំនួន ១៩៨គ្រឿង (IPhone ចំនួន ៦៥គ្រឿង, Samsung ចំនួន ០៤គ្រឿង, OPPO ចំនួន ១៩គ្រឿង, VIVO ចំនួន ០៥គ្រឿង, HUAWEI ចំនួន ០៧គ្រឿង, Realme ចំនួន ៣២គ្រឿង, Hi Nova ចំនួន ៣២គ្រឿង, Honor ចំនួន ០៨គ្រឿង, TENO ចំនួន ១៩គ្រឿង, IQOO ចំនួន ០១គ្រឿង, METZU ចំនួន ០២គ្រឿង, Mi ចំនួន ០២គ្រឿង, គ្មានម៉ាក ចំនួន ០២គ្រឿង) និងម៉ូតូ ម៉ាក BEAT ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ 1MM-9756 សេរីឆ្នាំ២០២៥។

បច្ចុប្បន្នជនសង្ស័យទាំង ០៦នាក់ខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

ទស្សនាវិដេអូ៖ https://t.me/freshnewsasia/296363