FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា ភួ វាសនា ចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអូស្ត្រាលី នៅទីក្រុងមែលប៊ន

31-08-2026 16:07

(មែលប៊ន)៖ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចំនួន១៤រូប ទស្សនកិច្ច និងចូលរួមក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារអូស្ត្រាលី(Fine Food Australia 2026) នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដែលជាពិព័រណ៍ឈានមុខគេមួយក្នុងវិស័យម្ហូបអាហារ និងកសិឧស្សាហកម្ម។

ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំអ្នកតាំងពិព័រណ៍ជាង៩០០ក្រុមហ៊ុន/ម៉ាក និងអ្នកជំនាញក្នុងវិស័យជាង២៥,០០០នាក់ ដោយមានការចូលរួមពីអាជីវកម្ម និងម៉ាកផលិតផលមកពីប្រទេសជាច្រើនជុំវិញពិភពលោក។ ជាពិសេស បានបង្ហាញនូវផលិតផល បច្ចេកវិទ្យា ឧបករណ៍ និងដំណោះស្រាយថ្មីៗជាច្រើនក្នុងវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច។

ក្នុងឱកាសនោះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុននានា អ្នកវិនិយោគ និងដៃគូអាជីវកម្មអន្តរជាតិ ដើម្បីស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យម្ហូបអាហារ និងបណ្តាប្រទេសក្នុងតំបន់។

Fine Food Australia 2026 ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ពិព័រណ៍ដ៏មានឥទ្ធិពលមួយ សម្រាប់ បង្កើតទំនាក់ទំនងអាជីវកម្ម ស្វែងរកដៃគូថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ និងពង្រីកបណ្តាញទំនាក់ទំនងអន្តរជាតិ ជាមួយអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកចែកចាយ អ្នកទិញ និងអ្នកជំនាញមកពីទីផ្សារផ្សេងៗ។

តាមរយៈដំណើរទស្សនកិច្ចនេះ ក៏ជាសក្ខីភាពនៃការប្តេជ្ញាចិត្ត និងទិសដៅដ៏មុតមាំរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ដែលតែងជំរុញឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូ និងស្ថាប័នអន្តរជាតិ ក្នុងការបន្តពង្រឹងទំនាក់ទំនងលើវិស័យធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាមួយបណ្តាប្រទេសនានា និងដើម្បីឱ្យសមាជិក សមាជិកា ដែលស្ថិតក្នុងវិស័យម្ហូបអាហារ ក្នុងការទទួលបានបទពិសោធន៍ និងចំណេះដឹងបន្ថែមទៀត ដែលអាចយកទៅអភិវឌ្ឍ ក្នុងអាជីវកម្មប្រកបដោយភាពជោគជ័យ៕