អង្គការ AHF កម្ពុជា អំពាវនាវឱ្យមានកំណែទម្រង់ជាបន្ទាន់ ចំពោះប្រព័ន្ធបំណុលសកលដែលកំពុងរារាំងប្រទេសកំពុងអភិវឌ្ឍន៍ពីការវិនិយោគលើការថែទាំសុខភាព
31-08-2026 16:00
(ភ្នំពេញ)៖ ក្នុងនាមជាផ្នែកមួយនៃការបន្តយុទ្ធនាការសេរីភាពពីការជាប់បំណុលសកល អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា បានទទូចអំពាវនាវឱ្យមានកំណែទម្រង់ជាបន្ទាន់ចំពោះប្រព័ន្ធបំណុលសកល ដែលកំពុងរារាំងប្រទេសកំពុងអភិវឌ្ឍន៍ពីការវិនិយោគលើការថែទាំសុខភាព ការអប់រំ និងតម្រូវការមូលដ្ឋានផ្សេងទៀតរបស់មនុស្ស។
តាមរយៈសន្និសីទ្ធសារព័ត៌មាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស AHF កម្ពុជា បានបញ្ជាក់ឱ្យដឹងថា វិបត្តិបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបានជំរុញដោយច្បាប់ហិរញ្ញវត្ថុសកលអយុត្តិធម៌ រចនាសម្ព័ន្ធសេដ្ឋកិច្ចសម័យអាណានិគម និងការត្រួតត្រារបស់ស្ថាប័នពហុភាគី (ឧទាហរណ៍ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ) និងម្ចាស់បំណុលឯកជន។ សព្វថ្ងៃនេះមានមនុស្ស ៣.៤ពាន់លាននាក់រស់នៅក្នុងប្រទេសដែលត្រូវបានបង្ខំឱ្យចំណាយប្រាក់ច្រើនលើសេវាសងបំណុលជាងលើសុខភាព ឬការអប់រំ ដោយបង់អត្រាការប្រាក់ខ្ពស់ជាងប្រទេសអ្នកមានពីរទៅដប់ដង ដែលបង្វែរធនធានដែលមានសម្រាប់ប្រព័ន្ធសុខាភិបាល ការអប់រំ និងការឆ្លើយតបវិបត្តិនឹងអាកាសធាតុពីប្រទេសក្រីក្រទៅប្រទេសអ្នកមាន។
អតុល្យភាពបំណុលអធិបតេយ្យភាពត្រូវបានពង្រឹងដោយទីផ្សារហិរញ្ញវត្ថុមិនស្មើគ្នា និងរចនាសម្ព័ន្ធអភិបាលកិច្ច ដែលធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍មានអំណាចចរចាមានកម្រិត។ ប្រទេសនានាត្រូវបានបង្ខំឱ្យផ្តល់អាទិភាពដល់ការទូទាត់បំណុលច្រើនជាងសង្គ្រោះជីវិត សូម្បីតែក្នុងអំឡុងពេលមានអាសន្នសុខភាពសាធារណៈ និងគ្រោះមហន្តរាយអាកាសធាតុក៏ដោយ។ សម្រាប់រាល់ប្រាក់ដុល្លារដែលទទួលបានពីជំនួយ រាប់ពាន់លានដុល្លារត្រូវបានដកចេញតាមរយៈការសងបំណុល វិធានការរឹតត្បិតដោយបង្ខំ ចន្លោះប្រហោងពន្ធដែលភ្ជាប់ជាមួយធនធានធម្មជាតិ និងលំហូរចេញហិរញ្ញវត្ថុផ្សេងទៀតដែលធ្វើឱ្យវិសមភាពកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យខូចដល់ការអភិវឌ្ឍរយៈពេលវែង។
លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានបន្ថែមថា ភាពអយុត្តិធម៌ពីការជំពាក់បំណុលទាមទារប្រព័ន្ធសកលត្រូវតែផ្តល់អាទិភាពដល់ប្រជាជនជាចំបង ជាជាងប្រាក់ចំណេញ និងធានាថាប្រទេសនានាអាចបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាជនរបស់ពួកគេ។ យុទ្ធនាការសេរីភាពពីការជំពាក់បំណុល សូមអំពាវនាវឱ្យមេដឹកនាំសកលដូចជា៖
ទី១៖ អនុវត្តវេទិកាអ្នកជំពាក់បំណុល៖ បង្កើតវេទិកាអ្នកជំពាក់បំណុល (ដូចដែលបានស្នើឡើងដោយកិច្ចប្រជុំកំពូលហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៅទីក្រុងសេវីល និង ជី ២០ អាហ្វ្រិកខាងត្បូង) ដើម្បីបង្រួបបង្រួមសំឡេងរបស់ ពិភពលោកភាគខាងត្បូង Global South និងបង្កើនការចរចារបស់ខ្លួន។
ទី២៖ ការផ្អាកសេវាបំណុលជាកាតព្វកិច្ច៖ ធានាការផ្អាកបំណុលដោយស្វ័យប្រវត្តិ ដោយគ្មានការប្រាក់នៅក្នុងកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីទាំងអស់ នៅពេលដែលប្រទេសនានាប្រឈមមុខនឹងវិបត្តិសុខភាពសាធារណៈ ឬអាកាសធាតុ។
ទី៣៖ ការយកពន្ធបញ្ញាសិប្បនិម្មិត (AI)៖ អំពាវនាវឱ្យមានការប្រមូលពន្ធសាមគ្គីភាព AI សកល 1% លើការវិនិយោគដើមទុន និងប្រាក់ចំណូលរបស់ក្រុមហ៊ុន បញ្ញាសិប្បនិម្មិត AI ឈានមុខគេ ដើម្បីផ្តល់មូលនិធិសម្រាប់ការសម្រាលបំណុល និងផ្តល់ទំនិញសាធារណៈសំខាន់ៗសម្រាប់តំបន់ភាគខាងត្បូងពិភពលោក។
បើគ្មានការកែទម្រង់ជាបន្ទាន់ទេ ប្រព័ន្ធបច្ចុប្បន្ននឹងបន្តទាញយកទ្រព្យសម្បត្តិពីប្រទេសដែលងាយរងគ្រោះបំផុតរបស់ពិភពលោក ដែលកំណត់សមត្ថភាពរបស់ពួកគេក្នុងការសម្រេចបាននូវវឌ្ឍនភាពប្រទេស ការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស និងកសាងអនាគតដែលមានស្ថិរភាព និងសមធម៌ជាងមុន។ តាមរយៈយុទ្ធនាការ Freedom from Debt អង្គការ AHF បានជំរុញឱ្យមេដឹកនាំពិភពលោក ជួយកសាងអនាគតដែលមាននិរន្តរភាពជាងមុនសម្រាប់ទាំងអស់គ្នា៕

















