រដ្ឋលេខាធិការ ប៊ុន ច័ន្ទវណ្ណៈ ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាពការងារស្ថាបនាផ្លូវ ១ខ្សែ និងសំណង់សិល្បការ្យផ្សេងៗ នៅស្រុកក្រឡាញ់
31-08-2026 15:52
(សៀមរាប)៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការចុះត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ មានប្រវែងជាង ១៣គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ និងការស្ថាបនាសំណង់សិល្បការ្យផ្សេងៗ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។
លេីកឡេីងនាឱកាសនោះលោក ប៊ុន ច័ន្ទវណ្ណៈ បានបញ្ជាក់អំពីការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្លូវនៅជនបទ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីសម្រួលជូនដល់ប្រជាជនរស់នៅគ្រប់ទិសទីទូទាំងប្រទេស, ជាក់ស្តែងស្ថាបនាផ្លូវរបស់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងផ្តល់ប្រយោជន៍ដល់ការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់ផងដែរ។
លោករដ្ឋលេខាធិការ ក៏បានរំលេចនូវគុណបំណាច់របស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងបន្តលើកកម្ពស់ និងគាំទ្រដល់ការងារជួសជុល ថែទាំផ្លូវ ស្ពាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូពីជាន់ ឬបេតុង ជាដើម ដើម្បីឆ្លើយតបនិងការរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងបម្រើនូវគ្រប់អន្តរវិស័យ ជាពិសេសជម្រុញកំណើនសេដ្ឋកិច្ចនៅមូលដ្ឋាន និងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល។
សូមបញ្ជក់ថា ជុំវិញផ្លូវថ្នល់នេះត្រូវបានរាជរដ្ឋាភិបាលចាត់ទុកផ្លូវ គឺជាសរសៃរឈាមសេដ្ឋកិច្ច ព្រោះផ្លូវជួយបង្កើតក្តីសង្ឃឹម និងជំរុញ សកម្មភាពសេដ្ឋកិច្ច ក្នុងនោះការរក្សាបាននូវគុណភាពផ្លូវល្អប្រសើរបានផ្តល់ប្រយោជន៍ដូចជា, ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៖ ជួយ ដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ពស់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចំណេញពេលវេលា និងកាត់បន្ថយការខូចខាតយាន យន្ត។
វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម៖ សម្រួលដល់ការដឹកជញ្ជូនទំនិញ និងកសិផលគ្រប់ប្រភេទ ពីតំបន់មួយទៅតំបន់មួយទៀត បានលឿន និងមានតម្លៃថ្លៃដើមទាប។ វិស័យទេសចរណ៍៖ ការទាក់ទាញ និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក្នុងការធ្វើដំណើរទៅកាន់តំបន់កម្សាន្តនានា។ ចំណែកការអភិវឌ្ឍតំបន់៖ ជម្រុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទាំងផ្លូវនោះ៕
















