លោក ខុម ផលលឿន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋមន្ត្រី ជា សុមេធី ជូនជនមានពិការភាពនៅរាជធានីភ្នំពេញ
31-08-2026 15:32
(ភ្នំពេញ)៖ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន ជូនដល់ជនមានពិការភាពពីររូបនៅភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អំណោយដែលបានប្រគល់ជូនរួមមាន៖ គ្រឿងបរិភោគ ឧបភោគ និងថវិកាសរុប ៦០ម៉ឺនរៀល។ ជនមានពិការភាពទាំងពីររូបនោះគឺ ក្មួយស្រី មឿង សុធារ៉ា អាយុ១៧ឆ្នាំ មានពិការភាពជើងខាងឆ្វេងដោយគ្រោះថ្នាក់ចរាចរណ៍ និងឈ្មោះ កែវ សុផាត អាយុ ៣៨ឆ្នាំ មានពិការភាពស្វិតជើងខាងឆ្វេង។ ពួកគាត់ទាំងពីរមានបណ្ណសមធម៌ក្រីក្រ កម្រិត២ និងកំពុងរស់នៅផ្ទះជួល។
ក្នុងឱកាសនោះលោក ខុម ផលលឿន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ត្រី និងលោកស្រី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជនងាយរងគ្រោះ និងជនមានពិការភាព។ ជាមួយគ្នានេះ ក្រុមការងារក៏បានសម្របសម្រួលបញ្ជូនជនមានពិការភាពទាំងពីររូប ទៅទទួលសេវាស្តារនីតិសម្បទានៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញដោយមិនបង់ថ្លៃ។
អាជ្ញាធរមូលដ្ឋានក៏បានផ្តល់បណ្ណសម្គាល់ជនមានពិការភាព និងអត្ថប្រយោជន៍ផ្សេងទៀតពីកម្មវិធីជាតិជំនួយសង្គមរបស់រាជរដ្ឋាភិបាល។ ក្រុមការងារនឹងបន្តតាមដានស្ថានភាពគ្រួសារនេះ ដើម្បីធានាថាពួកគេទទួលបានសេវាសង្គម កិច្ចសមស្រប ប្រកបដោយប្រសិទ្ធភាព៕












