FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខេត្តតាកែវ បញ្ជាក់ពីការកែលម្អសួនច្បារមាត់បឹងតាកែវ មិនប៉ះពាល់កេរ្តិ៍ដំណែលថ្នាក់ដឹកនាំមុនៗ

31-08-2026 15:19

(តាកែវ)៖ នាយករដ្ឋបាល និងនាយកទីចាត់ការហិរញ្ញវត្ថុខេត្តតាកែវ កាលពីថ្ងៃច័ន្ទ បានចុះពិនិត្យមើលដំណើរការជួសជុលកែលម្អសួនច្បារមាត់បឹងតាកែវ និងបានច្រានចោលទាំងស្រុងនូវការរិះគន់មួយចំនួនតាមបណ្ដាញសង្គម ដែលថាការជួសជុលនេះនាំឲ្យបាត់បង់កេរ្តិ៍ដំណែលថ្នាក់ដឹកនាំខេត្តមុនៗ។

លោក កែវ គុជសី នាយករដ្ឋបាលសាលាខេត្តតាកែវ បានបញ្ជាក់ថា ការកែលម្អជួសជុលសួនច្បារមាត់បឹងតាកែវនេះ មិនប៉ះពាល់ដល់ស្នាដៃអ្នកផ្តួចផ្តើមកសាងមុនៗ ឬលុបស្នាដៃអ្នកមុនឡើយ គ្រាន់តែជាការជួសជុលកែលម្អ និងនឹងដាក់ឈ្មោះអ្នកកសាងបន្តបន្ទាប់តែប៉ុណ្ណោះ។

លោកបានបន្តថា ក្រោមការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោក វ៉ី សំណាង អភិបាលខេត្តតាកែវ អាជ្ញាធរខេត្តបានរៀបចំកែលម្អសួនច្បារមាត់បឹងតាកែវ ដែលស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ឲ្យកាន់តែស្រស់បំព្រងទ្វេឡើង ដើម្បីលើកកម្ពស់សោភ័ណភាព និងប្រែក្លាយក្រុងដូនកែវ ឲ្យក្លាយជាទីក្រុងស្អាត សាកសមជាគោលដៅទេសចរណ៍ និងការរស់នៅប្រកបដោយផាសុកភាព។

គម្រោងកែលម្អនាពេលនេះ រួមមាន ការបំពាក់ប្រព័ន្ធបាញ់ទឹកទំនើប ការតម្លើងប្រព័ន្ធអំពូលបំភ្លឺបន្ថែម ការជួសជុល និងតុបតែងសួនច្បារផ្លូវកោងបឹងតាកែវ និងសួនច្បារតាមបណ្តោយមាត់បឹង ឲ្យកាន់តែមានភាពទាក់ទាញ និងមានសុវត្ថិភាពនាពេលរាត្រី។ កិច្ចខិតខំប្រឹងប្រែងរៀបចំកែលម្អសោភ័ណភាពទាំងនេះ គឺដើម្បីបម្រើដល់ការលំហែកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងត្រៀមខ្លួនយ៉ាងពេញលេញ ក្នុងការដណ្ដើមយកជ័យលាភី “ទីក្រុងស្អាត” នាពេលខាងមុខ៕