បណ្ឌិត ហេង វុទ្ធី ជំរុញវិនិយោគិនចិន និងអាស៊ាន ពិនិត្យលទ្ធភាពវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា (Video inside)
31-08-2026 14:57
(ភ្នំពេញ)៖ លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិនចិន និងអាស៊ាន ពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការវិនិយោគរួមគ្នាលើវិស័យសក្តានុពលសំខាន់ៗនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីទំនាក់ទំនងល្អ និងក្របខណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេភាគីដែលមានស្រាប់។
លោកបណ្ឌិត ហេង វុទ្ធី ថ្លែងបែបនេះធ្វើឡើង ក្នុងពិធី ជំនួបពិភាក្សា និងផ្លាស់ប្តូរយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគក្នុងទីផ្សារដើមទុនកម្ពុជា ដែលបានរៀបចំឡើងនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ នៅទីផ្សារមូលបត្រកម្ពុជា។ ក្នុងពិធីនេះ មានប្រតិភូធុរកិច្ចចិន ៤០រូប ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រុមហ៊ុនធំៗនៅចិន មកស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា
ថ្លែងក្នុងឱកាសនេះ លោកបណ្ឌិត ហេង វុទ្ធី បានគូសបញ្ជាក់ថា ទោះបីជាសេដ្ឋកិច្ចសកលប្រឈមនឹងភាពមិនប្រាកដប្រជាក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ បានបង្ហាញភាពធន់រឹងមាំ ដោយសម្រេចបានអត្រាកំណើនប្រមាណ ៥%។ កំណើននេះកើតចេញពីកិច្ចសហការជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ជាក់ស្តែងក្នុងឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីក ផលិតកម្ម សរុបទឹកប្រាក់ប្រមាណ ១០ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ប្រមាណ ៤៥% ធៀប នឹងឆ្នាំ ២០២៤។
លោកបណ្ឌិតបានលើកឡើងពីវិស័យអាទិភាពមួយចំនួនដែលវិនិយោគិនគួរពិនិត្យ រួមមានវិស័យកសិកម្មទំនើប ដែលផ្តោតលើការកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ ដូចជាស្រូវ-អង្ករ និងគ្រាប់ស្វាយចន្ទី ។ វិស័យថាមពលបៃតង តាមរយៈការវិនិយោគលើគម្រោងថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី និងថាមពលខ្យល់ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការអភិវឌ្ឍឡូជីស្ទិកឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក។ ហិរញ្ញវត្ថុឆ្លងដែន តាមរយៈគម្រោងសហប្រតិបត្តិការវិនិយោគមូលបត្រកម្ពុជា និងការជំរុញសហគ្រាសធុនតូច និងមធ្យម ព្រមទាំងពាណិជ្ជកម្មឆ្លងដែន ដើម្បីបង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់។
ការអំពាវនាវនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគបរទេស និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ ស្របតាមកិច្ចព្រមព្រៀងសំខាន់ៗដូចជា RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន៕













