FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តស្ទឹងត្រែង បើកយុទ្ធនាការឆ្លើយតបបន្ទាន់ ទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាម ក្នុងស្រុកសេសាន

31-08-2026 14:52

(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានបើកយុទ្ធនាការឆ្លើយតបបន្ទាន់មួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម នៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន។ ពិធីនេះត្រូវបានដឹកនាំដោយលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដើម្បីឆ្លើយតបទៅនឹងកំណើនឡើងយ៉ាងគំហុក នៃជំងឺគ្រុនឈាមក្នុងរយៈពេលចុងក្រោយនេះ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តបានអំពាវនាវ បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការរក្សាអនាម័យខ្លួនប្រាណ ចំណីអាហារ និងបរិស្ថានជុំវិញលំនៅដ្ឋានឱ្យបានស្អាតជានិច្ច។ លោកបានសង្កត់ធ្ងន់លើការលុបបំបាត់ចោលនូវរាល់ប្រភពដក់ទឹក ដែលជាកន្លែងកកើតមូសខ្លា ព្រមទាំងជំរុញឱ្យមានការសហការជាមួយក្រុមគ្រូពេទ្យជំនាញ ក្នុងការដាក់ថ្នាំអាបាត (Abate) កម្ទេចដង្កូវទឹកក្នុងពាង ឬអាងស្តុកទឹក។ លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋប្រញាប់បញ្ជូនអ្នកជំងឺដែលមានអាការៈក្តៅខ្លួនខុសធម្មតា ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់ ដោយជៀសវាងការទិញថ្នាំលេបដោយខ្លួនឯង។

លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានរាយការណ៍ថា គិតចាប់ពីខែមករា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ខេត្តស្ទឹងត្រែងបានកត់ត្រាករណីជំងឺគ្រុនឈាមសរុបចំនួន ៧៣៣ករណី។ ក្នុងនោះ ស្រុកសេសានជាតំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេទី២ ក្នុងខេត្ត ដោយមានរហូតដល់ ២០១ករណី។

អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ ចាប់ពីសប្តាហ៍ទី៣១ ដល់សប្តាហ៍ទី៣៤ ចំនួនអ្នកឆ្លងបានកើនឡើងយ៉ាងឆាប់រហ័សរហូតដល់ ៣៧៧ករណី ក្នុងរយៈពេលត្រឹមតែ៤សប្តាហ៍ចុងក្រោយប៉ុណ្ណោះ។ យុទ្ធនាការនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អាជ្ញាធរខេត្ត ក្នុងការទប់ស្កាត់ និងកាត់ផ្តាច់ប្រភពចម្លងជំងឺគ្រុនឈាម ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល៕