FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តកំពង់ឆ្នាំង បើកពិព័រណ៍ «ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ» បង្ហាញសក្ដានុពលដល់ភ្ញៀវជាតិ និងអន្តរជាតិ

31-08-2026 14:49

(កំពង់ឆ្នាំង)៖ ពិព័រណ៍ «ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ» ដ៏ធំមួយត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅខេត្តកំពង់ឆ្នាំង កាលពីរាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោក ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោក យ៉ង់ ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង។ ព្រឹត្តិការណ៍នេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក ព្រមទាំងសហគ្រាសធុនតូច និងមធ្យម (SME) មកពីបណ្ដាខេត្ត និងរាជធានីជាច្រើនផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក យ៉ង់ ភារម្យ បានគូសបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញ និងផ្សព្វផ្សាយពីសក្ដានុពលផលិតផលក្នុងស្រុករបស់ខេត្តកំពង់ឆ្នាំង ទៅកាន់ទីផ្សារទាំងក្នុង និងក្រៅប្រទេសឱ្យកាន់តែទូលំទូលាយ។

លោកបានបន្ថែមថា ពិព័រណ៍នេះមិនត្រឹមតែបង្កើតឱកាសទីផ្សារសម្រាប់សិប្បកម្ម ផលិតផលកសិកម្ម និងផលិតផលប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងជំរុញសេដ្ឋកិច្ចសហគមន៍ ជួយបង្កើនការងារ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ លោក ផល សុជាតិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធដែលបានរួមសហការរៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ។ លោកអគ្គលេខាធិការក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់ស្នាដៃកូនខ្មែរ និងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។

លោកបានសង្កត់ធ្ងន់ថា ចលនាភូមិមួយផលិតផលមួយ គឺជាយន្តការដ៏រស់រវើកមួយសម្រាប់ជំរុញ និងបង្កើនជីវភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យងើបផុតពីភាពក្រីក្រ ព្រមទាំងជួយឱ្យពួកគាត់ចេះពង្រឹង សមត្ថភាពក្នុងការផលិតនូវអ្វីដែលពួកគាត់អាចផលិតបានដោយខ្លួនឯង។

ពិព័រណ៍ «ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ» ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំងនេះ បានដាក់តាំងបង្ហាញនូវផលិតផលសក្ដានុពលជាច្រើនប្រភេទ រួមមាន ក្រមា បន្លែសុវត្ថិភាព ផលិតផលកែច្នៃ និងម្ហូបអាហារប្រចាំតំបន់ល្បីៗ ដែលឆ្លុះបញ្ចាំងពីភាពវៃឆ្លាត ការច្នៃប្រឌិត និងសមត្ថភាពផលិតរបស់ប្រជាសហគមន៍ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តដទៃទៀតដែលបានមកចូលរួម។ ព្រឹត្តិការណ៍នេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់តម្លៃផលិតផលខ្មែរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕