សាខាប.ស.ស.ខេត្តរតនគិរី បើកសិក្ខាសាលាផ្សព្វផ្សាយរបបសន្តិសុខសង្គម ដល់មន្ត្រីរាជការសាធារណៈ
31-08-2026 14:45
(រតនគិរី)៖ សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ ក្រោមឱវាទរដ្ឋបាលខេត្តរតនគិរី។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយថ្នាក់ដឹកនាំខេត្ត។
ក្នុងឱកាសនោះ លោកឌុច ចាន់តូ អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ប.ស.ស. ដែលបានរៀបចំសិក្ខាសាលានេះឡើង និងបានជំរុញឱ្យសមាជិក សមាជិកាទាំងអស់ ចូលរួមស្តាប់ការធ្វើបទបង្ហាញដោយយកចិត្តទុកដាក់ ដើម្បីទទួលបានការពន្យល់បន្ថែមឱ្យកាន់តែច្បាស់លាស់ និងអាចយកទៅផ្សព្វផ្សាយបន្តបាន។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានគូសបញ្ជាក់ថា ប្រព័ន្ធគាំពារសង្គមបាននិងកំពុងបោះជំហានទៅមុខ ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥។ ប.ស.ស. គឺជាស្ថាប័នប្រតិបត្តិករតែមួយគត់ ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ដើម្បីការពារសមាជិកពីការធ្លាក់ចុះប្រាក់ចំណូលដោយសារបញ្ហាផ្សេងៗ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យមន្ត្រីទទួលបន្ទុកការងារ ប.ស.ស. ប្រចាំមន្ទីរ ស្ថាប័ន និងអង្គភាព ក្រោមឱវាទរដ្ឋបាលខេត្ត បានស្វែងយល់បន្ថែមអំពីនីតិវិធីចុះបញ្ជិកា និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម។ លោកបណ្ឌិតអគ្គនាយករង ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលមិនទាន់បានចុះឈ្មោះឱ្យប្ដី ឬប្រពន្ធ និងកូន សូមរួសរាន់នាំអ្នកក្នុងបន្ទុកមកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមនេះ៕
















