ទឹកជំនន់ស្ទឹងសង្កែ បង្កផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ១,៤៦៧ខ្នង, អាជ្ញាធរចុះអន្តរាគមន៍ និងអំពាវនាវឲ្យពលរដ្ឋតាមមាត់ស្ទឹងបង្កើនការប្រុងប្រយ័ត្ន
31-08-2026 14:42
(បាត់ដំបង)៖ លោក ប៊ី សុភាព អភិបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែ ដែលបានបង្កផលប៉ះពាល់ដល់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំកសិកម្មរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង។ គិតត្រឹមម៉ោង ១១:០០នាទីព្រឹក ទឹកជំនន់នេះបានជះឥទ្ធិពលដល់ឃុំចំនួន ០៤។
របាយការណ៍បានបង្ហាញថា ទឹកជំនន់បានលិចចូលខ្នងផ្ទះប្រជាពលរដ្ឋចំនួន ១,៤៦៧ ខ្នងផ្ទះ ប៉ះពាល់ដំណាំស្រូវសរុបចំនួន ១,១៤១ ហិកតា ដំណាំពោត ០២ ហិកតា និងដំណាំរួមផ្សំ ០១ ហិកតា។ ជាមួយគ្នានេះ ផ្លូវថ្នល់សរុបចំនួន ៤៨ ទីតាំង ស្មើនឹង ២២,៦៣៥ ម៉ែត្រ ក៏ត្រូវបានជន់លិចផងដែរ ដែលក្នុងនោះមានផ្លូវកៅស៊ូ ៣,២២០ ម៉ែត្រ ផ្លូវបេតុង ៦២០ ម៉ែត្រ ផ្លូវក្រាលគ្រួសក្រហម ១៣,៥០០ ម៉ែត្រ និងផ្លូវដី ៥,២៩០ ម៉ែត្រ។ ឃុំដែលរងផលប៉ះពាល់ខ្លាំងជាងគេរួមមាន ឃុំព្រែកនរិន្ទ ឃុំព្រែកហ្លួង ឃុំព្រែកខ្ពប និងឃុំសំរោងក្នុង។
បច្ចុប្បន្ន គិតត្រឹមម៉ោង ១១:០០នាទីព្រឹក ទឹកស្ទឹងសង្កែត្រង់ចំណុចទំនប់សាលាតាអន បានហក់ឡើងដល់កម្ពស់ ១៣.០៥ ម៉ែត្រ ដែលជាកម្ពស់ត្រៀមប្រកាសអាសន្ន។ អាជ្ញាធរស្រុកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយស្ទឹងសង្កែ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសចំពោះកុមារតូចៗ។
លោកអភិបាលស្រុកក៏បានដាក់បទបញ្ជាដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអាសន្ន ឬស្ថានភាពទឹកជំនន់បន្តវិវត្តកាន់តែធ្ងន់ធ្ងរឡើងជាយថាហេតុ៕

























