ផែស្ងួតក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មី តម្លៃ ៣០០លានដុល្លារ បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅខេត្តកំពង់ស្ពឺ
31-08-2026 14:35
(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញ បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេស «ភ្នំពេញ ឡូជីស្ទីក អេន អ៊ិនដាសស្រ្ទៀល ខមផ្លេកស៍» (Cambodia SuperPort) ស្ថិតក្នុងភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ការបើកការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort នាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីភាពប្រសើរឡើងនៃបរិយាកាសវិនិយោគនៅកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិផ្ទៃក្នុងដ៏រឹងមាំ ព្រមទាំងគោលនយោបាយបើកចំហសេដ្ឋកិច្ចទៅកាន់ទីផ្សារពិភពលោក។ កត្តាអំណោយផលទាំងនេះ បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជាតិ និងអន្តរជាតិ ឱ្យមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើន សំដៅបង្កើនភាពប្រទាក់ក្រឡានៃខ្សែច្រវាក់ផលិតកម្ម និងសេវាកម្ម ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ការចំណាកស្រុក និងផ្តល់ជម្រើសការងារកាន់តែប្រសើរជូនប្រជាពលរដ្ឋកម្ពុជា។
គម្រោងតំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort មានទំហំទុនវិនិយោគប្រមាណ ៣០០លានដុល្លារអាមេរិក លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៣២ហិកតា។ នេះមិនត្រឹមតែជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសក្ដានុពលខ្ពស់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការសម្រួលដល់ការចរាចរទំនិញពីមូលដ្ឋានផលិតកម្មក្នុងស្រុក ទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិប្រកបដោយប្រសិទ្ធភាព។
ជាមួយនឹងទីតាំងយុទ្ធសាស្ត្រ គម្រោងនេះនឹងបង្កើតបានជាចំណុចប្រសព្វដ៏សំខាន់ ក្នុងការតភ្ជាប់តំបន់ឧស្សាហកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្មទៅកាន់បណ្តាញដឹកជញ្ជូនពហុមធ្យោបាយ។ បន្ថែមពីនេះ វានឹងបង្កើតនូវប្រព័ន្ធអេកូឡូស៊ីរួមមួយ ដែលបន្ស៊ីគ្នារវាងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងភស្តុភារកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងធុរជនបានកាន់តែទូលំទូលាយ។
នៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort នឹងក្លាយជាគំរូដ៏ជោគជ័យមួយនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល វិស័យឯកជន ក្នុងស្រុក និងដៃគូវិនិយោគអន្តរជាតិ ក្នុងការប្រែក្លាយចក្ខុវិស័យទៅជាសមិទ្ធផលជាក់ស្តែង ដែលនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។
លោក ស្ទឺវិន ផាំងឈីវី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា បានលើកឡើងថា គម្រោងផែស្ងួតនេះជាមជ្ឈមណ្ឌលភស្តុភារ និងឧស្សាហកម្មពហុ មធ្យោបាយដ៏សំខាន់របស់កម្ពុជា ដែលមានផ្ទៃដី ១៣២ហិកតា ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងវិស័យផលិតកម្ម ធ្វើឱ្យលំហូរទំនិញកាន់តែប្រសើរ និងគាំទ្រការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ប្រកបដោ យចីរភាព និងរយៈពេលវែង។ កម្ពុជាកំពុងឈានទៅរកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងតំបន់ តាមរយៈការបើកការដ្ឋានជាផ្លូវការនៃ Cambodia SuperPort® (Phnom Penh Logistics & Industrial Complex – PPLC)។
លោកអគ្គរដ្ឋទូត បានបញ្ជាក់បន្ថែមថា គម្រោងនេះត្រូវបានអភិវឌ្ឍតាមរយៈការបណ្តាក់ទុនរួមគ្នារវាង YCH Group ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់ឈានមុខរបស់សិង្ហបុរី និង Sear Brothers Investments ដែលជាក្រុមហ៊ុនធំមួយរបស់កម្ពុជា។
គម្រោងនេះក៏ជាការរំលឹកដល់ ទំនាក់ទំនងការទូតជាង ៦០ ឆ្នាំរវាងកម្ពុជា និងសិង្ហបុរី ហើយបង្ហាញពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំ និងការប្តេជ្ញារួមគ្នា ក្នុងការពង្រឹងតួនាទីរបស់កម្ពុជានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។
Cambodia SuperPort ត្រូវបានអភិវឌ្ឍជាសួនឧស្សាហកម្ម និងមជ្ឈមណ្ឌលភស្តុភាររួមបញ្ចូលគ្នា ដែលនឹងរួមមាន៖ ដីសម្រាប់សាងសង់រោងចក្រ និងសហគ្រាសឧស្សាហកម្ម រោងចក្រដែលបានសាងសង់រួចជាស្រេច ឃ្លាំងស្តុកទំនិញ សេវាភស្តុភារគយ សមត្ថភាពពាក់ព័ន្ធនឹងការងារគយសមត្ថភាពដឹកជញ្ជូន និងគ្រប់គ្រងទំនិញអ្វីៗទាំងនេះនឹងត្រូវបានរៀបចំក្នុងតំបន់អភិវឌ្ឍន៍តែមួយ ដែលមានការរៀបចំផែនការយ៉ាងច្បាស់លាស់។
គម្រោងនេះមិនត្រឹមតែមានគោលដៅពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងគាំទ្រការប្រមូលផ្តុំ និងការដឹកជញ្ជូនទំនិញពីវិស័យផលិតកម្មដែលមានស្រាប់ និងអនាគត ឱ្យកាន់តែមានប្រសិទ្ធភាព មានការតភ្ជាប់ល្អ និងមានភាពជឿទុកចិត្តបាន។
តាមរយៈការនាំយក ការផលិត ការផ្ទុកទំនិញ ការងារគយ និងការដឹកជញ្ជូនទំនិញ មកនៅជិតគ្នា Cambodia SuperPort មានគោលបំណងកាត់បន្ថយឧបសគ្គក្នុងការដឹកជញ្ជូន ធ្វើឱ្យការតាមដានខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែ ច្បាស់លាស់ និងជួយឱ្យក្រុមហ៊ុនផលិតនៅកម្ពុជាអាចចូលទៅកាន់ទីផ្សារអន្តរជាតិបានកាន់តែមានប្រសិទ្ធភាព៕


















































