FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ លើកបង្ហាញសក្ដានុពលវិនិយោគដ៏សម្បូរបែបដល់អ្នកវិនិយោគអន្តរជាតិ ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ

31-08-2026 14:32

(ឈីងហៃ, ចិន)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមវេទិកាកិច្ចសន្ទនាសហប្រតិបត្តិការ និងអភិវឌ្ឍន៍ឧស្សាហកម្មទន្លេមេគង្គ-ឡានឆាង ដែលប្រារព្ធធ្វើឡើងនៅក្រុងស៊ីនីង ខេត្តឈីងហៃ សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកបានលើកឡើងពីសក្ដានុពលវិនិយោគជាច្រើននៅក្នុងខេត្តតាកែវ ដែលកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងនៅចំពោះមុខមន្ត្រី និងក្រុមអ្នកវិនិយោគមកពីប្រទេសចំនួន៦ នៅតាមដងទន្លេមេគង្គ ជាពិសេសក្រុមអ្នកវិនិយោគរបស់ប្រទេសចិន លោក វ៉ី សំណាង បានគូសបញ្ជាក់ថា ខេត្តតាកែវគឺជាអតីតរាជធានីនគរភ្នំ ដែលសម្បូរទៅដោយប្រាសាទបុរាណ និងទីតាំងប្រវត្តិសាស្ត្រជាច្រើន។

ខេត្តនេះមានផ្ទៃដីធំទូលាយ ប្រជាពលរដ្ឋជាង ១លាននាក់ មានហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស ព្រមទាំងមានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់។

អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ ខេត្តតាកែវគឺជាខេត្តមួយក្នុងចំណោមខេត្តដែលគម្រោងឆ្លងកាត់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រែក្លាយខេត្តនេះទៅជាខេត្តដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់មួយ។ គម្រោងព្រែកជីកនេះ នឹងតភ្ជាប់ពីទន្លេមេគង្គទៅទន្លេបាសាក់ ហើយបន្តទៅកាន់សមុទ្រ ដែលនឹងជួយកាត់បន្ថយពេលវេលា និងចំណាយលើការដឹកជញ្ជូនទំនិញយ៉ាងច្រើន។

លោកអភិបាលខេត្តបានបន្តថា កន្លងមកមានអ្នកវិនិយោគបរទេសជាច្រើន ជាពិសេសអ្នកវិនិយោគទុនចិន បានចូលមកបណ្ដាក់ទុនបង្កើតរោងចក្រកាត់ដេរ រោងចក្រតម្លើងគ្រឿងបង្គំ រោងចក្រវិចខ្ចប់ កែច្នៃចំណីអាហារ និងការបណ្ដាក់ទុនលើវិស័យកសិកម្មដាំដុះជាដើម។

អាជ្ញាធរខេត្តតាកែវ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ និងជួយសម្របសម្រួលគ្រប់បែបយ៉ាងដល់អ្នកវិនិយោគក្នុងការចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា តទៅទៀតផងដែរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕