អភិបាលស្រុកកងមាស ខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពឈរជើងការពារទឹកដីនៅសមរភូមិទិសទី១ ប្រាសាទព្រះវិហារ
31-08-2026 14:25
(ព្រះវិហារ)៖ ដោយទទួលបានការអនុញ្ញាតពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០២៦ លោក ភោគ សាវុធ អភិបាលស្រុកកងមាស បានដឹកនាំប្រតិភូរដ្ឋបាលស្រុក ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនវីរកងទ័ព នៃកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៧ ឈរជើងនៅទិសភ្នំខ្មោច និងកងពលតូចអន្តរាគមន៍លេខ៩ ឈរជើងនៅទិសមុំ៣។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ លោក ភោគ សាវុធ បានថ្លែងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនចំពោះវីរកងទ័ពទាំងអស់ ដែលកំពុងបំពេញ ភារកិច្ចនៅតំបន់ព្រំដែន ដោយបានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពរបស់ប្រទេសជាតិ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពគ្រប់រូប ដែលបានខិតខំបំពេញភារកិច្ចដោយ ភាពក្លាហាន និងការទទួលខុសត្រូវខ្ពស់ ក្នុងការការពារទឹកដីជាតិ។
អភិបាលស្រុកកងមាស បានថ្លែងបន្តថា ការចុះមកសួរសុខទុក្ខ និងនាំយកអំណោយមកជូនវីរកងទ័ពនាពេលនេះ គឺជាការចូលរួមលើកទឹកចិត្ត និងបង្ហាញពីការគាំទ្ររបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងប្រជាពលរដ្ឋ ដែលនៅសមរភូមិក្រោយចំពោះវីរកងទ័ពដែលកំពុងឈរជើងនៅជួរមុខ។ លោកថា «កងទ័ពដែលកំពុងឈរជើងការពារទឹកដី គឺជាកម្លាំងដ៏សំខាន់ក្នុងការថែរក្សាសន្តិភាព និងបូរណភាពទឹកដី»។
ជាមួយគ្នានេះ លោកអភិបាលស្រុកបានផ្តាំផ្ញើដល់វីរកងទ័ពទាំងអស់ សូមបន្តរក្សាស្មារតីសាមគ្គីភាព ឯកភាព និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ច ព្រមទាំងយកចិត្តទុកដាក់ថែរក្សាសុខភាព និងសុវត្ថិភាពក្នុងអំឡុងពេលឈរជើងបំពេញបេសកកម្ម។
ដោយឡែកលោកឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ តំណាងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលស្រុក និងប្រតិភូរដ្ឋបាល ស្រុកកងមាស ពិសេសលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ ព្រមទាំងបាននាំយកអំណោយមកឧបត្ថម្ភដល់កងទ័ព ដែលកំពុងបំពេញភារកិច្ចនៅតំបន់ព្រំដែន។ លោកថា ការចុះមកជួបសំណេះសំណាល និងការគាំទ្រនេះ គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់កងទ័ពដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។
លោកបានបន្តថា ការចុះសួរសុខទុក្ខរបស់ប្រតិភូរដ្ឋបាលស្រុកកងមាស ខេត្តកំពង់ចាម បានបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការគាំទ្ររបស់អាជ្ញាធរមូលដ្ឋានចំពោះកងកម្លាំងប្រដាប់អាវុធ ជាពិសេស បានផ្តល់នូវកម្លាំងចិត្តដល់កងទ័ពឱ្យកាន់តែមានភាពរឹងមាំ និងប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជន៕












