ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ផ្ញើសារលិខិតជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងឱកាសខួបចម្រើនជន្មាយុ
31-08-2026 14:15
(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងភរិយា បានផ្ញើសារលិខិតជូនពរ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសដ៏នក្ខត្តឫក្សប្រកបដោយសេចក្តីសោមនស្សរីករាយ នៃថ្ងៃចម្រើនអាយុវឌ្ឍនមង្គល របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តនៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
យើងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនា ចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងសូមគោរព ជូននូវសព្ទសាធុការពរជ័យបវរមហាប្រសើរ ជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុ យឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័ន ក្រសួងការពារជាតិឱ្យមានឧត្តមភាព។
នាទិវាដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីគោរពដ៏ស្មោះស្ម័គ្រចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន ឯកឧត្តម បានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីមិនខ្លាចនឿយហត់ បំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ នូវសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ ប្រការជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

