អ្នកគ្រប់គ្រងសន្ដិសុខឯកជនក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា ចេញវីដេអូសុំទោសដែលបុគ្គលិកខ្លួនបានប្រពឹត្តលើកុមារលក់ម្ជូរ និងចាត់វិធានការបណ្ដេញចេញពីការងារបុគ្គលដែលប្រព្រឹត្ត (Video inside)
31-08-2026 14:11
(ភ្នំពេញ)៖ តំណាងសន្ដិសុខឯកជនក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ បានចេញមកសុំទោសជាសាធារណៈចំពោះកំហុសឆ្គងបុគ្គលិករបស់ខ្លួនទៅលើកុមារលក់ម្ជូរ និងចាត់វិធានការបណ្ដេញចេញ ពីការងារបុគ្គលដែលប្រព្រឹត្តខុសពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។
តាមរយៈវីដេអូសុំទោសជាសាធារណៈ ប្រធានក្រុមសន្តិសុខឯកជនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា បានទទួលស្គាល់ករណីការដកហូតយកផ្លែឈើស្រស់ (ម្ជូរ)របស់ក្មេងប្រុសម្នាក់ ដែលដើរលក់ដូរចល័តនៅតំបន់អភិវឌ្ឍន៍កោះនរា គឺប្រព្រឹត្តដោយសន្តិសុខឯកជនរបស់ក្រុមហ៊ុនពិតប្រាកដមែន មិនពាក់ព័ន្ធនឹងកម្លាំងសណ្ដាប់ធ្នាប់ របស់រដ្ឋបាលខណ្ឌច្បារអំពៅនោះទេ និងបានធ្វើការសូមទោសជាសាធារណៈអំពីសកម្មភាព ដែលបានកើតមានឡើងខុសពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។
ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា បានអនុវត្តទណ្ឌកម្មដោយបណ្តេញចេញបុគ្គលជាសន្តិសុខឯកជនដែលបានប្រព្រឹត្តិកំហុសឆ្គងពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា បានធានាចេញថ្លៃ និងរ៉ាប់រងសំណងរាល់ការខូចខាតទាំងស្រុងជូន ដល់ក្មេងប្រុសខាងលើ។
ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា បានសន្យាថាថ្ងៃក្រោយពុំឱ្យមានសកម្មភាពបែបនេះកើតឡើង បន្តទៀតទេ និងទទួលខុសត្រូវចំពោះមុខច្បាប់៕




